កីឡាជាតិ
ជាតិ
គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ជំនាញ​បន្ថែម​ពី​គ្រូ​ជប៉ុន​ដើម្បី​ត្រៀមខ្លួន​រៀប​ស៊ី​ហ្គេម​
26, Aug 2016 , 6:59 pm        
រូបភាព
ដោយ:
 
វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ រយៈពេល​១០​ថ្ងៃ បានបញ្ចប់​កាលពី​ថ្ងៃទី​២៥ ខែសីហា​។ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បានចាត់ទុក​វគ្គ​ដែល​បណ្តុះបណ្តាល​ដោយ​គ្រូ​ជំនាញ​ជនជាតិ​ជប៉ុន​នេះ ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ពង្រឹងសមត្ថភាព​របស់​កម្ពុជា​ក្នុងការ​ត្រៀមខ្លួន​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

 
​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​ពី​អ្នកជំនាញ​ជនជាតិ​ជប៉ុន លោក Munehiro Kugimiya ត្រូវបាន​លោក ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​វាយតម្លៃថា ជា​វគ្គ​បណ្តុះបណ្តាល​មួយ​ដ៏​សំខាន់​ក្នុងការ​ផ្តល់ឱកាស​សិក្សា​ដល់​សិក្ខាកាម​ដែល​មកពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​អាច​សិក្សា​ជំនាញ និង​បទពិសោធន៍​ថ្មីៗ​ពី​គ្រូ​ជំនាញ ដើម្បី​ពង្រឹង​បច្ចេកទេស សមត្ថភាព​របស់ខ្លួន ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។   
 
​លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ផងដែរ​នោះ នា​ថ្ងៃ​បិទ​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​នៅ​ទីស្នាក់ការ NOCC កាលពី​ម្សិលមិញ​បាន​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា តាមរយៈ​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​រយៈពេល​១០​ថ្ងៃនេះ សិក្ខាកាម​នឹង​យក​បទពិសោធន៍​ល្អៗ​ដែល​ទទួលបាន​ពី​អ្នកជំនាញ​ជនជាតិ​ជប៉ុន​ទៅ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ធនធាន​ថ្នាល​នៅតាម​មូលដ្ឋាន​របស់ខ្លួន សម្រាប់​ត្រៀម​ប្រកួត​កីឡា​ជាតិ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​»​។ 
 
​លើសពីនេះ​លោក​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ក្លិប​-​សមាគម​កីឡា​កាយសម្ព័ន្ធ​នៅតាម​បណ្តា​ខេត្ត​ត្រូវមាន​ការបើក​វគ្គប​ណ្តុះ​បណ្តាល​បច្ចេកទេស ក៏​ដូច​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់​ខេត្ត​ផ្សេងៗ​ដើម្បី​ចូលរួមចំណែក​ចម្រាញ់​ជ្រើសរើស​កីឡាករ​កីឡាការិនី​ដែលមាន​ទេពកោសល្យ ព្រោះ​កីឡា​នេះ​ពិបាក​ក្នុងការ​ស្វែងរក​កីឡាករ​ឆ្នើម​។ 


 
​ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ជា​បន្តបន្ទាប់ ជាពិសេស​រៀបចំ​ការប្រកួត​កីឡា​ជាតិ​(National Games) ឲ្យ​បាន​៣​លើក ដើម្បី​ដកស្រង់​បទពិសោធន៍​ក្នុងការ​រៀបចំ និង​ចម្រាញ់​ជ្រើសរើស​កីឡាករ​កីឡាការិនី​ដែលមាន​សមត្ថភាព ព្រោះ​ការប្រកួត​នេះ​មាន​លំនាំ​ដូច​ទៅនឹង​ការប្រកួត​ស៊ី​ហ្គេម​។ 
 
​លោក Munehiro Kugimiya គ្រូឧទ្ទេស​ដែល​មកពី​អង្គការ​សាមគ្គី​អូឡាំពិក​ជប៉ុន បាន​វាយតម្លៃ​ខ្ពស់​ផងដែរ​ថា ជា​វគ្គ​សិក្សា​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ហើយ​លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​កិច្ចសហការ​រវាង​ជប៉ុន និង​កម្ពុជា កីឡា​កាយសម្ព័ន្ធ​កម្ពុជា​នឹងមាន​ភាព​រីកចម្រើន​នា​ថ្ងៃ​អនាគត​។  


 
​ទន្ទឹមនឹងនេះ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​វាយតម្លៃថា វគ្គ​បណ្តុះបណ្តាល​រយៈពេល​១០​ថ្ងៃ​ដែលមាន​ការបង្ហាញ​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​សិក្ខាកាម​ទទួលបាន​ការយល់ដឹង​ច្រើន​ទាំង​បច្ចេកទេស និង​បទពិសោធន៍​ថ្មីៗ ហើយ​ក្នុងចំណោម​សិក្ខាកាម​ទាំង​២៥​នាក់ គឺមាន​៣​នាក់​ទទួលបាន​និទ្ទេស​ល្អ ១៧​នាក់​ល្អ​បង្គួរ និង​៥​នាក់​មធ្យម​។​


 
​នា​ពិធី​បិទ​វគ្គ​សិក្សា​សាមគ្គី​អូ​ឡា​ពិ​ក​ស្តីពី​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​នោះដែរ សិក្ខាកាម​ទាំង​២៥​នាក់​ដែល​បាន​បំពេញ​វគ្គ​សិក្សា​នេះ​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ម្នា​ក់មួយៗ​ពី​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ចំណែក​សិក្ខាកាម​៣​នាក់​ដែល​ទទួលបាន​និទ្ទេស​ល្អ​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ពី​គ្រូឧទ្ទេស​ជនជាតិ​ជប៉ុន​។ ហើយ​នាឱកាស​នោះដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ព្រមទាំង​សិក្ខាកាម​បានផ្តល់​កាដូ​អនុស្សាវរីយ៍ ដល់​គ្រូឧទ្ទេស​ជនជាតិ​ជប៉ុន​ផងដែរ​៕



Tag:
 កាយសម្ព័ន្ធ​
  ថោង ខុន​
  ណ​យ ផា​ណា​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com