ជាតិ
សុវត្តិភាព ចរាចរណ៍
ប្រាក់​ពិន័យ​ចរាចរណ៍​៖​សម្ដេច ស ខេង បញ្ជា​ឲ្យ​បែងចែក​ទៅ​អង្គភាព និង​ឧបត្ថម្ភ​មន្ត្រី​
05, May 2016 , 4:43 pm        
រូបភាព
ដោយ:
ប្រាក់ចំណូល​បាន​ពី​ការពិន័យ​ចំពោះ​អំពើ​ល្មើ​ល​ច្បាប់​ចរាចរណ៍ ត្រូវ​ផ្ទេរ​ចូល​ថវិកាជាតិ​តែ​ចំនួន ៤​ភាគរយ​ប៉ុណ្ណោះ នៅសល់​ពីនេះ នឹងត្រូវ​បែងចែក​សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព​ចរាចរណ៍​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ព្រមទាំង​យកទៅ​ឧបត្ថម​មន្ត្រី​ចរាចរណ៍ ដែល​ខិតខំ​បំពេញភារកិច្ច​។ បើតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​០៣ ឧសភា​។​


លិខិត​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង បាន​បញ្ជាក់ថា អធិការនគរបាល​ដ្ឋា​ន ខណ្ឌ ក្រុង ស្រុក ត្រូវ​រក្សាទុក​ចំណូល​ប្រចាំថ្ងៃ​១០០​ភាគរយ ក្នុង​គណនី​អង្គភាព ហើយ​ត្រូវ​បង្វែរ​ប្រាក់ចំណូល​ប្រចាំខែ​ចូល​គណនី​ស្នងការដ្ឋាន​នគរបាល​ជាតិ រួមទាំង​របាយការណ៍​ពាក់ព័ន្ធ​ផងដែរ​។​

សេចក្ដីណែនាំ​ដដែល​បន្តថា ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ត្រូវ​បូកសរុប​ចំណូល​ប្រចាំខែ​១០០​ភាគរយ ហើយ​ត្រូវ​បែងចែក​បង្វែរ​ប្រាក់ចំណូល​ចំនួន​១៦​ភាគរយ ចូល​គណនី​របស់​នាយ​ក​ដ្ឋា​ន​នគរបាល​ចរាច​រណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ  ខណៈ​ប្រាក់​ពិន័យ​ចំនួន ៩ ភាគរយ​ផ្សេងទៀត ត្រូវ​រំលែក​ទៅ​ការិយាល័យ​ចរ​ចរណ៍​ផ្លូវគោក​រា​ធានី​-​ខេត្ត ដើម្បី​ប្រើប្រាស់​ក្នុង​អង្គភាព និង​ឧបត្ថម​មន្ត្រី​។

ជាមួយគ្នានេះ​ប្រាក់ចំណូល​បានមកពី​ពិន័យ​ចំនួន​៧៥​ភាគរយ ត្រូវ​បង្វែរ​ចូល​គណនី​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​បែងចែក​ដោយ​ប្រាក់​ពិន័យ​ចំនួន ៥ ភាគរយ​ត្រូវ​ផ្ទេរ​ទៅ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោគ​ស្រុក​-​ខណ្ឌ ដើម្បី​ពង្រឹង​ការងារ​អង្គភាព និង​ឧបត្ថម​ដល់​មន្ត្រី ហើយ​ប្រាក់​ពិន័យ​ចំនួន ៧០ ភាគរយ​ទៀត ទៅ​ឲ្យ​មន្ត្រី​ចរាចរណ៍​ផ្លូវគោក​ថ្នាក់ស្រុក​-​ខណ្ឌ និង​មន្ត្រី​ផ្សេងទៀត​ដែល​ចូលរួម​បំពេញភារកិច្ច​នៅនឹងកន្លែង​។​

ក្រៅពីនេះ​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​និង​សណ្ដាប់ធ្នាប់​សាធារណៈ ត្រូវ​បូកសរុប​ប្រាក់ចំណូល​១៦​ភាគរយ ប្រាក់​ចំណ​ល​បានមក​ពិន័យ​ចំនួន ១០ ភាគរយ​ត្រូវ​បែងចែក​ទៅ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់ និងបង្វែរប្រាក់ចំណូលចំនួន ៦ ចូលគណនីរបស់រដ្ឋទេយ្យករចំណូលអមក្រសួងមហាផ្ទៃ ដោយក្នុងនោះ៤ភាគរយ​ត្រូវ​បង់​ចូល​ថវិកាជាតិ​ និង ១ ភាគរយ​ទៀត ត្រូវ​ជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហើយ១ភាគរយទៀត ត្រូវជូនអគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​៕


Tag:
 ចរាចរណ៍​
  ប្រាក់​ពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com