កីឡាអន្តរជាតិ
អន្តរជាតិ
Henry រំភើប​ចំពោះ​មុខតំណែង​ជា​គ្រូ​ជំនួយ​ជម្រើសជាតិ​បែលហ្ស៊ិក ទោះ​ប្រាក់ខែ​តិច​ក៏ដោយ​
28, Aug 2016 , 8:39 pm        
រូបភាព
ដោយ: រួបរួម
Thierry Henry អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​នៃ​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្លិប Arsenal បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​នៅលើ​គណនី Twitter ថា គាត់​ពិត​ជាមាន​មោទកភាព​ដែល​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​បែលហ្ស៊ិក និង​លោក Roberto Martinez ផ្តល់​មុខតំណែង​ជា​គ្រូ​ជំនួយ​នៃ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​។​


​កាលពីដើម​ខែសីហា កន្លងមក សហព័ន្ធ​កីឡាបាល់ទាត់​បែលហ្ស៊ិក បានប្រកាស​តែងតាំង​លោក Roberto Martinez ជា​គ្រូបង្វឹក​ជម្រើសជាតិ​ជំនួស​លោក Marc Wilmots ដែល​បាន​នាំ​បែលហ្ស៊ិក​ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នា​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦ កន្លងមក​។​

​លោក Martinez ជនជាតិ​អេ​ស្ប៉ា​ញ បាន​ស្ថិតក្នុង​ភាព​ទំនេរ​អស់​រយៈពេល​ជាច្រើន​ខែ បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី Everton កាលពី​ខែឧសភា​។ សម្រាប់​តំណែង​ថ្មី​របស់ខ្លួន​ក្នុង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក គ្រូបង្វឹក​វ័យ​៤៣​ឆ្នាំ​រូបនេះ បានតែងតាំង​ជំនួយការ​ឆ្នើម​២​រូប គឺ​លោក Graeme Jones ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​នៅ​ក្លិប Swansea, Wigan និង Everton និង Thierry Henry​។​

​យោងតាម The Guardian លោក Martinez បាន​វាយតម្លៃថា Henry នឹង​ក្លាយជា​មនុស្ស​ដ៏​សំខាន់​នៅក្នុង​ក្រុម​របស់លោក ជាពិសេស​ការពង្រឹង​ផ្នែក​ស្មារតី ដូច​អ្វីដែល​គាត់​ធ្លាប់​បានធ្វើ​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់គាត់​។​

​កាសែត​បារាំង Orange.fr បាន​បញ្ជាក់ថា Henry ទទួលបាន​ប្រាក់​បៀរ​វត្ស ៨០០០​អឺរ៉ូ (​ជិត​៩០០០​ដុល្លារ​អាមេរិក​) ក្នុង​មួយខែ ឬ​ជាង​១១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។ ចំណូល​នេះ គឺ​ផ្នែក​មួយ​ដ៏​តូច​ប៉ុណ្ណោះ​សម្រាប់​អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​បារាំង​នា​អំឡុង​ឆ្នាំ​១៩៩៨ ។ ជា​រៀងរាល់ឆ្នាំ Henry មាន​ចំណូល​ជាង​៦​លាន​អឺរ៉ូ​រួចទៅហើយ សម្រាប់​តួនាទី​ជា​ប្រឹក្សា​របស់​បណ្តាញ​ទូរទស្សន៍​អង់គ្លេស Sky Sports​។

​ក្រុម​របស់លោក Martinez នឹង​ចាប់ផ្តើម​បេសកកម្ម​របស់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែសីហា​។ មន្ត្រី​ម្នាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​បែលហ្ស៊ិក បាន​អះអាងថា Henry មិន​ផ្តោតលើ​ប្រាក់​ជាសំខាន់​នោះឡើយ ប៉ុន្តែ​គាត់​ចង់បាន​បទពិសោធន៍ និង​មាន​ឆ​ន្ទះ​ខ្ពស់​ក្នុងតួនាទី​ជា​គ្រោះ​បង្វឹក​៕


Tag:
 បាល់ទាត់​
  Thierry Henry
  ជម្រើសជាតិ​បែលហ្ស៊ិក​
© រក្សាសិទ្ធិដោយ thmeythmey.com