បទវិភាគ
ប្រវត្តិសាស្ត្រ​៖ តើ​ហេតុអ្វី​បានជា​ខ្មែរ​មិនសូវ​«​មាន​» ឬថា ហេតុអ្វី​បានជា​ខ្មែរ​ក្រ​?
24, Sep 2016 , 4:35 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ខ្មែរ​ក្រ ឬ​ខ្មែរ​ខ្ជិល ត្រូវបាន​មតិ​មួយចំនួន​លើកឡើង​ជារឿយៗ​។ ប៉ុន្តែ ហេតុផល​ជាក់ស្តែង​យ៉ាងណា​នោះ គ្មាន​នរណា​ហ្នឹង​ពិតប្រាកដ​ឡើយ​។ នៅក្នុង​សំណេរ​នេះ កាសែត​នគរវត្ត​បង្កើតឡើង​នៅ​ឆ្នាំ​១៩៣៦ សាកល្បង​ពន្យល់​ពី​បញ្ហា​ដែល​នាំ​ឲ្យ​ខ្មែរ​ក្រ​។ 


«​បរិយាយ​ថ្ងៃ​សៅរ៍​» គឺ​បទ​វិចារណកថា​ថ្ងៃ​សៅរ៍ (Editorial du Samedi) ដែល​សរសេរ​ដោយ​«​អាចារ្យ​កុយ​»​និង​«​អាចារ្យ​កង​»​បាន​ដាស់​ស្មារតី​ខ្មែរ​ឱ្យ​ភ្ញាក់រលឹក​កុំឱ្យ​ចាញ់​ប្រៀប​ជាតិ​សាសន៍​ដទៃ​។ អត្ថបទ​នេះ​ត្រូវបាន​បោះពុម្ព​ដោយសារ​ពត៌មាន​នគរ​វត្ដ​លេខ​ទី​១៤ ថ្ងៃ​សៅរ៍ ខែ​មិនា​ឆ្នាំ​១៩៣៧ ។ សារពត៌មាន​«​នគរ​វត្ដ​»​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៣៦, ជា​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍ ដែលមាន​លោក ប៉ាច ឈឺ​ន ជា​ចាងហ្វាង​។​
 
​ខ្មែរ​នៅ​ស្រុក​ខ្មែរ សព្វថ្ងៃនេះ ក្រ​ជាង​សាសន៍​ដទៃ ដែល​ចូលមក​នៅ​ស្រុក​ជាមួយ​ខ្មែរ​ទៅទៀត​។ ហេតុដែល​ក្រ​ជាងគេ​នោះ គឺមាន​ច្រើន​ចំពូក​។ ស្រុក​ខ្មែរ​យើង​សព្វថ្ងៃនេះ 
​មាន​របរ​ធនធាន​ជាច្រើន​ណាស់ មាន​ត្រី ពេញ​តែ​ទន្លេ ព្រែក បឹង មាន​ឈើ​ពេញ​តែព្រៃ​។ ដំណាំ​ដុះ​ឯង​ក៏មាន​ច្រើន ដូចជា​ផ្លែឈើ បន្លែ និង​ម្ជូរ​ក្ដី សឹង​មាន​គ្រប់មុខ​នៅក្នុង​ព្រៃ ...(​ប៉ុន្តែ​មិន​ឧស្សាហ៍​)​។​
 
​មួយ​យ៉ាង​ទៀត ខ្មែរ​យើង​ចិ​ត្ដ​ល្អ​ជ្រុល​ជាង​សាសន៍​ដទៃ​ពេក​ណាស់ ធ្វើបុណ្យ​ធ្វើ​ទាន​ក៏​ច្រើនជាងគេ​។ បើ​ក្នុង​គ្រួសារ​នីមួយៗ​មាន​មួយនា​ក់មាន​សម្បត្ដិ​គ្រាន់បើ​ជាងគេ​នោះ បងប្អូន​ជិត​ឆ្ងាយ​ទាំង​ប៉ុន្មាន​បោល​ចូលមក​នៅ​ស៊ី​ដោយសារ​អ្នក​នោះឯង ដល់​ទៅ​​ហិនហោច​លិចលង់​ទាំងអស់គ្នា គ្មាន​ចិ​ត្ដ​ចេះ​ខ្មាសអៀន​មិនចេះ​គិត​រក​ការធ្វើ​សោះ​។ បើ​អ្នក​នោះឯង​មិនឱ្យ​បងប្អូន​មក​នៅ​ស៊ីចុក​ដោយសារ​ផង មុខជា​បងប្អូន​ទាំងនោះ​មាន​ពាក្យ​និន្ទា​មិនខានឡើយ ពោលថា​ចិ​ត្ដ​មិនបាន​នឹង​បងប្អូន បើ​បងប្អូន​ចិ​ត្ដ​មិនបាន​ទៀត ក៏​គង់​នៅមាន​វត្ដ​លោក​នឹង​ស្នាក់​ស៊ីចុក​បាន​តាម​ចិ​ត្ដ​ដែរ​ ​ហើយ​វត្ដ​លោក​នោះ​ទៀត មាន​ច្រើនណាស់​សព្វថ្ងៃនេះ យ៉ាង​​កណ្ដាល​ត្រឹម​៣ ក្នុង​មួយ​ឃុំៗ​។ 
 
​ហេតុ​ធំ​បំផុត​ដែលនាំឱ្យ​ខ្មែរ​ក្រ​នោះ គឺ​បណ្ដា​ខ្មែរ​សឹង​គ្រប់រូប គិតតែ​ពី​ផ្លូវ​សប្បាយ ដើរ​លេងសើច​នាំឱ្យ​ចាយវាយ​មិនចេះ​គិត បើ​មាន​ប៉ុន្មាន ចាយ​ប៉ុណ្ណោះ​៕  
 

Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com