ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​បញ្ចេញ​ថវិកា ២៧លាន​ដុល្លារ ដើម្បី​សង្គ្រោះ​តម្លៃ​ស្រូវ
16, Sep 2016 , 6:50 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ខណៈដែល​តម្លៃ​ស្រូវ​ក្រអូប​កំពុង​បន្ត​ធ្លាក់ចុះ រដ្ឋាភិបាល នៅថ្ងៃនេះ បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ២៧លាន​ដុល្លារ ដើម្បី​សង្គ្រោះ​ស្ថានភាព​មួយ​នេះ។



សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ទុនបម្រុង​របស់​ខ្លួន​ចំនួន ២០លាន​ដុល្លារ និង ទុន​ចំនួន ៧លាន​ដុល្លារ​ទៀត​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ(RDB) ដើម្បី​ជា​កម្ចី​ដល់​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​កសិករ។

ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) នឹង​ជា​អ្នកអនុវត្ត​គម្រោង​ផ្ដល់​កម្ចី​នេះ​ដោយផ្ទាល់ ដោយ RDB នឹង​ផ្ដល់​ឥណទាន​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ជាមួយ​ការយក​ស្ដុក​ស្រូវ​ជាវ​ត្ថុ​ធានា។ នេះ​បើតាម​សេចក្ដីប្រកាស​ដដែល​នេះ ដែល​បញ្ជាក់​ដូច្នេះ​ថា៖« RDB នឹង​ផ្ដល់​ឥណទាន​ត្រង់​ដល់​អ្នក​ដែល​យក​ស្រូវ​អង្ករ​មក​ដាក់បញ្ចាំ​ក្នុង​ឃ្លាំង និង​ធានា​បំណុល ដោយ​យក​ស្តុក​ស្រូវ​អង្ករ​នោះ​ជាវ​ត្ថុ​ធានា ហើយ​រោង​ម៉ាស៊ីនកិនស្រូវ​តាម​តំបន់នីមួយៗ ត្រូវ​កំណត់​ទីតាំង​ដែលមាន​ឃ្លាំង ឡស​ម្ងួ​ត និង​គ្រឿង​បរិក្ខារផ្សេងៗ ដោយមាន​ការគ្រប់គ្រង​សន្និធិ​ស្រូវ​ដោយ​ភ្នាក់ងារ RDB សហការ​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ ដែលជា​សមាជិក​ឃ្លាំង​ស្តុក​ស្រូវ។ ម្ចាស់​ឃ្លាំង​ស្រូវ គឺជា​អ្នកទទួលខុសត្រូវ​លើ​គុណភាព​ស្រូវ»។

សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា ទីតាំង​ស្តុក​ស្រូវ​ត្រូវបាន​កំណត់​ចំនួន ៥កន្លែង។  ចំនួន ២ទីតាំង​សម្រាប់​តំបន់​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តសៀមរាប។ ហើយ​ចំនួន ១ទីតាំង​ទៀត​សម្រាប់​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។ ចំណែក​ទីតាំង១ទៀត​គឺ​សម្រាប់​ខេត្តព្រៃវែង និង​ស្វាយរៀង។ ចំណែក ១ទីតាំង​ចុងក្រោយ​សម្រាប់​ខេត្តកណ្ដាល តាកែវ កំពត កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ។

«កម្មវិធី​ពិសេស​របស់​រដ្ឋាភិបាល នៅពេលនេះ គឺ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទុន​ទិញស្រូវ​របស់​រោង​ម៉ាស៊ីនកិនស្រូវ​នៅតាម​ខេត្ត​គោលដៅ​មួយចំនួន និង​ជំរុញ​ប្រមូល​ទិញស្រូវ​ក្រអូប ដែល​កំពុង​ចាប់ផ្ដើម​ដល់​រដូវ​ប្រមូល​ផលបណ្ដើរៗ ចាប់ពី​ពាក់កណ្ដាល​ខែសីហា រហូតដល់​ចុងឆ្នាំ​នេះ និង​ដើម​ឆ្នាំក្រោយ»។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច មុននឹង​ក្រសួង​បន្ថែមថា៖«ថវិកា​ទាំងនេះ នឹង​ជំរុញ​ការប្រមូល​ទិញស្រូវ​ប្រមា​ណ ៩ម៉ឺន​តោន ហើយ​អាចធ្វើ​ឲ្យ​តម្លៃ​ស្រូវ​សែន​ក្រអូប​មាន​កម្រិត​លើសពី ៩៤ម៉ឺន​រៀល (ប្រមាណ ៨០០០បាត)  ក្នុង១តោន»។

បើតាម​ពាណិជ្ជករ និង​កសិករ ដែល​បាន​ប្រាប់​សារព័ត៌មានថ្មីៗនោះ តម្លៃ​ស្រូវ​សែន​ក្រអូប​បាន​ធ្លាក់ចុះ​ពី ៣០០ដុល្លារ​ក្នុង១តោន មក​នៅត្រឹម​រង្វង់ ២០០ដុល្លារ ក្នុង​រយៈពេល​ជាង២សប្ដាហ៍​នេះ។

ប៉ុន្តែ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​វិញ តម្លៃ​ស្រូវ​ក្រអូប និង​ពូជស្រូវ​សែន​ក្រអូប​បាន​ធ្លាក់ចុះ​ពី​តម្លៃ ៩៩ម៉ឺន​និង៥ពាន់​រៀល(ប្រមាណ ៨៥០០បាត) ក្នុង១តោន នៅ​ពាក់កណ្ដាល​ខែសីហា មកដល់​ប្រហែល ៧៧ម៉ឺន​រៀល(ប្រមាណ ៦៥០០បាត) ក្នុង១តោន​នៅ​សប្ដាហ៍​នេះ៕





Tag:
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com