បទវិភាគ
តើ​ការប្រែប្រួល​ក្នុង​អាពាហ៍ពិពាហ៍​ខ្មែរ​ល្អ​ដែរ​ទេ​?
01, Oct 2016 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ ៖ បច្ចុប្បន្ន គេ​សង្កេតឃើញ​អាពាហ៍ពិពាហ៍​ខ្មែរ​ភាគច្រើន​លើសលប់ បាន​ផ្លាស់ប្ដូរ​ទៅរក​របត់​ថ្មី​មួយ ដែល​ធ្វើ​អ្នក​ពាក់​ពន្ធ ជាពិសេស ឪពុកម្ដាយ​ខាង​កូនប្រុស ឬ កូន​ក​ម្លោះ ចំណាយ​ប្រាក់​កាន់តែច្រើន​ក្នុង​ការចូល​ស្ដីដណ្ដឹង ការជូន​ប្រាក់​ខាន់ស្លា ការ​ប្រារព្ធ​ពិធី​ប្រពៃណី និង ការ​ជប់លៀង ជាដើម​។ តើ​របត់​ថ្មី​នេះ បានធ្វើឱ្យ​ប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម​ខ្មែរ​?  


​អាពាហ៍ពិពាហ៍​ខ្មែរ​មាន​លក្ខណៈ​ខុសគ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង ពី​ពេល​មួយ​ទៅ​ពេល​មួយ​។ លក្ខណៈ​ខុសគ្នា​នេះ រាប់ទាំង​ការបង្គាប់​ប្រាក់​ខាន់ស្លា (​ថ្លៃទឹកដោះ​ឬ​ថ្លៃ​ផ្ទះ​ឬ​បណ្ណាការ​), រយៈពេល​នៃ​ការ​ប្រារព្ធ​ពិធី របៀប​នៃ​ការ​ប្រារព្ធ​ពិធី​ប្រពៃណី និង ទម្លាប់​ក្នុងការ​ជប់លៀង​ជូន​ភ្ញៀវ ជាដើម​។ 
 
​បច្ចុប្បន្ន ការបង្គាប់​ប្រាក់​ខាន់ស្លា កាន់តែ​កើនឡើង​ជា​លំដាប់ ជាពិសេស ចំពោះ​អ្នកទីក្រុង ឬ អ្នកមាន​ជីវភាព​ធូរធារ ដែល​ចំនួន​ប្រាក់​ខាន់ស្លា​បាន​កើនឡើង​ចាប់ពី​ប្រាំ​ពាន់​ទៅដល់​រាប់ម៉ឺន​ដុល្លារ​។ ការបង្គាប់​ប្រាក់​ខាន់ស្លា​ខ្ពស់កប់ពពក​នេះ នាំឱ្យ​យុវជន​ដែល​ស្រឡាញ់គ្នា​ស្មោះ ហើយ​គ្មាន​លុយ មិនមាន​ឱកាស​រៀបកា​រ​ជាមួយគ្នា ដែលជា​យថាហេតុ​ពេលខ្លះ អាច​បង្ខំ​ឱ្យ​គូស្នេហ៍​ដែល​ស្ម័គ្រស្មោះ​ជាមួយគ្នានេះ រត់​ទៅ​រួមរស់​ជាមួយគ្នា​ដោយ​រំលង​ប្រពៃណី និង បំបាក់មុខ​ឪពុកម្ដាយ​។ ក្នុងករណី​ខ្លះទៀត ប្រសិនបើ​មានការ​គាបសង្កត់​ខ្លាំង​ពី​ឪពុកម្ដាយ​ដោយសារតែ​យកប្រាក់​ជាធំ អាច​នាំឱ្យ​គូស្នេហ៍​ស្ម័គ្រស្មោះ​ខ្លះ​ធ្វើអត្តឃាត​ជាការ​ឆ្លើយតប​ទៅនឹង​គំនាប​នេះ និង ឆ្លើយតប​ទៅនឹង​ការមិន​បានសម្រេច​បំណង​របស់ខ្លួន ជាដើម​។​
 
​ចំណែកឯ​ការ​ប្រារព្ធ​ពិធី​ប្រពៃណី​វិញ ទាំង​សម្ភារៈ​និង​សម្លៀកបំពាក់​កាន់តែ​ទំនើប ដោយមាន​តម្លៃ​ឈ្នួល​សម្ភារៈ​និង​ថ្លៃ​សេវា​កាន់តែ​ខ្ពស់ ដែល​ធ្វើឱ្យ​ការចំណាយ​កាន់តែ​ធំ​។ លើសពីនេះ​ទៀត ក្នុង​ពិធីជប់លៀង​អាពាហ៍ពិពាហ៍ គេ​ក៏​សង្កេតឃើញថា ភាគច្រើន​មាន​ភាព​អធិកអធម ដោយមាន​ភ្ញៀវ​ចូលរួម​រាប់រយ​នាក់ មាន​ម្ហូបអាហារ ភេសជ្ជៈ និង គ្រឿង​ស្រវឹង ច្រើនសន្ធឹក​សន្ធាប់​។ ឯក​ទីតាំង​ឬ​រោង​ពិធី​វិញ ក៏មាន​សភាព​ទំនើប​ដែរ​។  
     
​ជារួម ការចំណាយ​ប្រាក់​កាន់តែច្រើន​ក្នុង​ការចូល​ស្ដីដណ្ដឹង ការទារ​ប្រាក់​ខាន់ស្លា​កាន់តែ​ខ្ពស់ ការចំណាយ​ប្រាក់​ប្រារព្ធ​ពិធី​ប្រពៃណី​កាន់តែច្រើន ព្រមទាំង​ភាព​អធិកអធម និង ភាពសម្បូរ​ហូរហៀរ​ខាង​មាន​ម្ហូបអាហារ ភេសជ្ជៈ និង គ្រឿង​ស្រវឹង មិន​គ្រាន់តែ​បានបង្ហាញ​ឱ្យឃើញថា សង្គម​ខ្មែរ​បច្ចុប្បន្ន​ឱ្យ​តម្លៃ​លុយកាក់ មាសប្រាក់​ឬ​សម្ភារៈ​ខ្ពស់ជាង​សេចក្ដីស្រឡាញ់​ពិត សេចក្ដី​ស្មោះត្រង់ សីលធម៌ និង​គុណធម៌ ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ថែមទាំង​បានបង្ហាញ​ឱ្យឃើញថា ឪពុកម្ដាយ​ខ្លះ ក៏​ចង់បាន​មុខមាត់ ឬ​ចង់បាន​ប្រាក់ចំណេញ​ពី​ការ​ប្រារព្ធ​ពិធី​ខ្លះ​ដែរ​។​
 
​សម្ពាធ​នៃ​ការចង់បាន​មុខមាត់ ការប្រកួតប្រជែង​ក្នុងការ​បង្ហាញ​ទ្រព្យសម្បត្តិ​និង​ឥទ្ធិពល ឬ សម្ភារ​និយម បាន​ជំរុញ​ឱ្យ​មនុស្ស​កាន់តែ​រវល់ ការចំណាយ​កាន់តែ​ធំ ដែល​ជំរុញ​ឱ្យ​មនុស្ស​ខិតខំ​រក​ចំណូល​ឱ្យបាន​កាន់តែច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ លើសពីនេះ​ទៀត ការរៀបចំ​អាហារ ភេសជ្ជៈ និង គ្រឿង​ស្រវឹង​ដ៏​ច្រើនសន្ធឹក និង ទីតាំង​ប្រារព្ធ​ធិ​ធី​ប្រណីតៗ​នេះ ក៏​ជា​សម្ពាធ​មួយ​ជំរុញ​ឱ្យ​ភ្ញៀវ​ចូលរួម​គិតថា ត្រូវ​ចងដៃ​ឱ្យ​កាន់តែច្រើន​(​បច្ចុប្បន្ន ចំណងដៃ​នៅ​ទីក្រុង​ទាប​បំផុត​ចាប់ពី​២០​ដុល្លារ ទៅដល់​រាប់រយ​ដុល្លារ ឬ រាប់ពាន់​ដុល្លារ​ចំពោះ​កូន​ឧកញ៉ា​ឬ​អ្នកធំ​)  និង ត្រូវ​ទទួលទាន​និង​ផឹក​គ្រឿង​ស្រវឹង​កាន់តែច្រើន​ឱ្យ​សម​នឹង​ចំណងដៃ​ដែល​ខ្លួន​បាន​ចង​។ 
 
​ទីបំផុត បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ដោយសារតែ​ប្រាក់ខែ ឬ ចំណូល​ដែល​ទទួលបាន និង​ចំណងដៃ​មិន​សមាមាត្រ​គ្នា​, ប៉ះពាល​ដល់​សុខភាព​អ្នកចូលរួម និង ជំរុញ​មនុស្ស​គិតតែ​ខំ​រកប្រាក់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​បើទោះបីជា តាម​វិធី​មិនល្អ​ក៏ដោយ​។ លើសពីនេះ​ទៀត វា​ធ្វើឱ្យ​សង្គម​ខ្មែរ​បច្ចុប្បន្ន​ឱ្យ​តម្លៃ​លុយកាក់ មាសប្រាក់​ឬ​សម្ភារៈ ខ្ពស់ជាង​សេចក្ដីស្រឡាញ់​ពិត សេចក្ដី​ស្មោះត្រង់ សីលធម៌ និង គុណធម៌​៕  
 

Tag:
 អាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com