ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងទាក់ទាញការវិនិយោគ និងបង្ហាញសក្ដានុពលខ្លួន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅភ្នំពេញឆ្នាំ២០១៧
× ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន(World Economic Forum on ASEAN) លោកទី២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៧ ។ តាមរយៈវេទិកានេះ រដ្ឋាភិបាលនឹងព្យាយាមទាក់ទាញក្រុមហ៊ុនធំៗ មកបណ្ដាក់ទុននៅកម្ពុជា និងបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ នេះបើតាម លោក ស៊ុន ចាន់ថុល ប្រធានគណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំវេទិកានេះ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការទទួលរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានថ្នាក់ដឹកនាំរដ្ឋាភិបាលពីបណ្ដាប្រទេសនានា និងក្រុមហ៊ុនធំៗចូលរួម ប្រមាណជាង ៧០០នាក់នេះ គឺជាឱកាសដ៏កម្រមួយ ខណៈដែលប្រទេសផ្សេងៗព្យាយាមស្នើសុំរៀបចំវេទិកានេះនៅប្រទេសខ្លួន។ លោកថ្លែងថា ការទទួលបានឱកាសនេះ ក៏ព្រោះតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ដែលផ្ដល់ទំនុកចិត្តដល់បណ្ដាថ្នាក់ដឹកនាំបរទេស និងក្រុមហ៊ុនទាំងនោះ។
សូមស្ដាប់ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ៖
រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកមួយនេះ ដែលមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រធាន និង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអនុប្រធាន។ គណៈកម្មការនេះ មានភារកិច្ចដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ឲ្យមានប្រសិទ្ធភាព។
ឆ្នាំ២០១៦នេះ វេទិកានេះ ត្រូវបានរៀបចំនៅប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ដែលមានប្រទេសសមាជិកអាស៊ាន និងបណ្ដាប្រទេសក្រៅតំបន់ផ្សេងទៀត ជាង៥០ប្រទេស៕
Tag:
វេទិកាសេដ្ឋកិច្ចពិភពលោក
វិនិយោគ
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com