បទយកការណ៍ / បទសម្ភាសន៍
យុវជន​ជំនាន់​ក្រោយ​ត្រឡប់មក​ចាប់អារម្មណ៍ និង​បោះពុម្ព​កំណាព្យ​ ​
27, Aug 2016 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ សាស្ត្រាចារ្យ​ជំនាញ​និពន្ធ​កំណាព្យ លោក វ៉ែន សុន ដែលមាន​ពិសោធន៍​ច្រើន​សម័យកាល​បាន​អត្ថាធិប្បាយ​ថា វិស័យ​កំណាព្យ​បាន​ស្គាល់​ការរីកចម្រើន​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​ទៅតាម​សម័យកាល​។ លោក​បន្តថា ចាប់ពី​ទសវត្សរ៍​៤០​មក កំណាព្យ​បាន​រីកចម្រើន​តាមរយៈ​សាស្ត្រា​ស្លឹករឹត ប៉ុន្តែ​ក្នុងសម័យ​បច្ចុប្បន្ន កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ព្យាយាម​សរសេរ​បោះពុម្ព​ដាក់​ក្នុង​សៀវភៅ​បាន​ច្រើន​ដែរ​។ រីឯ​យុវជន​ទៀតសោត ក៏បាន​ចាប់អារម្មណ៍​សិក្សា​កំណាព្យ​ដែរ​។ ប៉ុន្តែ វា​ក៏​នៅមាន​បញ្ហា​ខ្លះ​ដែរ ត្រង់​ថា​ការនិពន្ធ និង​បោះពុម្ពផ្សាយ​ខ្លះ បានបង្ហាញ​អំពី​កំហុស​ផ្នែក​ទ្រឹស្តី​ដែរ​។​


សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ស៊ុំ សុជាតិ អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ និង​លោកគ្រូ វ៉ែន សុន សាស្ត្រាចារ្យ​ខាង​និពន្ធ​ទំនុកច្រៀង និពន្ធ​កំណាព្យ  ជា​សិល្បករ​ផ្នែក​តន្ត្រី និង​ជា​អ្នកនិពន្ធ​រឿង​ខ្លី​អប់រំ​កុមារ ដូចតទៅ ៖




​លោក វ៉ែន សុន កវី​ជើងចាស់​តាំងពី​ទសវត្ស​ន៍ ឆ្នាំ​១៩៦០ បាន​បាន​អះអាងថា ចាប់តាំងពី​កំឡុង​ឆ្នាំ​១៩៨០ រហូតមកដល់​បច្ចុប្បន្ន​នេះ កំណាព្យ​ខ្មែរ បាន​រីកចម្រើន ក៏ប៉ុន្តែ​គឺ​មួយ​ផ្លូវ​ម្នាក់​រវាង​ការរីកចម្រើន​វិស័យ​កំណាព្យ ក្នុង​កំឡុង​ឆ្នាំ​១៩៥០ ទៅ​១៩៦០ ដែល​សម័យ​នោះ​កវី​ខ្មែរ​លោកនិយម ចា​រលើ​សាស្ត្រា​ស្លឹករឹត ដែលមាន​ដូចជា កវី ព្រះអង្គ​ព្រះរាជ​សំភា​, ព្រះបាទ​អង្គឌួង​, លោកតា ក្រម ង៉ុ​យ​, កវី នូ កន​, កវី ឃ្លាំង នង ជាដើម​។​ល​។

​ប៉ុន្តែ​សម្រាប់​សម័យ​បច្ចុប្បន្ន កំណាព្យ​ខ្មែរ មានការ​រីកចម្រើន មួយបែប​គឺ​រីកចម្រើន​តាមបែប​ទំនើ​ប​។  មូលហេតុ គឺ​បច្ចុប្បន្ន កវី​នីមួយៗ​បាន​ព្យាយាម​បង្កើត​ស្នាដៃ​របស់ខ្លួន ហើយ​បោះពុម្ពផ្សាយ​ជា​សៀវភៅ ដែល​សម័យមុន​គ្រប់​ស្នាដៃ​មិនបាន​បោះពុម្ព​ជា​សៀវភៅ ប៉ុន្តែ​ភាគច្រើន​គឺ​ចា​រលើ​សាស្ត្រា​ស្លឹករឹត តែប៉ុណ្ណោះ​។​
 
​ទោះជា​យ៉ាងណា​កវី វ៉ែន សុន មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​មួយចំនួន​ដែល​នាំ​ឲ្យ​យុវជន​ខ្មែរ​សម័យ​ក្រោយ​មានការ​ច្រឡំបល់ ចំពោះ​កំណាព្យ​ខ្មែរ​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​បទ​កំណាព្យ​ទៅតាម​ពិធី​ផ្សេងៗ​ដែល​ចាស់​បុរាណ​លោក​បានកំណត់​។

​បច្ចុប្បន្ននេះ យុវជន​ខ្មែរ បាន​ងាក​មក​ចាប់អារម្មណ៍​រៀនសូត្រ ពី​របៀប​និពន្ធ​កំណាព្យ និង​ការសរសេរ​កំណាព្យ​តាម​វគ្គ​បណ្ដុះបណ្ដាល​នានា ព្រមទាំង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ចងក្រង​ជា​សៀវភៅ​។  ចំណុច​នេះ លោក វ៉ែន សុន មានការ​សប្បាយចិត្ត ព្រោះ​កូន​ខ្មែរ បានចាប់ផ្ដើម​គិតគូរ​ស្វែងយល់​ឡើងវិញ ពី​ស្នាដៃ​របស់​បុព្វបុរស និង​បន្ត​ថែរក្សា​សម្បត្តិ​វប្បធម៌​មួយ​នេះ​។

​តែ​ទោះជា​យ៉ាងណា កវី​រូបនេះ​សំណូមពរ​ថា បើ​បំណាច់​ថា​កូន​ខ្មែរ​មួយចំនួន​ចង់​និពន្ធ​កំណាព្យ ចម្រៀង ឬ​ចង់​ក្លាយជា​អ្នកនិពន្ធ​អាជីព គឺ​ត្រូវតែ​រក​គ្រូ​រៀន​ឲ្យ​បាន​ពិតប្រាកដ ហើយ​កុំ​រៀន​តាម​គេ ឬ​គ្រាន់តែ​អាន​ហើយ រៀន​សរសេរ​តាម​ហើយ​ចាត់ទុកថា​ខ្លួនឯង​ចេះ​និពន្ធ​នោះទេ​។

​លោក វ៉ែន សុន មានការ​សោកស្ដាយ​ចំពោះ​កវី​មួយចំនួន ដែល​សរសេរ​កំណាព្យ​មិនបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ការ​តែង​និពន្ធ​។ ដោយឡែក អ្នក​ចង់ក្រង​សៀវភៅ ក្បួន​តែង​និពន្ធ​មួយចំនួន ក៏បាន​ធ្វើ​ឲ្យ​មាន​កំហុសឆ្គង ក្នុង​ក្បួន​តែង​របស់ខ្លួន ដែល​នាំ​ឲ្យ​កុលបុត្រ​កុលធីតា​ខ្មែរ​លោក​មាន​ការមិន​ច្បាស់​៕


Tag:
 វប្បធម៌​
  កំណាព្យ​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com