អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់​ត្រាំ និង​ហ៊ី​ឡា​រី សន្យា​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ទោះជា​ចាញ់ក្តី​
27, Sep 2016 , 11:18 am        
រូបភាព
​ក្នុងពេល​បិទ​បញ្ចប់​ការជជែក​ដេញដោល​គ្នា​លើកដំបូង លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាសថា ខ្លួន​នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ទោះជា​លទ្ធផល​បែបណាក៏ដោយ​។ លោក ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់​ចោទថា ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​មិនល្អ​និង​សុក្រឹត​នោះ​ហាក់​ព្រម​ទទួលស្គាល់ថា លទ្ធផល​បោះឆ្នោត​ផ្លូវការ​ជា​លទ្ធផល​ចុងក្រោយ​មិនអាច​ប្រកែក​បាន ។​

​ការជជែក​ដេញដោល​រវាង​បេក្ខជន​ប្រ​ធានា​ធីប​តី​បានបញ្ចប់​ទៅដោយ​រលូន ប៉ុន្តែ​គេ​រង់​ចាំមើល​ការវិភាគ​ជា​ហូរហែរ​ដែលថា​អ្នកណា​ធ្វើ​ល្អ ឬ​មិនល្អ​នោះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បិទ​បញ្ចប់​ការជជែក​ដេញដោល​លើកដំបូង​នេះ អ្នកសម្របសម្រួល Lester Holt សួរថានៅ​ថ្ងៃ​បោះឆ្នោត​ខែវិច្ឆិកា តើ​អ្នក​ទាំងពីរ​នឹង​ទទួលស្គាល់​លទ្ធផល​ឬ​អត់​ពេល​ចាញ់ឆ្នោត​?
 
​បេក្ខជន​ទាំងពីរ​ទទួលស្គាល់ថា វា​ជាការ​ប្រកួតប្រជែង​ដែលមាន​ចាញ់​មាន​ឈ្នះ ។ ហើយ​បើ​បេក្ខជន​ណាមួយ​ចាញ់​ក៏ត្រូវ​ទទួលស្គាល់ថា​«​ចាញ់​» ហើយ​គាំទ្រ​អ្នក​ដែល​«​ឈ្នះ​»​ទៅ​។ 
 
​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាស​ពេញៗ​មាត់​ថា លោកស្រី គាំទ្រ​ប្រជាធិបតេយ្យ ដែល​ពេលខ្លះ​បេក្ខជន​អាច​ឈ្នះ ហើយ​ពេលខ្លះ​គេ​អាច​ចាញ់​ដូចគ្នា​។ ហើយ​លោកស្រី​សន្យាថា នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ខែវិច្ឆិកា​ខាងមុខ​ទោះជា​បែបណាក៏ដោយ​។​
 
​លោកស្រី​ថ្លែងថា​៖«​ខ្ញុំ​គាំទ្រ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​យើង​។ ហើយ​ពេលខ្លះ​អ្នកឈ្នះ ហើយ​ពេលខ្លះ​អ្នក​ក៏​ចាញ់​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ចិត្ត​ណាស់​ថា ខ្ញុំ​នឹង​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​»​។ ប៉ុន្តែ​លោកស្រី មាន​ជំនឿ​លើ​ប្រជាជន​អាមេរិក ដែល​នឹង​សម្រេចចិត្ត​បោះឆ្នោត ព្រោះ​វា​មិនមែនជា​ការបោះឆ្នោត​ដើម្បី​ក្រុម​ឬ​អ្នកណា​មួយ​ទេ តែ​ដើម្បី​អាមេរិក​ទាំងមូល​។ 
 
​ចំណែក​លោក ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ ក៏​មិន​ខុសពី​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដែរ​។ លោក​ថា លោក​ចង់​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដើម្បី​ដឹកនាំ​និង​ធ្វើ​ឲ្យ​អាមេរិក​កាន់តែខ្លាំង​និង​អស្ចា​រ្យ​ឡើង​។ ប៉ុន្តែ​លោក​មិន​ឡាំប៉ា​ក្រោយ​ការបោះឆ្នោត​ដោយ​ទាត់ចោល​លទ្ធផល​ផ្លូវការ​ឡើយ​។ «​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ជាថ្មីទៀត​។ ប៉ុន្តែ​បើសិនជា​លោកស្រី ហ៊ី​ឡា​រី ឈ្នះឆ្នោត​វិញ​នោះ ខ្ញុំ​ពិតជា​ទទួលស្គាល់​លទ្ធផល​ពេញទំហឹង​តែម្តង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ​។ វាក្លាយជាចម្ងល់មួយដែរ នៅពេលដែលលោក  ដូណាល់ ត្រាំ សន្យាថានឹងទទួលស្គាល់លទ្ធផល​បោះឆ្នោត ព្រោះ​តាំងពី​ដើម​លោក តែងចោទប្រកាន់​ប្រព័ន្ធបោះឆ្នោតអាមេរិក​និងអះអាងថា​មានការកេងបន្លំ​ពេលបោះឆ្នោតទៀត។

​​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ជួបគ្នា​ក្នុង​ការជជែក​ដេញដោល​បន្ទាប់​នៅ​ថ្ងៃ អាទិត្យ ទី ៩ តុលា ខាងមុខ​ទៀត​។ កម្មវិធី​ពិសេស​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ Washington នៅ​ក្រុង St. Louis នារ​ដ្ឋ Missouri​។​វេទិកា​ជជែក​ដេញដោល​លើក​ទី ២​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​អ្នកចូលរួម​សួរ​សំណួរ បេក្ខជន​បាន​ពាក់កណ្តាល ហើយ​សំណួរ​ពាក់កណ្តាល​ទៀត​នឹងត្រូវ​សួរ​ដោយ​អ្នកសម្របសម្រួល​៕
 

Tag:
 ហ៊ីឡារី គ្លីនតុន
  ដូណាល់ ត្រាំ
  Debate2016
© រក្សាសិទ្ធិដោយ thmeythmey.com