ជាតិ
តើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ មាន​ប្រវត្តិ​យ៉ាងដូចម្តេច​?
11, Apr 2016 , 12:34 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ការវិល​ទៅ​នៃ​ផែនដី​ចំនួន ៣៦៥​ថ្ងៃ ៦​ម៉ោង ១២​នាទី និង​ជាង ២៩​វិនាទី បាន​វិល​ជុំវិញ​ព្រះអាទិត្យ ម្តង គេ​ហៅថា ១​ឆ្នាំ​។ ក្នុង ១​ឆ្នាំមាន​៣ ឬ ៤ ឬក៏ ៦​រដូវ ស្របទៅតាម​កន្លែង​នីមួយៗ​។ ធម្មជាតិ​ទាំងឡាយ​ដែល​អាស្រ័យ​រដូវ ក៏បាន​បញ្ចេញ​ផលានុផល​របស់ខ្លួន​ឲ្យ​រួចស្រេច​ហើយ​។ ឯ​មនុស្សលោក​ក្រោយពី​ធ្វើការ​ហត់នឿយ​យ៉ាងច្រើន​មក គេ​ឈប់សម្រាក់ គេ​ធ្វើបុណ្យ​រួមគ្នា​ឲ្យ​បាន​សប្បាយ​ម្តង បុណ្យ​នោះគេ​ហៅថា បុណ្យចូលឆ្នាំថ្មី​។ ការកំណត់​ពេល និង​ពិធី​ចូលឆ្នាំថ្មី ប្លែកៗ​គ្នា​ស្របទៅតាម​ជំនឿ​ទំនៀប​ទម្លាប់ និង ប្រពៃណី​របស់​ពួកគេ​។​



​ខ្មែរ​យើង​គ៏​មាន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​របស់​យើង​ដែរ​។ ពី​ដើម ខ្មែរ​យើង​កំណត់ពេល​ធ្វើបុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​ខែ​មិគសិរ បានជា​រាប់​ខែ​មិគសិរ​នេះ ជា​ខែ​ទី​១​។ លុះ​មកដល់​សម័យ​មហានគ​រ ខ្មែរ​យើង​កែប្រែ​មក​ធ្វើបុណ្យ​ចូលឆ្នាំថ្មី​នៅ​ខែចេត្រ (១៣​មេសា​) វិញ ព្រោះ​ខែ​មិគសិរ​នៅមាន​កិច្ចការ​មមាញឹក​ច្រើនពេក​។​
  
​បុណ្យចូលឆ្នាំថ្មី​របស់​ខ្មែរ​យើង មិន​បញ្ចប់​ត្រឹម​ការឈប់​សម្រាក និង​ការសប្បាយ​ប៉ុណ្ណោះ​ទេ​។ គេ​ត្រូវតែ​ធ្វើ​កិច្ច​តម​ស្នង​សងគុណ និង​សន្សំ​បុណ្យ​កុសល​ផ្សេងៗ​ផងដែរ​។ ទិសដៅ​របស់​បុណ្យចូលឆ្នាំ​ថ្មី គឺ​ដើម្បី​មនុស្ស​រស់​ច្រើនជាង​មនុស្ស​ស្លាប់​។​
 
​កិច្ច​ការដែល​ត្រូវធ្វើ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី ៣​យ៉ាង​គឺ​៖
​ទី​១ សម្អាតផ្ទះ​សម្បែង វត្ត​អារាម និង​កាត់​សម្លៀកបំពាក់​ថ្មី (​ពី​ដើម មិន​សម្បូណ៌​សម្លៀក​ពំ​ពាក់​ទេ​)​។​
​ទី​២ រៀបចំ​ទេយ្យវត្ថុ សម្រាប់​ជូន​លោកអ្នក​មានគុណ និង​វត្ថុ​ផ្សេងៗ សម្រាប់​សប្បាយ​ក្នុងពេល ចូលឆ្នាំថ្មី​។​
​ទី​៣ រៀបចំ​ទេយ្យវត្ថុ សម្រាប់ធ្វើ​បុណ្យ​កុសល​ក្នុង​វត្ត​អារាម​។​
 
​បុណ្យចូលឆ្នាំថ្មី គេ​កំណត់​ធ្វើ ៣​ថ្ងៃ គឺ​៖
​ទី​១ ថ្ងៃ​ចូលឆ្នាំថ្មី ហៅថា ថ្ងៃ​សង្ក្រាន្ត គេ​នាំគ្នា​ទៅ​វត្ត​របាប់​បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា​...​។​
​ទី​២ ថ្ងៃ​កណ្តាល ហៅថា ថ្ងៃ​វារ​វ័ន​ប័ត គេ​ជូន​ទេយ្យវត្ថុ​លោកអ្នក​មានគុណ ចែកទាន​ដល់​អ្នក​ទ័លក្រ និង​នាំគ្នា​ទៅ​វត្ត​ដូច​ថ្ងៃមុន​។​
​ទី​៣ ថ្ងៃ​ឆ្លងបុណ្យ ហៅ​ថ្ងៃឡើងសក្តិ គេ​នាំគ្នា​ទៅ​ឆ្លងបុណ្យ នៅ​វត្ត​រាប់បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា ស្រង់​ព្រះ ស្រង់​ភិក្ខុសង្ឃ​...​។​
​ដោយ​វត្ត​អារាម ជាម​ជ្ឃ​មណ្ឌល​នៃ​វប្បធម៌​ខ្មែរ ពិធីបុណ្យ​ទាំងឡាយ គេ​ច្រើនតែ​នាំគ្នា​ទៅធ្វើ​ក្នុង​ទីវ​ត្ត​អារាម សូម្បីតែ​ល្បែង​ប្រជាប្រិយ​ផ្សេងៗ ដូច​លេង​អង្គញ់ ចោល​ឈូង​ជាដើម ក៏​គេ​អាច​ទៅលេង​ក្នុង​ទីវ​ត្ត​បានដែរ​។ ឯ​វត្ត​ក៏ត្រូវ​តែ​ជួយ​សម្រួល​កិច្ចការ​នោះ​ឲ្យ​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អប្រសើរ​ផង​៕ 
​ប្រភព​៖ សៀវភៅ​ពុទ្ធសាសនា និង​ការអប់រំ​សង្គម​

Tag:
 ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com