ជាតិ
​គ​.​ជ​.​ប ស្នើ​ឲ្យ​មេ​សហជីព សម្រួល​ជាមួយ​ថៅកែ ដើម្បី​ឲ្យ​កម្មករ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
27, Sep 2016 , 5:01 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​ឲ្យ​សហភាព​ការងារ​កម្ពុជា រួមទាំង​មេ​សហជីព​ផ្សេងៗ​ទៀត សហការ​ជាមួយនឹង​ភាគី​រោងចក្រ ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី​គ្រប់រូប បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​លិខិត​របស់​គ​.​ជ​.​ប ដាក់ជូន​សហភាព​ការងារ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។​



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​សរសេរ​លិខិត​ទៅកាន់​មេ​សហជីព ដើម្បី​ឲ្យ​ជួយ​សម្របសម្រួល​ម្ចាស់​សហគ្រាស ក្នុងការ​ផ្តល់ឱកាស​ដ​ល់កម្ម​ករ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត  ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តាម​សេចក្តីណែនាំ​របស់​ក្រសួង​ការងារ​។ 

​គ​.​ជ​.​ប បានបញ្ជាក់​ក្នុង​លិខិត​របស់ខ្លួន​ថា​៖«​ក្រសួង​ការងារ​បាន​សេចក្តីជូនដំណឹង​មួយ ដោយ​អនុញ្ញាត​ឲ្យ​កម្មករ​និ​យោ​ជិ​ក ឈប់សម្រាក​រយៈពេល​៤​ថ្ងៃ ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​ចាប់​ពីថ្ងៃ​៣០ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦​។ ដូច្នេះ កម្មករ​និ​យោ​ជិ​ក មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ទៅ​ចុះឈ្មោះ​បោះឆ្នោត​»​។

​ជុំវិញ​បញ្ហា​ខាងលើ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សហជីព និង​ភាគី​និយោជក គួរតែ​គោរព​តាម​ការណែនាំ​របស់​គ​.​ជ​.​ប និង​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ទាក់ទង​នឹង​ការផ្តល់​សិទ្ធិសេរីភាព​ដល់ក​ម្មក​រ​ឲ្យ​បាន​ពេញលេញ ក្នុងការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ លោក ហង្ស ពុទ្ធា បន្ថែមថា គ​.​ជ​.​ប បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការរៀបចំ​ការចុះឈ្មោះ​បោះឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូត​។ ប៉ុន្តែ អ្នកនាំពាក្យ​រូបនេះ នៅតែ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​នានា ចូលរួម​សហការ​ជាមួយនឹង​គ​.​ជ​.​ប ដើម្បី​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត ដំណើការ​ទៅ កាន់តែ​ល្អប្រសើរ​។

​លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ បាន​លើកឡើងថា វា មិនមែនជា​បញ្ហា​អ្វី​ឡើយ សម្រាប់​មេ​សហជីព ក្នុងការ​សម្របសម្រួល​ជាមួយ​ម្ចាស់​រោងចក្រ ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ​និ​យោ​ជិ​ក បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក ដែល​ក្រសួង​ការងារ​បានប្រកាស​។ ប៉ុន្តែ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា អ្វី​ដែលជា​ឧបសគ្គ​សម្រាប់​កម្មករ​នោះ គឺ​ការលំបាក​ក្នុងការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​ថ្ងៃ​ធ្វើការ​។

​មេ​សហជីព​រូបនេះ បន្តទៀតថា ទោះបីជា​ថ្ងៃ​ធ្វើការ​ក៏ដោយ ក៏​ថៅកែ​រោងចក្រ មិនដែល​រារាំង​កម្មករ​-​កម្មការិនី មិន​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដែរ ប៉ុន្តែ ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺ​ត្រូវ​សុំច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក​សង្កត់ធ្ងន់ថា​៖«​ពួក​ខ្ញុំ​សម្រួល​ចេះតែ​បាន​ហើយ​។ តែ​គេ (​ម្ចាស់​រោងចក្រ​) កាត់​ប្រាក់​របស់​កម្មករ​។ គេ មិន​ឲ្យ​យើង​ឈប់​ទទេៗ​ទេ ព្រោះ​ខាត​គេ​»​។

​លោក ប៉ាវ ស៊ីណា យល់ថា ក្រៅពី​សេចក្តី​ជូន​ដឹង​ខាងលើ ដែល​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​រយៈពេល​៤​ថ្ងៃ គ​.​ជ​.​ប គួរតែ​ស្នើ​ទៅ​ក្រសួង​ការងារ ដើម្បី​ឲ្យ​ចេញ​សេចក្តីប្រកាស​ណាមួយ ដោយ​សម្រួល​ទៅ​ភាគី​និយោជក ក្នុងការ​អនុញ្ញាត​ឲ្យ​កម្មករ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដោយ​មិន​មានការ​កាត់​ប្រាក់ខែ​របស់​ពួកគេ​។

​សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល​៣​ខែ គឺ​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ជាង​៣​លាន ៥​សែន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​៕


Tag:
 ​កម្មករ​
  សហជីព​
  គជប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com