បទយកការណ៍ / បទសម្ភាសន៍
ច័ន្ទ​ណាំ ជម្នះ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត កុំ​ឲ្យ​គេ​បន្ទោស​ថា​«​និស្សិត​ខ្មែរ ចេះតែ​ទ្រឹស្តី​»
02, Oct 2016 , 3:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កញ្ញា កុប ច័ន្ទ​ណាំ បាន​ផ្តើមធ្វើ​ការងារ​ស្ម័គ្រចិត្ត​តាំងពី​ឆ្នាំ​២០១៣​មក ទាំង​មិនសូវ​ទទួលបាន​ការគាំទ្រ​ពី​ក្រុមគ្រួសារ ដែល​មិន​ចង់​ឲ្យ​ខ្លួន​ធ្វើការ​ងារ​ដែល​មិនបាន​ប្រាក់កម្រៃ​។ ច័ន្ទ​ណាំ បាន​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​លើ​ការងារ​មិន​ផ្តល់​ប្រាក់កម្រៃ​នេះ និង​បាន​ជម្នះ​ជាមួយនឹង​គ្រួសារ បន្តធ្វើ​ការងារ​ស្ម័គ្រចិត្ត​រហូតមកដល់​ប​ច្ចុ​ប្បន្ន ដើម្បី​កុំ​ឲ្យ​គេ​បន្ទោស​ថា​«​និស្សិត​ខ្មែរ ចេះតែ​ទ្រឹស្តី​»​។ ទន្ទឹមនឹងនេះ យុវតី​វ័យ​២៥​ឆ្នាំ​រូបនេះ ក៏បាន​ស្នើ​ឲ្យ មជ្ឈដ្ឋាន​ទូទៅ លើកទឹកចិត្ត​ឲ្យ​យុវជន ឬ​និស្សិត​ខ្មែរ ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន​ផងដែរ​។​



​មិនមាន​យុវជន​ច្រើន​ឡើយ ដែល​តែងតែ​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នោះ ពីព្រោះ ការងារ​នេះ មិន​ទទួលបាន​ប្រាក់ខែ ប៉ុន្តែ​យុវតី កុប ច័ន្ទ​ណាំ បាន​ស្វះស្វែង​ធ្វើការ​ងារ​នេះ តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ បើទោះបីជា​មិនសូវ​ទទួលបាន​ការលើក​ទឹកចិត្ត​ក៏ដោយ​។

បើតាម​កញ្ញា កុប ច័ន្ទ​ណាំ រូបនាង​បាន​ជម្នះ​នឹង​ក្រុមគ្រួសារ ដែល​មិន​ចង់​ឲ្យ​ខ្លួន​ធ្វើ​ការងារ ដែល​គ្មាន​ប្រាក់កម្រៃ​នេះ​។ ពេលខ្លះទៀត យុវតី​វ័យ​២៥​ឆ្នាំ​រូបនេះ ក៏​ពើបប្រទះ​បញ្ហា​ជាមួយ​សាស្ត្រាចារ្យ​នៅ​សាលា ដែល​មិនសូវ​គាំទ្រ ហើយ​រឹតបន្តឹង​វត្តមាន​របស់​នាង​ទៀតផង​។  ច័ន្ទ​ណាំ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖​ពេលខ្លះ​លោកគ្រូ គាត់​បន្ទោស ព្រោះ​ខ្ញុំ​ខកខាន​មិនបាន​មករៀ​ន ដោយសារ​ការងារ​ខ្លះ​តម្រូវ​ឲ្យ​ខ្ញុំ​ចុះទៅ​តាម​ខេត្ត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ម៉ោង​សិក្សា​មួយចំនួន​។ ដូច្នេះ​ទើប​គ្រូ​គាត់​បន្តឹង​វត្តមាន​របស់ខ្ញុំ​»​។

ប៉ុន្តែ​បញ្ហា​ទាំងនោះ មិនមែនជា​ឧបសគ្គ បង្អាក់​ទឹកចិត្ត​ស្រឡាញ់​ការងារ​ស្ម័គ្រចិត្ត របស់​យុវតី​មកពី​ខេត្តកំពង់ស្ពឺ រូបនេះ​ឡើយ ផ្ទុយទៅវិញ រូបនាង នៅតែ​បន្តធ្វើ​ការងារ​នេះ ដើម្បី​កសាង​សមត្ថភាព ទាំង​ចំណេះដឹង​ទ្រឹស្តី​នៅក្នុង​សាលា និង​ការអនុវត្តន៍​ជាក់ស្តែង​នៅក្នុង​សង្គម​។

យុវតី​ដែលមាន​ភាពក្លាហាន មិនសូវ​ខ្លាច​អ្នកណា​រូបនេះ បន្ត​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ធុញទ្រាន់​នឹង​ពាក្យ​ដែល​គេ​តែង​និយាយថា «​និស្សិត​ខ្មែរ​ចេះតែ​ទ្រឹស្តី​» តែ​មិន​នាំគ្នា​ជំរុញ និង​លើកទឹកចិត្ត ព្រមទាំង​ផ្តល់ឱកាស​ដល់​និស្សិត​ឲ្យ​ចូលរួម​ការងារ​នេះ​ទេ​»​។ មាន​សម្បុរ​ស្រអែម ច័ន្ទ​ណាំ បាន​បន្ត​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ និង​ស្វាហាប់​ថា​៖    «​ការងារ​ស្ម័គ្រចិត្ត មិនមែន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ខ្ញុំ​នោះទេ ប៉ុន្តែ​តាមរយៈ​ការងារ​មិន​យក​កម្រៃ​នេះ ខ្ញុំ​អាចជួយ​ប្រជាជន និង​សង្គម​របស់ខ្ញុំ​បាន​ខ្លះ​ផងដែរ​»​។ 

កញ្ញា កុប ច័ន្ទ​ណាំ បាន​ផ្តើម​ការងារ​ជា​ស្ម័គ្រចិត្ត នៅ​អង្គការ​សភា​យុវជន​ខ្មែរ​(KYC) គ្រា​ដែល​នាង​កំពុង​សិក្សា​ជំនាញ​ទស្សនវិជ្ជា​ឆ្នាំ​ទី​២ នៅ​សកលវិទ្យា​ភូមិន្ទ​ភ្នំពេញ​។ បន្ត​បន្ទាប់មក យុវតី រូបនេះ បាន​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​នានា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងទៀត​ជាមួយ​អង្គការ​ខុមហ្វ្រែល និង​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន​ជាដើម​។ រយៈពេល​ជិត​៤​ឆ្នាំ​មក នេះ ច័ន្ទ​ណាំ បានធ្វើ​ការងារ​ផ្នែក​រដ្ឋបាល គ្រូបង្រៀន​កុំព្យូទ័រ អ្នក​បណ្តុះបណ្តាល​ស្តីពី​សិទ្ធិ និង​ច្បាប់​នៅតាម​សហគមន៍​ដាច់ស្រយាល និង​រៀបចំ​កម្មវិធី​វេទិកា​យុវជន​មួយចំនួន​ផង​។​

បច្ចុប្បន្ន ច័ន្ទ​ណាំ  កំពុង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត ផ្នែក​រដ្ឋបាល​សាធារណៈ ប៉ុន្តែ​នាង​នៅតែ​ស្រឡាញ់ និង​បន្តធ្វើ​ការងារ​ស្ម័គ្រចិត្ត​នេះ​ដដែល​។ ការងារ​ស្ម័គ្រចិត្ត គឺមាន​តម្លៃ​ខ្លាំងណាស់​។ នេះ​ជាការ​បញ្ជាក់​របស់ យុវតី​តូច​ច្រឡឹង​រូបនេះ មុននឹង​នាង​បន្ត​បញ្ជាក់​ពី​ប្រយោជន៍​នៃ​ការងារ​នេះ​យ៉ាង​ដូច្នេះ​៖« តាមរយៈ​ការស្ម័គ្រចិត្ត​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ពី​របៀប​ធ្វើ​ការងារ​យ៉ាងច្រើន ទទួលបាន​ចំណេះដឹង​ថ្មីៗ និង​បំ​ណិ​ន​ប្រសប់​ផ្សេងៗ​។ ខ្ញុំ​ក៏បាន​យល់ច្បាស់ ពី​ស្ថានភាព​នៃ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​»​។ 
​ព្រោះតែ​ទទួលបាន​បទពិសោធន៍ ចំណេះដឹង និង​បាន​ស្វែងយល់​ច្រើន​ពី​ការធ្វើការងារ​មិន​យក​កម្រៃ បេក្ខជន​អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ​រូបនេះ ក៏​ស្នើ​ឲ្យ យុវជន​ខ្មែរ ពិសេស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ គួរ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នៅតាម​ក្រសួង​នានា និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពង្រឹងសមត្ថភាព​ការងារ និង​បង្កើត​ទំនាក់ទំនង​នៅក្នុង​សង្គម​ខាងក្រៅ​។

កំពុង​អង្គុយ​ក្នុង​ទីស្នាក់ការ​អង្គការ​សភា​យុវជន​ខ្មែរ​ក្នុង​ខ័​ណ្ឌ​ទួលគោក ច័ន្ទ​ណាំ​ពន្យល់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សំណូមពរ ដល់​«​និស្សិត​គួរតែ​សង្វាតធ្វើការ​ងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន ព្រោះ​វា​ប្រទីប​បំភ្លឺ​ផ្លូវ ដើម្បី​ឆ្ពោះទៅរក​ការងារ​ល្អ​នៅពេល​ខាងមុខ​»​។ ជាមួយគ្នា​នោះ កញ្ញា កុប ច័ន្ទ​ណាំ ក៏​សំណូមពរ​ដល់​សាស្ត្រាចារ្យ​នៅតាម​សាលា គួរផ្តល់​ឱកាស​ឲ្យ​និស្សិត​ចេញមកក្រៅ ធ្វើ​ការងារ​សង្គម​ជាក់ស្តែង​ផងដែរ មិនគួរ​ឲ្យ​ពួកគេ​រៀន​តែ​ទ្រឹស្តី​នៅ​សាលា​នោះទេ​៕


Tag:
 កុប ច័ន្ទ​ណាំ​
 ​ យុវជន​
 ​ ការងារ​ស្ម័គ្រចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com