ជាតិ
​​មន្រ្តីក្រសួងមហាផ្ទៃ​ថា មិនដែលរកឃើញ​ជនបរទេស​ខុសច្បាប់ ទទួល​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​
26, Aug 2016 , 4:56 pm        
រូបភាព
ភ្នំពេញ​៖ ចាប់តាំងពី​ក្រសួងមហាផ្ទៃ​បង្កើត​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៤​មក សមត្ថកិច្ច ពុំទាន់​រកឃើញ​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់ ដែល​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ជនបរទេស​ខុសច្បាប់​នោះទេ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ផ្នែក​អត្តសញ្ញាណប័ណ្ណ នៃ​ក្រសួងមហាផ្ទៃ​។



ប្រធាន​នាយកដ្ឋាន ទទួលបន្ទុក​ផ្នែក​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ ​លោក ឃាង សុគន្ធា​បានលើកឡើង​ថា លោក មិនដែល​ទទួលបានពាក្យបណ្តឹងណាមួយ ទាក់ទងនឹងអាជ្ញាធរ ដែលផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ជនបរទេស ដោយគ្មាន​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​នោះទេ​។ លោក ឃាង សុគន្ធា ក៏​ធ្លាប់​ឮ​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ជនបរទេស ដោយមិនបាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​។ លោក សង្កត់ធ្ងន់ថា៖«​ករណីដែលសួរថា កន្លងទៅនេះ តើអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានចាប់បានទេ ចំពោះអ្នកដែលផ្តល់អត្តសញ្ញាណប័ណ្ណ ជូនជនបរទេស ដែលពុំមានសញ្ជាតិខ្មែរ? រហូតមកដល់​ពេលនេះ ខ្ញុំ ក៏​មិនទាន់​បានទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ​»​

បើតាម​លោក ឃាង សុគន្ធា ដដែល  ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម  កំពុងតែ​ខិតខំ​ស្រាវជ្រាវ​រកមុខសញ្ញា នៃ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ប្រក្រតី​នេះរ​​។​ ប្រធាន​នាយកដ្ឋាន ទទួលបន្ទុក​ផ្នែក​អត្តសញ្ញាណ​កម្ម​រូបនេះ បាន​​បញ្ជាក់ថា​៖« យើង​ផ្តោតអារម្មណ៍​លើ  ពួកគាត់​(​ជនបរទេស​) ដែល​មិនមែនជា​សញ្ជាតិ​ខ្មែរ ហើយ​ការងារ​នេះ គឺជា​ការងារ​មួយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ ហើយ​កន្លងមក យើង​បានដឹង​ទាំងអស់គ្នា​ថា អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ កំពុងធ្វើការ​ងារ​ហ្នឹង​ដែរ​។​ ដូច្នេះ​ដើម្បី​ឲ្យ​ដឹងថា​គាត់​ជា​ជនជាតិ​បរទេស​ដែល​កាន់​ឯកសារ​ខ្មែរ​នោះ គឺ​គាត់ (​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​) កំពុង​រឹតបន្តឹង​»​ 

មាត្រា​៧​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ បាន​ចែក​ថា ជនបរទេស​ដែល​អាច​សុំចូល​សញ្ជាតិ​ខ្មែរ​បាន ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន រួ​មាន​៖«១.​មាន​លិខិត​បញ្ជាក់ថា មានគំនិត មារយាទ និង​សីលធម៌​ល្អ ដែល​ចេញ​ដោយ​មេឃុំ ឬ​ចៅសង្កាត់​។ ២. មាន​លិខិត​ថ្កោលទោស​បញ្ជាក់ថា ពុំដែល​មានទោស​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ​។ ៣. មាន​លិខិត​បញ្ជាក់ថា ជន​នោះ​មាន​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា ហើយ​ស្នាក់​នៅជាប់​ចំនួន​៧​ឆ្នាំ ដោយ​គិតពី​ថ្ងៃ​ដែល​ទទួលបាន​ប័ណ្ណ​ស្នាក់នៅ ដែល​ចេញ​ឲ្យ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។ ៤. មាន​ទីលំនៅ​ក្នុ​ប្រទេស​កម្ពុជា នៅពេល​ដាក់​ពាក្យសុំ​សញ្ជាតូបនីយកម្ម​។ ៥. ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ​។ ៦. មាន​បញ្ញា​និង​សម្បទា ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ឬ​នាំ​ឲ្យ​មាន​បន​ន្ទុ​ក​ដល់​ជាតិ​»​។​

លើសពីនេះ មាត្រា​១៦ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ដដែល បានចែង​យ៉ាងច្បាស់​ថា​៖«​សញ្ជាតូបនីយកម្ម ដែល​ផ្តល់​ចំពោះ​ជនណាម្នាក់ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។ បែបបទ​និង​នីតិវិធី​នៃ​ការសុំ​សញ្ជាតូបនីយកម្ម ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​»​។​

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជនអន្តោប្រវេសន៍​ចំនួន ២៥ សញ្ជាតិ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ១៦០ ៨៧២ នាក់ ស្មើនឹង ៤៦,៥១៦ គ្រួសារ ដោយ​ក្នុងនោះ​មាន​ជនជាតិ​តិ​វៀតណាម ៩៩.៤៩ ភាគរយ ឬ​ស្មើនឹង​ប្រមាណ ១៦០,០០០ នាក់​។ ចំនួន​អន្តោប្រវេសន៍​វៀតណាម​ជាង​១៦​ម៉ឺន​នាក់ ដែល​បាន​រកឃើញ​នេះ គឺជា​ស្ថិតិ​នៃ​ការធ្វើជំរឿន​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា​ទូទាំង​រាជធានី ខេត្ត របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំកន្លះ​មកនេះ​។

គួរ​កត់សម្គាល់ថា បញ្ហា​ខាងលើ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន រួមទាំង​ក្រុម​សង្គម​ស៊ីវិល ខ្វល់ខ្វាយ​យ៉ាងខ្លាំង ហើយក៏​ធ្លាប់​ប្រតិកម្ម ចំពោះ​ជនបរទេស​ជាច្រើន ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ យកទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ខណៈដែល​ពួកគេ មិនទាន់​ក្លាយជា​ពលរដ្ឋ​កម្ពុជា តាមរយៈ​សញ្ជាតូបនីយកម្ម​នោះ​៕   

Tag:
 បរទេស​
  អត្តសញ្ញាណប័ណ្ណ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com