ជាតិ
សេដ្ឋកិច្ច
កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​
26, May 2016 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥​កំពុងដំណើរការ​ក្នុង​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧​ឧសភា​នេះ​។ កិច្ចប្រជុំ​ដែល​ត្រូវបាន​ចំ​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra បានចាប់ផ្តើម​ជាមួយនឹង​វត្តមាន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា អូន ព័ន្ធមុនីរ័ត្ន​។​



​តំណាង​ស្ថាប័នគយ​នៃ​ប្រទេស​អាស៊ាន​បានមក​ជួបជុំគ្នា​រយៈពេល​៣​ថ្ងៃ​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ ដែល​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ក្រៅពី​តំណាង​ស្ថាប័នគយ​នៃ​ប្រទេស​សមាជិក​អាស៊ាន ក៏មាន​វត្តមាន​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អាមេរិក​, ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុប​, បញ្ញើរ​រហ័ស​អាស៊ី​-​ប៉ាស៊ីហ្វិក និង​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​គោលបំណង​ចំបង នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គយ​និង​ការងារ​សមាហរណកម្ម​គយ​អាស៊ាន​របស់​ក្រុមការងារ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​នីតិវិធី​គយ​, ក្រុមការងារ​អនុវត្ត​ច្បាប់​គយ​និង​អនុលោមភាព និង​ក្រុមការងារ​កសាង​សមត្ថភាព​ចំណេះដឹង​គយ​។

​នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​អន្តរជាតិ​នេះ រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ចកម្ពុជា​លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើង​ពី​ជោគជ័យ​របស់​ប្រទេស​អាស៊ាន ក្នុងការ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​និង​ការលើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក​។ លោក​រដ្ឋមន្ត្រី​ដដែល​ក៏បាន​គូសបញ្ជាក់ថា ចាប់ពី​ការបង្កើត​សមាគម​អាស៊ាន​នៅ​ឆ្នាំ ១៩៦៧  រហូតដល់​ការបង្កើត​ជា សហគម​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ​២០១៥ ប្រទេស​អាស៊ាន​បាន​ប្រែ​ក្លាយខ្លួនជា​តំបន់​សេដ្ឋកិច្ច ដែលមាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក  (GDP) ពី ១៣០០ ប៊ី​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ ២០០៧ ទៅដល់ ២៦០០ ប៊ី​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ ២០១៤ ដែល​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៧ ក្នុង​សកលលោក​។

«​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ភាពជោគជ័យ​របស់​អាស៊ាន​នេះ ។ ជាក់ស្តែង​បើ​យោងតាម​ការព្យាករណ៍​នាពេល​ថ្មី​នេះ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំឆ្នាំ ២០១៦  ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​រយៈពេល ៥ ឆ្នាំ​ជា​បន្តបន្ទាប់ ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​របស់​អាស៊ី​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​អូន ព័ន្ធមុនីរ័ត្ន​។​

​សូមបញ្ជាក់ថា​កម្ពុជា​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​និង​ជា​ប្រធាន​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​១៥ នៅ​ក្រុង​សៀមរាប ឆ្នាំ​២០០៦៕


Tag:
 គយ​អាស៊ាន
  គយ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com