ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​៖ ធ្វើ​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ចៅហ្វាយ​រាស្ត្រ​ទេ​!
20, Jun 2016 , 12:22 pm        
រូបភាព
សម្តេច ហ៊ុន សែន នៅខាងឆ្វេង លោក មាស នី នៅខាងស្តាំ
សម្តេច ហ៊ុន សែន នៅខាងឆ្វេង លោក មាស នី នៅខាងស្តាំ
ដោយ:
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានផ្តល់​អនុសាសន៍​ដ​ល់​មន្ត្រី​ទាំងអស់ ធ្វើខ្លួន​ឲ្យ​ត្រឹមត្រូវ ដើម្បី​បម្រើប្រជាជន​។ ហើយ​សម្តេច ហ៊ុន សែន ក៏​ប្រាប់​មន្ត្រី​របស់ខ្លួន កុំ​ឲ្យ​ទទួល​យកតែ​ត្រូវ តែ​មិន​ទទួលយក​កំហុស​នោះទេ​។ តែ​អ្នកវិភាគ​យល់ថា ប្រសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហាក់​យឺត​ពេល​បន្តិច ហើយ​ពិបាក​នឹង​កែប្រែ​អត្តចរិត​របស់​មន្ត្រី​មួយចំនួន​បច្ចុប្បន្ន​ណាស់​។​


«​ធ្វើ​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ចៅហ្វាយ​រាស្ត្រ​ទេ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រាប់​ទៅ​មន្ត្រី​របស់ខ្លួន ឲ្យ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​។ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស​សាលា​​ភូមិន្ទ​រដ្ឋបាល​នៅថ្ងៃនេះ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា បញ្ហា​តវ៉ា​របស់​ពលរដ្ឋ នឹង​មិនអាច​កើតមាន​ឡើយ ប្រសិនបើ​មន្ត្រី​ធ្វើ​ត្រឹមត្រូវ និង​បម្រើ​ប្រជាពលរដ្ឋ​បានល្អ​នោះ​។ «​ខ្ញុំ​អត់​សុំ​អ្វី​ទេ ខ្ញុំ​សូម​ឲ្យ​មន្ត្រី​ទាំងអស់​ធ្វើការ​ទៅតាម​ច្បាប់​»​។ សម្តេច លើកឡើង​ដូច្នេះ ក៏​ទទូច​ឲ្យ​មន្ត្រី ត្រូវ​ចេះ​ទទួលយក​ខុស​ផង កុំ​ទទួល​យកតែ​ត្រូវ ដោយ​អនុសាសន៍​បន្ថែម​បែបនេះ​ថា​៖«​សូម​ប្រយ័ត្នប្រយែង សម្រាប់​មន្ត្រី​ដែល​ទទួល​យកតែ​ត្រូវ ហើយ​ខុស​ទម្លាក់​ឲ្យ​គេ​។ មន្ត្រី​បែបនេះ មិនចាំបាច់​យកមក​ជិត​ខ្លួន​ទេ ដាក់​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​បន្តិច ហើយ​យកទៅ​ហ្វឹកហ្វឺន​ឡើងវិញ​។ សូម​ចៀស​ឲ្យ​ឆ្ងាយ​លើ​រឿងនេះ ហើយ​សូម​ចៀង​វាង​ឲ្យ​បាន​នូវ​មន្ត្រី​ណា ដែលមាន​បញ្ហា​អ្វី​កើតឡើង ទីមួយ​ប្រទូស​ថ្នាក់ក្រោម ទី​ពី​រាយការណ៍​ឲ្យ​ថ្នាក់លើ​»​។ 
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏​ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​មួយចំនួន ដែល​កំពុងតែ​គ្រប់គ្រង​ក្រសួង ត្រូវបង្កើត​នូវ​ភាព​ទទួលខុសត្រូវ​ឲ្យ​បាន​ច្រើនជាង​មុខ​។ សម្តេច​បន្ថែមថា កន្លងមក​មាន​រដ្ឋមន្ត្រី​មួយចំនួន មានគំនិត​ផ្តួច​ផ្តើមធ្វើ​កិច្ចការ​ណាមួយ​ដែរ តែ​នៅតែ​ប្រគល់​ឲ្យ​សម្តេច​ចុះហត្ថលេខា​ដដែល​។ ការធ្វើ​បែបនេះ សម្តេចនាយក​រដ្ឋមន្ត្រី អះអាងថា នៅពេល​ដែលមាន​បញ្ហា​ទម្លាក់​មកលើ​សម្តេច តែ​រដ្ឋមន្ត្រី​ត្រូវ​រួចខ្លួន​។ ដូច្នេះ ប្រមុខ​រដ្ឋាភិបាល បានប្រកាសថា លើក​ក្រោយ​លោក​នឹង​ប្រគល់​អំណាច​ឲ្យ​រដ្ឋមន្ត្រី​ធ្វើការ​ទាំងស្រុង និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​
 
​លោក មាស នី អ្នកវិភាគ​បញ្ហា​សង្គម យល់ថា ការអំពាវនាវ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ឲ្យ​មន្ត្រី​ធ្វើជា​អ្នកបម្រើ​រាស្ត្រ​ពេលនេះ ហាក់​យឺត​ពេល​បន្តិច ហើយ​អាច​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។ លោក​ថា សម្តេច ហ៊ុន សែន គួរតែ​ក្រើនរម្លឹក​មន្ត្រី​របស់ខ្លួន តាំង​ពីមុន​ឆ្នាំ ២០១៣ មក​ម្លេះ មិនមែន​រង់ចាំ​ដល់​បញ្ហា​របស់​ពលរដ្ឋ​កើតឡើង​ស្ទើរ​ទូទាំងប្រទេស ដែល​កើតចេញពី​មន្ត្រី​មិនល្អ​របស់​រដ្ឋ ទើប​ក្រើនរម្លឹក​ទេ​។ ជាងនេះទៅទៀត លោក មាស នី គូសបញ្ជាក់ថា កន្លងមក​ន្ត្រី​រដ្ឋាភិបាល​ខ្លះ តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ចាត់ទុក​ខ្លួន​ដូចជា​ស្តេច ឬ​ដូចជា​ចៅហ្វាយ​រាស្ត្រ នៅពេលដែល​ពួកគេ​ទៅ​ជួប​ប្រជាជន​ម្តងៗ ហើយ​វា​ជា​អត្តចរិត​ពិបាក​នឹង​កែប្រែ​។ « មន្ត្រី​រដ្ឋ​ខ្លះ មិន​គិតថា ខ្លួន​ស៊ីប្រាក់ខែ​ពី​រាស្ត្រ ហើយ​ត្រូវ​បម្រើ​រាស្ត្រ​នោះទេ តែ​តាំងខ្លួន​ជា​ចៅហ្វាយ​រាស្ត្រ​។ ពេល​មាន​ចូលរួម​កម្មវិធី​ម្តងៗ ហៅ​ពលរដ្ឋ​មកជួប​ជួប មន្ត្រី​អង្គុយ​កៅអី​គណអធិបតី​ហើយ និយាយ​គំរាម​ដាក់ទោស​ពលរដ្ឋ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកវិភាគ​ខាងលើ​។​
 
​លោក មាស នី បន្ថែមថា នៅក្នុង​ប្រទេស​កម្ពុជា ពិបាក​នឹង​កែប្រែ​ចរិត​របស់​មន្ត្រី​ដែល​តាំងខ្លួន​ជា​ចៅហ្វាយ​រាស្ត្រ​ណាស់ ពីព្រោះ​តែ​តាំង​រាស្ត្រ និង​មន្ត្រី ភាគច្រើន​មិនសូវ​យល់​នោះទេ​។ លោក​ថា ជា​ទម្លាប់​មន្ត្រី​តែងតាំង​ខ្លួន​ជា​អ្នកធំ ហើយ​ប្រជាពលរដ្ឋ​តែងតែ​គិតថា មន្ត្រី​ជា​មេ ជា​ចៅហ្វាយ​របស់ខ្លួន​។ លោក ពន្យល់​យ៉ាងនេះ​ថា​៖ «ពលរដ្ឋ​យើង​នៅតែ​យល់ថា បើ​គេ​ធ្វើ​ធំ​ហើយ ឲ្យ​គេ​នៅលើ​យើង ហើយ​ខ្លាច​គេ​ទៅ បើទោះបី​មន្ត្រី​ធ្វើ​ខុស​ក៏​ហ៊ាន​តវ៉ា​ដែរ​។ ដំណោះស្រាយ មានតែ​មន្ត្រី និង​ពលរដ្ឋ​យល់​អំពី​តួនាទី​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ពោលគឺ​មន្ត្រី​ត្រូវ​បម្រើ​រាស្ត្រ ព្រោះ​ស៊ីប្រាក់ខែ​រាស្ត្រ​»៕
 

Tag:
 ហ៊ុន សែន​
  មាស នី​
  មន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com