ជាតិ
សិស្ស AIS ៥០០​នាក់ ចុះ​កម្មសិក្សា​សិប្បកម្ម ចម្លាក់ សិប្បករ​ខ្មែរ និង​ទស្សនា​ភ្នំ​ព្រះរាជ​ទ្រព្យ​
01, Jun 2016 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ដឹកនាំ​សិស្ស​ថ្នាក់​ទី​១២ យ៉ាងច្រើន​កុះករ​ចំនួន​៥០០​នាក់ ចុះ​កម្មសិក្សា​សិប្បកម្ម​ចម្លាក់​ស្ពាន់ និង​ប្រាក់​របស់​សិប្បករ​ខ្មែរ ស្ថិតនៅ​ភូមិ​ពោធិ​តូច ឃុំ​កំពង់ហ្លួង និង​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ព្រះរាជ​ទ្រព្យ ក្នុង​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។

 
​លោក ជា សម្បត្តិ ប្រធាន​ចាងហ្វាង​សាលា​សាខា​ចាក់អង្រែ បានឱ្យ​អ្នកយកព័ត៌មាន​ដឹង​ពី​គោលបំណង​ការចុះ​កម្មសិក្សា​នេះ​ថា​ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​សិក្សា​ស្វែងយល់​ពី​ភាព​ប៉ិនប្រសប់​ក្នុង​របរ​សិប្បកម្ម​ចម្លាក់​ស្ពាន់ និង​ប្រាក់​របស់​សិប្បករ​ខ្មែរ​យើង ដែល​បាន​ឆ្លាក់​ចេញ​ជា​គ្រឿងអលង្ការ វត្ថុ​អនុស្សាវរីយ ចម្លាក់​រូប​សត្វ​គ្រប់​ប្រភេទ គ្រឿង​លម្អ​ផ្ទះ និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ ដែល​ជំនាញ​នេះ​សិប្បករ​ខ្មែរ​យើង​បាន​ចេះ​តៗ​គ្នា​តាំងពី​ដូនតា​រៀងមក​។ 
 
​ទន្ទឹមនឹងនេះ សិស្សានុសិស្ស​បាន​លំហែ​កម្សាន្ត និង​បាន​ស្វែងយល់​ផ្សារភ្ជាប់​មេរៀន​សិក្សា​ដោយផ្ទាល់​ទៅនឹង​ភ្នំ​ព្រះរាជ​ទ្រព្យ ដែលជា​តំបន់​ប្រវត្តិសាស្ត្រ ជា​អតីត​រាជធានី​ខ្មែរ​នា​សម័យ​ឧដុង្គ ឆ្នាំ​១៦១៨-១៨៦៦ ហើយ​បច្ចុប្បន្ន​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព និង​ជាទី​តម្កល់​នូវ​ចេតិយ​អតីតព្រះមហាក្សត្រ​ខ្មែរ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ ដែល​ប្រជាជន​កម្ពុជា​ប្រហែលជា​៩០​ភាគរយ​បាន​កំពុង​គោរព​ប្រណិប័តន៍​។​
 
​ត្រឡប់​ពី​ចុះ​កម្មសិក្សា​នេះ​វិញ យុវ​សិស្ស កាវ ស៊ុន​លី បានឱ្យដឹងថា ពួកគេ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ភាព​អំណត់​ព្យាយាម​ក្នុងការ​កែខៃ​ឆ្លាក់​លោហធាតុ​ប្រាក់ និង​ស្ពាន់​ដ៏​រឹង​ស្វិត​ដោយ​ដៃ​បាន​យ៉ាង​ល្អ​ម៉ត់ហ្មង​ទាក់ទាញ​ខ្សែ​ចក្ខុ​អ្នកសិក្សា ហើយ​ពួកគេ​បានរួម​ចំណែក​ទិញ​នូវ​ចម្លាក់​អនុស្សាវរីយ និង​គ្រឿង​លម្អ​ពី​សិប្បករ​ដើម្បី​ចូលរួម​លើកកម្ពស់​ស្នាដៃ​កេរដំណែល​ដូនតា​ភូមិ​កំពង់ហ្លួង​ដ៏​ល្បីល្បាញ​រៀងមក ហើយ​សិស្សានុសិស្ស​កាន់តែ​មាន​ភា​ព​ស្រស់ស្រាយ​សប្បាយចិត្ត​ដោយបាន​កម្សាន្ត និង​សិក្សា​ស្វែងយល់​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ភ្នំ​ព្រះរាជ​ទ្រព្យ ដែល​បង្កប់​នូវ​វប្បធម៌​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ និង​អ្នក​មក​ទស្សនា​កម្សាន្ត​នៅ​កន្លែង​ព្រៃភ្នំ​បរពត​ដ៏​ស្រស់ថ្លា​គួរ​ជាទី​មនោ​រម្យ​មួយ​នេះ​៕
 
(​អត្ថបទ​សាលា​)
 
 

Tag:
 aii
© រក្សាសិទ្ធិដោយ thmeythmey.com