ជាតិ
​​​ន​យោ​បាយ​ជាតិ​
រាជអាជ្ញា​រាយការណ៍​ប្រាប់​ប្រធានសភា​ទាក់ទង​នឹង​បទល្មើស​ជាក់ស្តែង​របស់​ឯកឧត្តម កឹម សុខា​
27, May 2016 , 12:12 pm        
រូបភាព
ដោយ: រួបរួម
​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ញើ​របាយការណ៍​បី​ទំព័រ​ជូន​ដល់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទង​នឹង​ការចោទប្រកាន់​លើ​ឯកឧត្តម កឹម សុខា តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​។ ព្រះរាជអាជ្ញា​បាន​អះអាងថា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ក្នុងនាម​ជា​សាក្សី​។​



​របាយការណ៍​ដែល​រៀបចំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង និង​ពិនិត្យ​ដោយ​លោក​ព្រះរាជអាជ្ញា យ៉េត ចរិយា កាលពី​ថ្ងៃទី​២៦ ខែឧសភា បាន​រៀបរាប់ថា ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង តាម​មាត្រា​៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ ដោយបាន​បដិសេធ​ការកោះហៅ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​រហូតដល់​ទៅ​២​លើក​។​

​ជាមួយគ្នានេះ ព្រះរាជអាជ្ញា បានលើកឡើង​ពី​មាត្រា​មួយចំនួន​ប្រាប់​សម្តេច​ប្រធានរដ្ឋសភា ទាក់ទង​នឹង​ចំណាត់ការ​តាម​ចាប់ខ្លួន ឯកឧត្តម កឹម សុខា ដែល​មិនបាន​ចូលខ្លួន​ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង​សញ្ចារកម្ម តាមរយៈ​ការបញ្ជាក់​មូលហេតុ​មិន​សមស្រប​។​

​ជាមួយនឹង​ការសម្រេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបអង្កេត លោក យ៉េត ចរិយា បានស្នើ​ដល់​សម្តេច ហេង សំរិន ចាត់​នីតិវិធី​បន្ត​តាម​ការចាំបាច់​៕


Tag:
 ឯកឧត្តម កឹម សុខា​
  សម្តេច ហេង សំរិន​
  បទល្មើស​ជាក់ស្តែង
© រក្សាសិទ្ធិដោយ thmeythmey.com