អន្តរជាតិ
ពេលយប់​ស្រវឹង ចិត្ត​ធូរ​ដក​លុយ​ធីប​១០០០​ដុល្លារ ដល់​ស្អែក​ឡើង​ស្វាង ទៅសុំ​លុយ​វិញ​
21, Jun 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
 ​បើ​ស្រវឹង​សូមកុំ​ឲ្យ​លុយ​ទឹកតែ​។ នេះ​គឺជា​បទពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង​។ ភ្ញៀវ​ស្រវឹងស្រា​ម្នាក់​បាន​ឲ្យ​លុយ​ទឹកតែ​ដល់​ទៅ ១ ០០០ ដុល្លារ ខណៈដែល​ថ្លៃ​អាហារ​អស់​ត្រឹមតែ ៦០ ដុល្លារ​ប៉ុណ្ណោះ​នៅក្នុង​ភោជនីយដ្ឋាន​ថៃ​មួយ​នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក ប៉ុន្តែ​ស្អែក​ឡើង ភ្ញៀវ​រូបនេះ​ក៏​ត្រឡប់មក​យកប្រាក់​វិញ ដូច​ពាក្យ​ខ្មែរ​ថា ស្វាង​តឹង ស្រវឹង​ធូរ​។

 
​អ្នកបម្រើ​ដែល​បាន​យក​អាហារ​ជូន​ភ្ញៀវ​ស្រវឹង ត្រេកអរ​ជា​យ៉ាងខ្លាំង​ដែល​បានឃើញ​ភ្ញៀវ​ទុក​លុយ​ទឹកតែ​ឲ្យ​ដល់​ទៅ ១ ០៨៨ ដុល្លារ ព្រោះថា​ជាទូទៅ ភ្ញៀវ​ឲ្យ​ប្រាក់កម្រៃ​ខាងក្រៅ​យ៉ាងច្រើន​ប៉ុន្មាន​រយ​ដុល្លារ​ប៉ុណ្ណោះ​។ គាត់​ប្រញាប់ប្រញាល់​យកទៅ​ឲ្យ​ម្ចាស់​ហាង​។ ម្ចាស់​ហាង​មិនទាន់​ចែក​លុយ​ទឹកតែ​នោះ​ឲ្យ​បុគ្គលិក​របស់គាត់ ដូច​សព្វមួយដង​ទេ​។ គាត់​បាន​រក្សាទុក​លុយ​នោះ​សិន ខ្លាចក្រែង​ភ្ញៀវ​នោះ​ត្រឡប់មក​យក​វិញ​។​
 
​គំនិត​ប្រយ័ត្នប្រយែង​របស់​ថៅកែ​ហាង​ពិតជា​ត្រឹមត្រូវ​មែន​។ ស្អែក​ព្រឹក​ឡើង ភ្ញៀវ​ចិត្ត​ទូលាយ​នោះ​ក៏បាន​មកសុំ​ទោស​។ គាត់​បាន​និយាយថា គាត់​ស្រវឹង ហើយ​មិនបាន​ដឹងថា ខ្លួនឯង​បានដាក់​លុយ​ទាំងអស់​ក្នុង​សៀវភៅ​គិតលុយ​នោះទេ​។ ម្ចាស់​ហាង​បានប្រគល់​ប្រាក់​ទាំងអស់​ទៅ​ភ្ញៀវ​វិញ ហើយ​ភ្ញៀវ​នោះ​ទុក​លុយ​ទឹកតែ​ចំនួន ៤០ ដុល្លារ​៕
 
​ប្រភព​៖ Daily Mail

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com