ពីនេះ ពីនោះ
តើ​ពេលណា​ត្រូវ​សរសេរថា «​បរិសុទ្ធ​» និង​«​បរិសុទ្ធិ​»​នៅក្នុង​ភាសា​ខ្មែរ​?
26, Sep 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​បរិសុទ្ធ​» និង​«​បរិសុទ្ធិ​» សាធារណជន នៅមាន​ភាពមិនច្បាស់លាស់​នៅក្នុង​ការសរសេរ​ថា​ពេលណា​ត្រូវ​«​បរិសុទ្ធ​» ហើយ​ពេលណា​ត្រូវ​សរសេរថា​«​បរិសុទ្ធិ​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា​«​បរិសុទ្ធ​» និង​«​បរិសុទ្ធិ​»​មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖



​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជា​គុណសព្ទ គឺ​ត្រូវ​សរសេរថា «​បរិសុទ្ធ​» ដែល​មានន័យថា ដែល​ស្អាត ឥត​សៅហ្មង ឥត​មោះមៃ ជាដើម​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​បរិសុទ្ធិ​» ដែល​មានន័យថា សេចក្ដី​ស្អាត ដំណើរ​ឥត​សៅហ្មង ការ​ឥត​មោះមៃ ជាដើម​។​

​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការ​បរិសុទ្ធិ​, ក្ដី​បរិសុទ្ធិ​, សេចក្ដី​បរិសុទ្ធិ និង​ដំណើរ​បរិសុទ្ធិ​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​បរិសុទ្ធិ​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​

​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​បរិសុទ្ធ​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការ​បរិសុទ្ធ​, ក្ដី​បរិសុទ្ធ​, សេចក្ដី​បរិសុទ្ធ និង​ដំណើរ​បរិសុទ្ធ​»៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com