អន្តរជាតិ
ហ្វីលីពីន​-​អាមេរិក ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ក្រោយ​លោក Duterte រិះគន់​លោក Obama ខ្លាំង​មក
26, Sep 2016 , 10:39 pm        
រូបភាព
ដោយ:
​កងទ័ព​ហ្វីលីពីន និង​កងទ័ព​អាមេរិក នឹងធ្វើ​លំ​ហាត់​យោធា​រួមគ្នា​នៅក្នុង​ទឹកដី​ហ្វីលីពីន​នៅ​ខែ​ក្រោយនេះ​។ លំ​ហាត់​យោធា​នេះ នឹង​ក្លាយជា​លំ​ហាត់​យោធា​លើកដំបូង​ហើយ​រវាង​ភាគី​ទាំងពីរ ក្នុង​រដ្ឋបាល​ថ្មី​ហ្វីលីពីន​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទេ​តេ​។ នេះ ក៏​បង្ហាញ​ដែរ​ថា ទោះ​ចុង​ក្រោយនេះ លោក ឌើ​ទើ​តេ រិះគន់​អាមេរិក​ខ្លាំងៗ​ក័៍​ដោយ ទំនាក់ទំនង​យោធា​ទាំងពីរ​នៅតែ​ជិតស្និទ្ធ​ដដែល​។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៤​ខែកញ្ញា​កន្លងទៅ កងកម្លាំង​ហ្វីលីពីន (AFP) និង​កងទ័ព​ម៉ា​រី​ន​ហ្វីលីពីន បាន​អញ្ជើញ​កងទ័ព​ម៉ា​រី​ន​អាមេរិក​ដើម្បី​ចូលរួម​ក្នុង​លំ​ហាត់​យោធា​ចូល​ចត​របស់​ហ្វីលីពីន​ដែលមាន​ឈ្មោះថា PHIBLEX33 ដែល​នឹងត្រូវ​ប្រព្រឹត្ត​នៅ​ថ្ងៃទី​៤​ដល់​ថ្ងៃទី​១២ ខែតុលា​ខាងមុខ​។ សម្រាប់​ទីតាំង​នៃ​សមយុទ្ធ​នោះ នឹងត្រូវ​ធ្វើឡើង​ច្រើន​កន្លែង​នៃ​ប្រទេស​ហ្វីលីពីន​។

​សមយុទ្ធ​យោធា PHIBLEX នឹងមាន​ការចូលរួម​ពី​កងកម្លាំង​ដែល​កំពុង​បម្រើការ​ប្រមាណ​១៤០០​នាក់ ដែល​បាននិងកំពុង​តែ​ឈរជើង​នៅ កោះ​អុ​គី​ណា​វ៉ា​នៃ​ប្រទេស​ជប៉ុន និង​កងកម្លាំង​របស់​ហ្វីលីពីន​ប្រមាណ​៥០០​នាក់​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បាន​បន្ថែមថា PHIBLEX នឹង​ផ្តល់​សារៈសំខាន់​លើ​ការហ្វឹកហ្វឺន​ផ្នែក​ជំនួយ​មនុស្សធម៌​, លំ​ហាត់​ចូល​ចត និង​ការបាញ់​គ្រាប់ផ្លោង​ពិត​ផងដែរ​។

​លំ​ហាត់​យោធា​រវាង​ហ្វីលីពីន និង​អាមេរិក ដែល​គ្រោង​នឹងធ្វើ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ គឺជា​លើកដំបូង​ហើយ​ដែល​ភាគី​ទាំងពីរ នឹងធ្វើ​ឡើង​ក្រោម​រដ្ឋបាល​គ្រប់គ្រង​ថ្មី​របស់​ហ្វីលីពីន លោក​ប្រ​ធានា​ធីប​តី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​។ ក្រោម​រដ្ឋបាល​ចាស់​ហ្វីលីពីន​ដែល​ដឹកនាំ​ដោយ​លោក​អតីត​ប្រធានាធិបតី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ហ្វីលីពីន បាន​ឲ្យ​មូលដ្ឋាន​យោធា​អាកាស​អាមេរិក​ប្រាំ​កន្លែង​ក្នុង​អធិបតេយ្យ​របស់ខ្លួន​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​តំបន់​ចិន​គ្រប់គ្រង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ប៉ុន្មាន​នោះទេ​។ ការផ្តល់​នោះ​ធ្វើឡើង​ក្រោម​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៤ និង​ចូល​ជាធរ​មាននៅ​ឆ្នាំ​២០១៦​នេះ​។​

​ដោយឡែក សមយុទ្ធ​យោធា​លើកដំបូង​ក្រោម​រដ្ឋបាល​របស់លោក ឌើ​ទើ​តេ ក៏​ធ្វើឡើង​ក្រោយ លោក​ប្រធានាធិបតី​រូបនេះ បាន​រិះគន់​អាមេរិក និង​ជេរប្រមាថ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​រិះគន់​រដ្ឋបាល​លោក​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​។ ជាងនេះទៅទៀត លោក ឌើ​ទើ​តេ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ថែមទាំង​ហ៊ាន​និយាយថា ហ្វីលីពីន មិនអាច​ពឹងផ្អែក​អាមេរិក​រហូត​បានឡើយ​ទៀត​៕


Tag:
 ហ្វីលីពីន​
 ​ អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com