អន្តរជាតិ
ឥទ្ធិពល​អឺរ៉ុប​ធ្លាក់ចុះ ដោយសារ​បញ្ហា​មិនចេះ​អស់​
06, May 2016 , 9:19 pm        
រូបភាព
​សហភាព​អឺរ៉ុប​ដែល​ធ្លាប់តែ​ខ្លាំង​និង​មាន​ឥទ្ធិពល ត្រូវបាន​មើលឃើញថា កំពុងតែ​រួមរឹត​ដោយ​វិបត្តិ​ជាច្រើន ដែល​រួមទាំង​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក គម្រោង​ចាកចេញ​របស់​អង់គ្លេស និង​វិបត្តិ​ជនភៀសខ្លួន​ដែល​ហូរ​ចូល​ឥត​ឈប់​ពី​តំបន់​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​។ បញ្ហា​ទាំងនេះ ធ្វើ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​វិលមុខ​យ៉ាងខ្លាំង ព្រោះ​បើ​មិនមាន​ការដោះស្រាយ​ទាន់ពេល​ទេនោះ តំបន់​អឺរ៉ុប​តែមួយ​នឹង​ប៉ះពាល់​មិន​ខាន​។​





​ចាប់តាំងពី​បង្កើត​ក្នុង​ឆ្នាំ​១៩៥៧ សហភាព​អឺរ៉ុប​ជា​អង្គការ​តំបន់​ដែលមាន​ទម្ងន់​លើ​ឆាក​អន្តរជាតិ មាន​តួនាទី​សំខាន់​លើ​វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង​ការដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។ ប៉ុន្តែ បច្ចុប្បន្ននេះ អឺរ៉ុប​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ឥទ្ធិពល​អង្គការ​មួយ​នេះ​ធ្លាក់ចុះ និង​ឈានដល់​ការបែកបាក់​ទៀតផង ខណៈដែល​រដ្ឋ​ជា​សមាជិក​ខ្លះ​មាន​គិតតែ​ផលប្រយោជន៍​របស់ខ្លួន ជាជាង​ផលប្រយោជន៍​រួម​របស់​អឺរ៉ុប​។​

​ជាមួយនឹង​បញ្ហា​ដែល​កើតឡើង នៅ​ថ្ងៃទី​៥ ខែឧសភា ប្រមុខ​ស្ថាប័ន​កំពូល​ទាំងបី​របស់​អឺរ៉ុប បានមក​ជួបគ្នា​ដើម្បី​ពិភាក្សា​បញ្ហា​សោះកក្រោះ​រវាង​រដ្ឋ​ជា​សមាជិក​។ យ៉ាងណាក្ដី ប្រធាន​ស្ថាប័ន​ទាំងបី រួមមាន​សភា​អឺរ៉ុប គណៈកម្មាការ​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប បង្ហាញថា តំបន់​អឺរ៉ុប​ទាំង​២៨​ប្រទេស គឺ​ខ្វះ​ភាពជា​អ្នកដឹកនាំ ហើយ​កំពុង​ក្លាយជា​អង្គការ​ដែល​មិនសូវ​សំខាន់ ដោយសារ​សមាជិក​មិន​គិត​ផលប្រយោជន៍​រួម​។

​ក្នុងជំនួប​នៅ​ទីក្រុង​រ៉ូម ប្រធានសភា​អឺរ៉ុប​លោក Martin Schulz បង្ហាញ​ការសោកស្ដាយ​ចំពោះ​មេដឹកនាំ​រដ្ឋ​ជា​សមាជិក ដែល​កំពុងតែ​រក​វិធី​ដោះស្រាយ​វិបត្តិ​ដែលមាន​មិន​ឈប់​។ លោក​និយាយថា ក្នុង​ក្រុមប្រឹក្សា​អឺរ៉ុប​មិនសូវមាន​រដ្ឋបុរស ដែល​ចេញមុខ​ដោះស្រាយ​បញ្ហា​នោះទេ តែ​សម្បូរ​ដោយ​អ្នក​ដែល​គិតតែ​ប្រយោជន៍​។ មិនមែន​មានតែ​លោក Schulz ទេ​ដែល​ព្រួយ​ពី​អនាគត​របស់​អឺរ៉ុប​។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk ក៏​បញ្ជាក់ដែរថា គំនិត​នៃ​រដ្ឋ​អឺរ៉ុប​តែមួយ ទស្សនវិស័យ​តែមួយ គ្រាន់តែ​ជាការ​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ​។

​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Tusk ត្រូវ​ទទួលខុសត្រូវ​ទាញ​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ទាំងអស់ មាន​សំឡេង​តែមួយ និង​ស្និទ្ធ​នឹង​គ្នា​។ ប៉ុន្តែ​បញ្ហា​នេះ គឺ​កាន់តែ​លំបាក នៅ​ចំ​ពេលដែល​អឺរ៉ុប​កំពុងតែ​រង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​លំហូរ​ជនភៀសខ្លួន​ពី​ស៊ី​រី អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​។​

១. សហភាព​អឺរ៉ុប​ប្រេះឆា ដោយសារ​វិបត្តិ​ជនភៀសខ្លួន 
​លំហូរ​ជនភៀសខ្លួន​ពី​តំបន់​មជ្ឈិមបូព៌ា​ចូល​តំបន់​អឺរ៉ុប ជា​បញ្ហា​ក្ដៅ​បំផុត​ដែល​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ បើទោះជា​អឺរ៉ុប​កំពុង​ចរចា​ជាមួយ​តួ​ក​គី​រឿង​បញ្ជូន​ជនភៀសខ្លួន​ត្រលប់​ទៅវិញ​ក៏ដោយ​។ ជាមួយគ្នានេះ សមាជិក​អឺរ៉ុប​មួយចំនួនទៀត មិន​ព្រម​ទទួល​ជនភៀសខ្លួន ដែល​អឺរ៉ុប​បែងចែក​កូតា​ក្នុងចំណោម​សមាជិក​នោះទេ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuter ក្នុងជំនួប​ថ្ងៃទី​៥ ខែឧសភា ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker រិះគន់​ដល់​រដ្ឋ​ជា​សមាជិក​ខ្លះ​ដែល​មិន​គោរព​ការសម្រេច​របស់​ស្ថាប័ន​កំពូល​អឺរ៉ុប ដោយ​លោក​ចែក​សមាជិក​អឺរ៉ុប​ជា​ពីរ​ប្រភេទ គឺ​សមាជិក​ដែល​ចូលរួម​ដោះស្រាយ​បញ្ហា និង​ប្រទេស​ដែល​ចាំតែ​ទទួលផល​។ លោក​បន្ថែមថា ប្រទេស​ចាំ​ទទួលផល គឺ​ប្រទេស​ដែល​ទទួល​ជំនួយ​ច្រើនជាងគេ​ពី​អឺរ៉ុប ដែល​នោះ​លោក​ចង់​សំដៅ​ដល់​សមាជិក​ថ្មី​មកពី​អឺរ៉ុប​ខាងកើត​។​

​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Tusk និយាយ​ដែរ​ថា សមាជិក​ថ្មី​ទាំងនោះ តែង​ប្រឆាំងនឹង​ការស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​ជនភៀសខ្លួន សម្រាប់​ប្រទេស​ទាំងនោះ​។ ក្រិ​ក និង​អ៊ីតាលី ជា​ច្រកចូល​សំខាន់​របស់​ជន​ភៀស​ខ្លូន ក្នុង​ដំណើរ​មក​អឺរ៉ុប ប៉ុន្តែ​ជាមួយនឹង​ចំនួន​សន្ធឹកសន្ធាប់​នៃ​ជនភៀសខ្លួន ប្រទេស​ទាំងពីរ​បានស្នើ​ឲ្យ​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត ជួយ​រំលែក​បន្ទុក​ដ៏​ធ្ងន់​នេះ​។​

​យ៉ាងណាមិញ រដ្ឋ​ជា​សមាជិក​ខ្លះ​ដូចជា ហុង​គ្រី ប៉ូឡូញ ឆែក និង​ស្លូ​វ៉ា​គី បដិសេធ​ផែនការ​របស់​គណៈកម្មាកា​រ​អឺរ៉ុប ដែល​ចង់​ប្រើ​ប្រព័ន្ធ​កូតា​ក្នុង​ការទទួល​ជនភៀសខ្លួន​។ លើសពី​ទៅទៀត​នេះ ប្រទេស​ទាំងនេះ​ក៏​ចោទប្រកាន់​អឺរ៉ុប​ថា ព្យាយាម​គំរាម​ខ្លួន​។ មិនតែប៉ុណ្ណោះ រដ្ឋ​សមាជិក​ខ្លះទៀត ថែមទាំង​ចាត់វិធានការ​ដោយ​ឯកតោភាគី ដោយបាន​បិទ​ព្រំដែន និង​សាងសង់​របង​តាម​ព្រំដែន ក្នុង​គោលដៅ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​។

២. អឺរ៉ុប​នឹង​ធ្លាក់ចុះ​ឥទ្ធិពល ដោយសារ​ការចាកចេញ​របស់​អង់គ្លេស​
​បន្ថែម​ពីលើ​វិបត្តិ​ជនភៀសខ្លួន អឺរ៉ុប​ត្រូវ​ដោះស្រាយ​បញ្ហា​ធំ​មួយទៀត​គឺ​រារាំង​ការចាកចេញ​របស់​អង់គ្លេស​។ ប្រសិនបើ​អង់គ្លេស​ពិតជា​ចាកចេញ​មែន​នោះ វា​ច្បាស់​ណាស់​ថា ទឹកមាត់​អឺរ៉ុប ទំនងជា​លែង​ប្រៃ​ទៀតហើយ​។ អង់គ្លេស​ជា​រដ្ឋ​សមាជិក​ដែលមាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ពីរ​របស់​អឺរ៉ុប និង​តែងមាន​តួនាទី​នាំមុខ​លើ​ការងារ​របស់​សហភាព​អឺរ៉ុប ក៏ដូចជា​នៅក្នុង​សម្ព័ន្ធ​យោធា​ណា​តូ​។​

​សូមបញ្ជាក់ថា ពលរដ្ឋ​អង់គ្លេស​នឹង​សម្រេច​លើ​ការចាកចេញ​ពី​តំបន់​អឺរ៉ុប ក្នុង​ប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា ខាងមុខ​។ នៅមុន​មកដល់​ថ្ងៃ​ធ្វើ​ប្រជាមតិ នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន (David Cameron) កំពុង​ដុតដៃដុតជើង​ក្នុង​យុទ្ធនាការ​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​អង់គ្លេស ជ្រើសរើស​បន្ត​ស្ថិតក្នុង​តំបន់​អឺរ៉ុប ជាជាង​ចាកចេញ​។​
​ទាក់ទិន​នឹង​បញ្ហា​នេះ សូម្បី​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ស្នើ​ឲ្យ​អង់គ្លេស​បន្ត​ជា​សមាជិក​អឺរ៉ុប​ដែរ​។ នេះ​ក៏​ដោយសារតែ ការចាកចេញ​របស់​អង់គ្លេស ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក នឹងធ្វើ​ឲ្យ​អឺរ៉ុប​បាត់បង់​ឥទ្ធិពល ជាពិសេស​ចំពេល​ដែល​រុស្សី កំពុងតែ​ពង្រឹងកម្លាំង​នៅ​ព្រំដែន​ជាមួយ​អឺរ៉ុប​ភាគ​ខាងកើត​។ អាមេរិក​ចង់​ឲ្យ​អឺរ៉ុប​រួបរួមគ្នា ដើម្បី​ទប់ទល់​ការពង្រីក​អំណាច​របស់​អតីត​គូសត្រូវ​សម័យ​សង្គ្រាមត្រជាក់ តាមរយៈ​ការពង្រឹង​សមត្ថភាពរ​បស់​សម្ព័ន្ធ​យោធា​ណា​តូ ដែល​អាមេរិក​បង្កើត​តាំងពី​ឆ្នាំ​១៩៤៩៕


Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com