អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ ចង់ឃើញ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​
06, May 2016 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
វា​ជា​រឿង​មិនគួរ​ឲ្យ​ជឿ ដែល​អនាគត​ប្រធានាធិបតី​អា​មេ​រិ ដូ​ណា​ល់ ត្រាំ ថា​លោក គាំទ្រ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ លោក​ពន្យល់ថា អង់គ្លេស​នឹង​កាន់តែ​ប្រសើរ​ជាង​ពេលនេះ​បើ​ដើរចេញ ។ គំនិត​នេះ​ផ្ទុយ​ទាំងស្រុង​ពី​ការពិត និង​អ្វីដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ធ្វើ​។


«​អង់គ្លេស​នឹង​ខាតបង់ ពេល​ដើរ​ចេញពី​សហភាព​អឺរ៉ុប ហើយ​សហភាព​អឺរ៉ុប​នឹង​ចុះ​ទន់ខ្សោយ ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកគាំទ្រ​បេក្ខភាព​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប ក្នុងនោះ​មាន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ផង​។

តែ​ផ្ទុយស្រឡះ បេក្ខជន​ប្រធានាធិបតី និង​អាចជា​អនាគត​ប្រធានាធិបតី​អាមេរិក​ផង លោក ដូ​ណា​ល់ ត្រាំ នោះបាន​លើកឡើងថា «​អង់គ្លេស​នឹង​ប្រសើរឡើង កាលណា​បើ​ចាក​ចេញពី​សហភាព​អឺរ៉ុប​»​។  ជាការ​ពិត​លោក ក៏បាន​បញ្ជាក់​ហើយ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News ម្សិលមិញ​ទី ៥ ឧសភា បែបនេះ តែ​លោក​ព្យាយាម​ពន្យល់ថា លោក​មិនមែន​កំពុង​ជំរុញ​ឲ្យ​ប្រជាជន​អង់គ្លេស​បោះឆ្នោត​គាំទ្រ​ចាកចេញ​ទី​។ ព្រោះ​អ្វី​គ្រប់យ៉ាង​ស្ថិតក្រោម​ការសម្រេចចិត្ត​របស់​ប្រជាជន​។ 

លោក​ថា​៖ «​ខ្ញុំ​យល់ថា បញ្ហា​ជនអន្តោប្រវេសន៍​ក្លាយជា​រឿង​អាក្រក់​បំផុត​នៅ​អឺរ៉ុប​។ ខ្ញុំ​អាច​និយាយថា  ប្រជាជន​អង់គ្លេស​នឹង​ប្រសើរឡើង ដោយ​គ្មាន​បន្ទុក​រឿង​ជនអន្តោប្រវេសន៍​ទាំងនោះ​។ តែ​ខ្ញុំ​មិនបាន​យក​ការលើកឡើង​របស់ខ្ញុំ​ពេលនេះ​ជា​អនុសាសន៍​សម្រាប់​ប្រជាជន​អង់គ្លេស​ឡើយ​។ តែ​ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​សម្រេចចិត្ត​ដោយ​ខ្លួនឯង​»​។​

​ថ្វីបើ​លោក​ព្យាយាម​ពន្យល់​បែបនេះ​ក្តី ការលើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ កន្លងមក​បង្ហាញ​ច្បាស់​ថា លោក​ចង់ឃើញ​ការដើរ​ចេញពី​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ និន្នាការ​របស់លោក វា​ផ្ទុយស្រឡះ​ពី​គោលនយោបាយ​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន ហើយ​វា​នឹងធ្វើ​ឲ្យ​បញ្ហា​កើតឡើង​ច្រើន​ដែរ​។​

អ្នកវិភាគ​ជាច្រើន​នាក់​បាន​ព្រមាន​ជាស្រេច​ពី​ការ​ដើរចេញ​របស់​អង់គ្លេស​ជា​ហូរហែរ ព្រោះ​ការបោះឆ្នោត​ប្រជាមតិ​ក្នុងចំណោម​ប្រជាជន​អង់គ្លេស​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ ២៣ មិថុនា​ខាងមុខនេះ​ផង​។ ការដើរ​ចេញ​របស់​អង់គ្លេស ក្រៅពី​ខាតបង់​ប្រយោជន៍​ខ្លួនឯង សហភាព​អឺរ៉ុប​ក៏​នឹង​កាន់តែ​បែកខ្ញែក​គ្នា និង​កាន់តែ​ទន់ខ្សោយ​ដូចគ្នា​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  សហភាព​អឺរ៉ុប​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com