ជាតិ
អតីតជន​រងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​ចែករំលែក​បទពិសោធន៍​ការងារ​ជា​ជន​ចំណាកស្រុក​ខុសច្បាប់​
27, Sep 2016 , 3:37 pm        
រូបភាព
​សៀមរាប​៖ អតីតជន​រងគ្រោះ​នៃ​ការជួញដូរ​មនុស្ស ក៏ដូចជា​ជន​ចំណាកស្រុក​ខុសច្បាប់ ដែល​ស្វែងរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស បាន​ជួបពិភាក្សា និង​ចែករំលែក​បទពិសោធន៍ ដែល​ពួកគេ​បាន​ជួបប្រទះ​នាពេល​កន្លងមក​។ ជនរងគ្រោះ​ទាំងនោះ បាន​រម្លឹក​ទាំង​បទពិសោធន៍​ការងារ រួម​និង​ទុក្ខលំបាក​នៅក្នុង​ពន្ធនាគារ​នៅក្រៅ​ប្រទេស​។​



​អតីតជន​រងគ្រោះ​ពី​ការជួញដូរ​មនុស្ស បាន​ចែករំលែក​រឿងរ៉ាវ ដែល​បាន​កើតឡើង​អំឡុងពេល​ពួកគេ ស្វែងរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​។ ជនរងគ្រោះ​ទាំងនោះ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ និង​ត្រូវបាន​រងគ្រោះ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​ចិន​ជាដើម​។​

​ជនរងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី អ្នកស្រី ហ៊ីម ភាស់ បាន​និយាយថា អ្នកស្រី​ត្រូវបាន​អង្គការ​មួយ ដែល​អ្នកស្រី​មិន​ចាំ​ឈ្មោះ ជួយ​រំដោះ​ចេញពី​ពន្ធនាគារ​។ អ្នកស្រី​បន្ថែមថា អ្នកស្រី​រួម​និង​ជនជាតិខ្មែរ​ទាំង​១៤​នាក់​ផ្សេងទៀត បាន​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល​៧​ខែ មុននឹង​អង្គការសិទ្ធិមនុស្ស ជួយសង្គ្រោះ​។ អ្នកស្រី ភាស់ ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ព​ញ៉ា​ក្រែក ខេត្ត​ត្បូងឃ្មុំ បានចេញ​ទៅរក​ការងារ​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្ស​ល់​។​



​ជា​អតីតជន​រងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស​នៅ​ម៉ាឡេស៊ី​មួយរូប អ្នកស្រី ភាស់ ថ្លែង​ពី​ទុក្ខលំបាក​ជាច្រើន​នៅ​ទីនោះ​។ ដោយសារ​ពុំមាន​ប្រាក់​បង់​ធានា​ខ្លួន អ្នកស្រី ភាស់ ទ្រាំ​រស់នៅក្នុង​គុក​ទាំង​អារម្មណ៍​នៅ​គិត​កូន​ទាំង​៤​នាក់ ដែល​គ្មាន​ទីពឹង​នៅឯ​ស្រុក និង​មាន​ម្តាយ​នៅ​ថែរក្សា​។ «​ខ្ញុំ​នៅក្នុង​គុក​ស្គម ហូប​អត់​បាន​។ គេ​អត់​ធ្វើបាប​អីយើ​ង​ទេ ហើយក៏​អត់​ឃ្លានបាយ​អី​ដែរ តែ​ចិត្ត​មួយ​គិតថា បើ​អញ​មិន​ហូប អញ​នឹង​ស្លាប់ ចឹ​ង​មានតែ​ទ្រាំ​លេប​ដើម្បី​កូន​»​។ នេះ​ជា​រម្លឹក​ត្រួសៗ ពី​ទុក្ខលំបាក​របស់​អ្នកស្រី ភាស់ ក្នុងពេល​អ្នកស្រី​ជាប់​ក្នុង​ពន្ធនាគារ​។​

​ជនរងគ្រោះ​ម្នាក់ទៀត គឺ​អ្នកស្រី យឺន ស្រីនាថ​។ ស្រីនាថ ត្រូវបាន​ជួយសង្គ្រោះ​ពី​អង្គការ​មួយ នៅពេល​នាង​ជាប់​នៅ​ព្រំដែន​ប៉ោយប៉ែត គឺ​ក្រោយពី​នាង​សម្រេច​មក​ស្រុក​វិញ ពេលដែល​ប្រទេស​ថៃ​ប្រមូល​ពលករ​ខុសច្បាប់​មកចាក់​ចោល​អំឡុង​ឆ្នាំ​២០១៤​។ ស្រីនាថ រៀបរាប់​ពី​ការ​នៅក្នុង​ស្រុកថៃ​ថា នាង​ត្រូវ​អ្នកគ្រប់គ្រង​បង្ខំ​ឲ្យ​ធ្វើការ ទោះជា​នាង​មាន​ជំងឺ​ក៏ដោយ​។ «​យើង​អត់​បាន​ទៅណា​ទេ​។ ក្រៅពី​ទៅ​ផ្សារ​យើង​អត់​ហ៊ាន​ដើរលេង​ផ្តេសផ្តាស​ទេ ខ្លាច​តម្រួត​ចាប់​»​។​

​ក្រៅពី​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​ជួល​ហើយ ស្រីនាថ ដែលជា​ពលករ​ខុសច្បាប់​នៅ​ស្រុកថៃ ក៏​ត្រូវបាន​អ្នកគ្រប់គ្រង កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល​ពី​ថៅកែ​ផងដែរ​។ នាង​បញ្ជាក់ថា​៖« គេ​អត់​ឲ្យ​យើង​បើក​ផ្ទា​ល់ពី​ថៅកែ​ទេ​។ បើ​បើក​តាម​ថៅកែ​ផ្ទាល់ ប្រាក់ខែ​ពួក​ខ្ញុំ​អាច​បាន​១​ម៉ឺន​អីចឹង តែ​បើក​តាម​អ្នកគ្រប់គ្រង (​ជនជាតិ​ថៃ​) បានតែ​៨​ពាន់​បាត​តែប៉ុណ្ណោះ​»​។

​បច្ចុប្បន្ន ស្រីនាថ មានការ​ជ្រោមជ្រែង​ពី​អង្គការ​ក្នុងស្រុក​មួយ ដោយ​ផ្តល់​ឲ្យ​ប្តី​នាង​រៀន​ជួសជុល​ម៉ូតូ ហើយ​នាង​ចិញ្ចឹម​ជ្រូក​នៅ​ស្រុកកំណើត​ឯ​ខេត្តស្វាយរៀង​។ ទុក្ខលំបាក​នានា​ដែល ស្រីនាថ ជួបប្រទះ​នៅ​ប្រទេស​ថៃ ធ្វើ​ឲ្យ​នាង​លែង​ហ៊ាន​ចំណាកស្រុក​ទៀត ដោយ​រំពឹងថា មុខរបរ​បន្តិចបន្តួច​នៅ​ស្រុកកំណើត អាច​ចិញ្ចឹម​គ្រួសារ​ខ្លួន​បាន​។​

​វេទិកា​សម្លេង​អតីតជន​រងគ្រោះ​នៃ​ការជួញដូរ​មនុស្ស គឺមាន​អតីតជន​រងគ្រោះ​ប្រមាណ ៣០​នាក់ ហើយ​វេទិកា​នេះ​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ កញ្ញា​។ វេទិកា​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​គម្រោង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​កម្ពុជា (CTIP) អនុវត្តន៍​ដោយ​អង្គការ​វីន​រ៉ុ​ក (WINROCK International) ដោយមាន​ការគាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ហៅ​កាត់​ថា USAID​។​

​អ្នកស្រី សា​រ៉ា ភី​យ៉ា​សាណូ តំណាង​អង្គការ​វីន​រ៉ុ​ក​អន្តរជាតិ ថ្លែងថា គោលបំណង​ក្នុង​វេទិកា​ខាងលើ គឺ​ក្នុង​បំណង​បង្កើន​សំឡេង​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស​។ អ្នកស្រី​បន្ថែមថា អតីតជន​រងគ្រោះ​ទាំងអស់ ចាត់ទុកជា​អ្នកជំនាញ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍​ដែល​ពួកគេ​បាន​ជួបប្រទះ ហើយក៏​ដើម្បី​ឲ្យ​អង្គការ​នានា ក៏ដូចជា​រដ្ឋាភិបាល​អាច​ទប់ស្កាត់​ការជួញដូរ​មនុស្ស​ផងដែរ​។​

«​គេ​អាច​រៀនសូត្រ គេ​អាច​ស្រាវជ្រាវ តែ​គេ​មិនអាច​ដឹង​រឿងរ៉ាវ​ពិតប្រាកដ នៃ​ជនរងគ្រោះ​ទាំងនោះ​បានទេ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រី សា​រ៉ា នៅក្នុង​វេទិកា​ដែល​រៀបចំ​នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៧ កញ្ញា​។ អ្នកស្រី​រំលឹក​ផងដែរ​ថា ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ទាំងអស់ ក៏​មិនគួរ​ធ្វើឡើង​ដោយ​ការរើសអើង​នោះដែរ​៕


Tag:
 ការជួញដូរ​មនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com