ជាតិ
សាលាដំបូង​ដាក់ទោស​អ្នកវាយដំ​តំណាងរាស្ត្រឲ្យជាប់ពន្ធនាគារ៤ឆ្នាំ តែឲ្យអនុវត្ត​តែ​១​ឆ្នាំ
27, May 2016 , 9:25 am        
រូបភាព
 ចៅក្រម ហេង សុខណា បាន​ប្រកាស​ដាក់ទោស​ជនជាប់ចោទ​ទាំងបីនាក់​ដែលវាយដំ​លើរាងកាយអ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ឲ្យជាប់ទោសពន្ធនាគារម្នាក់ៗ ៤ឆ្នាំ ប៉ុន្តែ​ពួកគេ​ត្រូវ​អនុវត្ត​ទោស​តែ​មួយឆ្នាំ​ប៉ុណ្ណោះ ដោយ​ព្យួរទោស​៣ឆ្នាំ។ ជនចោទទាំងបី​ត្រូវបាន​កាត់ទោស​ពី​បទ ប្រើហិង្សា​ដោយចេតនា គ្មាន​ស្ថានទំងន់ទោស។



ក្រៅពី​ជាប់ទោសពន្ធនាគារ ចៅក្រម​ក៏បាន​សម្រេចឲ្យ​ពិរុទ្ធទាំងបី​នាក់​បង់ប្រាក់ពិន័យ​ចូលរដ្ឋ​ក្នុងម្នាក់៦លានរៀល និង​ហើយអ្នកទាំងបី​ត្រូវបង់ប្រាក់ជំងឺចិត្ត​រួមគ្នា​ចំនួន​៤០លានរៀលទៅលោក ញ៉យ ចំរើន និង​៤០លានរៀលទៀត​ទៅ​លោក គង់ សភា។

លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែលជាតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ​ ត្រូវបាន​មនុស្ស​មួយក្រុម​វាយដំ បណ្តាល​ឲ្យរងរបួស​ធ្ងន់ នៅក្បែរវិមាន​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៦​ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពីមានបាតុកម្ម​ទាមទារទម្លាក់​ឯកឧត្តម កឹម សុខា។ ក្រោយមក ជនដៃដល់៣នាក់​បានចូលបង្ហាញខ្លួន​ចំពោះមុខសមត្ថកិច្ច​នៅថ្ងៃទី​៣​វិច្ឆិកា ដោយត្រូវសង្ស័យថា​ជាអ្នកវាយដំ​លើអ្នកតំណាងរាស្ត្រ​ទាំងពីរ​រូប៕



© រក្សាសិទ្ធិដោយ thmeythmey.com