បទវិភាគ
សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈ​សង្គម​កាន់តែ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​
25, Jun 2016 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ វណ្ណៈ​សង្គម​នៅក្នុង​សង្គម​ខ្មែរ​ត្រូវបាន​គេ​ឃើញ​យ៉ាងខ្លាំង​នៅក្នុង​ទសវត្សរ៍​៦០ ។ តែ​វណ្ណៈ​សង្គម​ត្រូវបាន​លុប​បំផុត​ស្ទើរតែ​ទាំងស្រុង​ដោយ​របប​ប៉ុលពត​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ។ ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០១៦​នេះ វណ្ណៈ​សង្គម​ត្រូវបាន​បង្ហាញ​ឡើងវិញ​។

 
​ពាក្យ​ថា​«​វណ្ណៈ​សង្គម​»​ត្រូវតែ​កើតឡើង​ជៀស​មិន​ផុត​នៅក្នុង​ប្រទេស​ណា ឬ​សង្គម​ណាក៏ដោយ​។ នៅក្នុង​គ្រប់​ប្រទេស វណ្ណៈ​៣​ប្រភេទ​ត្រូវតែ​កើតមានឡើង បើទោះបីជា​ប្រទេស​នីមួយៗ​ព្យាយាម​កាត់បន្ថយ​វណ្ណៈ​ថ្នាក់ក្រោម​យ៉ាងណាក៏ដោយ​។ 
 
​វណ្ណៈ​មាន​បី​ប្រភេទ ក្នុងនោះ​មាន​៖ វណ្ណៈ​ថ្នាក់ក្រោម​(​អ្នកក្រ​) វណ្ណៈ​កណ្តាល​(​អ្នកមធ្យម​) និង​វណ្ណៈ​ថ្នាក់លើ​(​អ្នកមាន​)​។ ងាក​មក​មើល​តថៈ​ភាពជាក់ស្តែង​នៅក្នុង​សង្គម​កម្ពុជា​វិញ កាលពី​ទសវត្សរ៍​៦០ វណ្ណៈ​ថ្នាក់លើ​មួយ​ក្តាប់​តូច និង​វណ្ណៈ​ថ្នាក់ក្រោម​ចំនួន​ច្រើន​លើសលប់​នោះ ត្រូវបាន​គេ​មើលឃើញ​ជាក់​នឹង​ភ្នែក​។ គ្រប់​វណ្ណៈ​ទាំងអស់​ត្រូវបាន​ក្រុម​ប៉ុលពត​ធ្វើ​ឲ្យ​ស្មើភាព​គ្នា​។ 
 
​ក្រោយ​ឆ្នាំ​១៩៧៩ ពលរដ្ឋ​ខ្មែរ​ដែល​រួច​ផុតពី​ការកាប់សម្លាប់​នៅសល់តែ​បាតដៃ​ទទេ​។ ពួកគេ​ទាំងអស់គ្នា​ចាប់ផ្តើម​ជីវិត​ថ្មី​ដោយ​គ្មានអ្វី​នៅ​នឹង​ដៃ​ឡើយ​។ ក្នុងសម័យ​កាលនោះ គ្រួសារ​នីមួយៗ​រកប្រាក់​ចំណូល​ដើម្បី​តែ​រស់​មួយថ្ងៃ​ដើម្បី​មួយថ្ងៃ​ប៉ុណ្ណោះ​។ ក្រៅពី​កម្មាភិបាល​ប៉ុន្មាន​នាក់​ចេញ ពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ មាន​យានជំនិះ​តែ​កង់​ប៉ុណ្ណោះ មិនសូវមាន​ឡើយ​អ្នកមាន​កង់​ជិះ​។ 
 
​បើទោះបីជា​សេដ្ឋកិច្ចកម្ពុជា​ស្ថិតនៅក្រោម​ទណ្ឌកម្ម​របស់​ប​ស្ចឹ​ម​ប្រទេស​ក៏ដោយ ក៏​នៅក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ជីវភាព​របស់​ពលរ​ដ្ឋ​ខ្មែរ​ម្នាក់ៗ​ចាប់ផ្តើម​ប្រសើរ​ជាង​មុន​។ សេដ្ឋកិច្ច​កាលនោះ ស្ថិតនៅ​ជា​ជា​សេដ្ឋកិច្ច​ផែនការ​មែន​។ តែ​ពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ចេះ​ធ្វើ​ជំនួញ​គ្រាន់បើ​ហើយ​នៅតាម​ទីផ្សារ​នានា​នៃ​ទីក្រុង​ភ្នំពេញ​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ជីវភាព​ប្រជាជន​ខ្មែរ​ទាំងអស់ ទាំង​នៅក្នុង​ក្រុង ខេត្ត និង​ជនបទ ហាក់បីដូច​ជាមាន​សភា​ព​ស្មើគ្នា មិនសូវ​ខុសគ្នា​ប៉ុន្មាន​ឡើយ​។ 
 
​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ សេដ្ឋកិច្ចកម្ពុជា​បាន​បើកចំហរ​ដោយ​ប្រកាន់​សេដ្ឋកិច្ច​ទីផ្សារសេរី ហើយ​រាល់​ទណ្ឌកម្មសេដ្ឋកិច្ច​ត្រូវបាន​លើក​ចេញ​។ ការវិនិយោគ​បរទេស​បាន​ហូរ​ចូលមក​កម្ពុជា​។ អ្នកជំនួញ​ក្នុងស្រុក​ចាប់ផ្តើម​កក្រើក​ឡើង​។ ពួ​គេ​រៀន​ធ្វើ​ជំនួញ​បន្តិច​ម្តងៗ​។ ក្នុងខណៈ​ពេលដែល​សេដ្ឋកិច្ច​ខ្មែរ​ចាប់ផ្តើម​ចំហរ សកម្មភាព​សេដ្ឋកិច្ច​ចាប់ផ្តើម​រស់​រវើក គម្លាត​វណ្ណៈ​ក៏​ចាប់ផ្តើម​កើនឡើង​ដែរ ពីព្រោះថា ក្នុង​កាលៈទេសៈ​ប្រកួតប្រជែង មាន​អ្នកខ្លះ​ទទួលបាន​ចំណូល​ច្រើន រីឯ​អ្នក​ខ្លះទៀត ទទួលបាន​ចំណូល​តិច អាស្រ័យទៅលើ​ចំណេះដឹង ភាព​វ័យឆ្លាត ធនធាន ព្រេងសំណាង​។​ល​។  
 
​ក្នុងអំឡុង​ឆ្នាំ​២០០០ សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ដោយសារ​ការវិនិយោគ​ពី​ក្នុង និង​ក្រៅប្រទេស​។ ពេលនោះ វណ្ណៈ​កាន់តែ​ត្រូវបាន​បង្ហាញ មានន័យថា ក្រោយ​ឆ្នាំ​១៩៧៩ វណ្ណៈ​ដែល​គេ​មើលឃើញ​ទាំងអស់គ្នា គឺ​វណ្ណៈ​ថ្នាក់ក្រោម ព្រោះ គ្រប់គ្នា​ក្រោយ​របប​ប៉ុលពត​សុទ្ធតែ​ក្រីក្រ​។ តែ​នៅ​ដើមឆ្នាំ​២០០០ នៅពេល​វណ្ណៈ​ថ្នាក់ខ្ពស់​លេចចេញ​នោះ វណ្ណៈ​កណ្តាល និង​វណ្ណៈ​ថ្នាក់ក្រោម​កាន់តែ​ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​។ 
 
​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៦​នេះ កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជា​៧%​ក្នុង​មួយឆ្នាំៗ​។ កំណើន​នេះ គឺជា​ការល្អប្រពៃ​សម្រាប់​ប្រទេសជាតិ​។ ប៉ុន្តែ​កំណើន​នេះ ធ្វើ​ឲ្យ​គេ​មើលឃើញ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​កាន់តែ​ធំ​ឡើងៗ ពីព្រោះ​ការបែងចែក​កំណើន​មិនមាន​សមភាព មានន័យថា អ្នកមាន​ទទួលបាន​ផល​ច្រើន​ពី​កំណើន រីឯ អ្នកក្រីក្រ​ទទួលបាន​ផល​តិចតួច​។ នេះ មិនមែនជា​កង្វល់​រប​ស់​កម្ពុជា​ម្នាក់ឯង​ទេ តែ​ជា​កង្វល់​របស់​ព​ភព​លោក​។ កំណើនសេដ្ឋកិច្ច​កាន់តែ​ច្រើន គម្លាត​អ្នកមាន និង​អ្នកក្រ​កាន់តែ​រីកធំឡើងៗ​។ អ្វីដែល​អ្នកសេដ្ឋកិច្ច និង​អ្នកកំណត់​គោលនយោបាយ​ចង់បាន គឺ​ធ្វើយ៉ាងណា​កាត់បន្ថយ​វណ្ណៈ​ថ្នាក់ក្រោម ពង្រីក​វណ្ណៈ​កណ្តាល​ឲ្យ​ធំ និង​បង្កើន​វណ្ណៈ​ថ្នាក់លើ​បន្ថែមទៀត​។ 
 
​វណ្ណៈ​នៅ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​កាន់តែច្បាស់​ទៅទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តាមរយៈ​ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ​, ជា​កម្មករ​យាម​ផ្ទះ​, ជា​តៃកុង​បើកឡាន​, ជា​អង្គរក្ស​, ជា​អ្នក​បោស​ជូត​តាម​ក្រុមហ៊ុន​, ជា​អ្នកយាម​រថយន្ត​ម៉ូតូ​តាម​ហាង​នានា​, ជា​អ្នកបម្រើ​តាម​ហាង​…
 
​តើ​គេ​គួរ​ស្តីបន្ទោស​រដ្ឋាភិបាល​ដែរឬទេ​? 
 
​អ្នកខ្លះ រិះគន់​រដ្ឋាភិបាល​ថា ខ្វះ​សមត្ថភាព​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​។ តែ​អ្នក​ខ្លះទៀត បានផ្តល់​ហេតុផល​ថា វណ្ណៈ​ត្រូវតែមាន ពីព្រោះ នៅក្នុង​សង្គម​នីមួយៗ បុគ្គល​ម្នាក់ៗ​ប្រឹងប្រែង​ខុសគ្នា មាន​ឆន្ទៈ​ខុសៗ​គ្នា មាន​គោលដៅ​ជីវិត​ខុសគ្នា ដូច្នេះ វា​ជៀស​ពុំរួច​ឡើយ​ជីវភាព​ខុសគ្នា​នោះ​៕ 

Tag:
 ​វណ្ណ:សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com