ជាតិ
សេដ្ឋកិច្ច
ថវិកាជាតិ​២០១៧៖ រដ្ឋាភិបាល​បង្កើន​ការចំណាយ​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ​
22, Oct 2016 , 8:19 am        
រូបភាព
គណៈរដ្ឋមន្ត្រី​កំពុង​ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧, រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
គណៈរដ្ឋមន្ត្រី​កំពុង​ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧, រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
​រដ្ឋាភិបាល​បានសម្រេច​បង្កើន​ការចំណាយ​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៧ ដល់​ទៅ ៥.០៤៦ លាន​ដុល្លារ កើនឡើង​ចំនួន​១៥,៦ ភាគរយ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦ ។ ថវិកាជាតិ​ឆ្នាំ​២០១៧ ផ្តោតលើ​ការចំណាយ​បុគ្គលិក វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ វិស័យសេដ្ឋកិច្ច និង​វិស័យ​សង្គមកិច្ច​។​



​រដ្ឋាភិបាល​កម្ពុជា  បាន​ពិភាក្សា និង​អនុម័ត​រួចហើយ សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧  នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ សេចក្តីព្រាងច្បាប់​នេះ មាន​៦​ជំ​ពួក និង​១៥​មាត្រា​។

​បើ​យោងតាម​សេចក្តីព្រាងច្បាប់​ដែល​ទើប​អនុម័ត​នេះ ថវិកាជាតិ​ឆ្នាំ​២០១៧ ត្រូវបាន​គ្រោង​ក្នុង​ទឹកប្រាក់ ២០១.៨៤៤.៥៧ លាន​រៀល ស្មើ​ប្រមាណ ៥.០៤៦ លាន​ដុល្លារ ស្មើ ២២,៦៧ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ផ​.​ស​) ។ គម្រោង​ចំណាយ​នេះ មាន​កំណើន ១៥,៦ ភាគរយ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦ ។

​ចំណាយ​ចរន្ត​ថវិកាជាតិ​ឆ្នាំ​២០១៧ មាន​ទិសដៅ​កំណត់​ចំណាយ​ចរន្ត​ឲ្យ​ស្ថិតនៅ​កម្រិត​ចំនួន​១៣.០៥០.៦៨៦ លាន​រៀល (៣២៦៣,៦៧​លាន​ដុល្លារ​) ត្រូវជា​១៤,៦៦​ភាគរយ នៃ​ផ​.​ផ​.​ស កើន​ចំនួន​១៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​ក្នុងនោះ​មាន​៖

ទី​១. ចំណាយ​លើ​បន្ទុក​បុគ្គលិក​រួមមាន​៖ បៀវត្សរ៍​មាន​ជាអាទិ៍​មូលដ្ឋាន​ប្រាក់​បំណាច់​មុខងារ ប្រាក់ឧបត្ថម្ភ និវត្តជន លាភការ និង​រង្វាន់​ផ្សេងៗ សម្រាប់​បុគ្គ​លោក ក្របខណ្ឌ​អចិន្ត្រៃយ៍ មន្ត្រី​ជាប់កិច្ចសន្យា ត្រូ​បានគ្រោង​ចំនួន ៦.៨០៤.០៥៩​លាន​រៀល​(១៧០១​លាន​ដុល្លារ​) កើន​ចំនួន​២០,៧​ភាគរយ ធៀប​នឹង​ថវិការ​ឆ្នាំ​២០១៦ ។

​ទី​២. វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​គ្រោង​ចំនួន​៣.៣៣៨.៤០០ លាន​រៀល​(៨៣៤,៦​លាន​ដុល្លារ​) ស្មើនឹង ២៥,៦ ភាគរយ នៃ​ចំណាយ​ចរន្ត​ថវិកាជាតិ ស្មើនឹង ៣,៧៥ ភាគរយ​នៃ ផ​.​ផ​.​ស កើន ២០,៤ ភាគរយ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦ ។​

​ទី​៣. វិស័យសេដ្ឋកិច្ច ត្រូវបាន​គ្រោង​ចំនួន ១.៣០៦.៣៦៧​លាន​រៀល (៣២៦.៥៩​លាន​ដុល្លារ​) មាន​សមាមាត្រ​ស្មើនឹង ១០ ភាគរយ​នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់ជាតិ ត្រូវជា ១,៤៧ ភាគរយ នៃ​ផ​.​ផ​.​ស មាន​កំណើន ១៣,១ ភាគរយ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦ ។​

​ទី​៤. វិស័យ​សង្គមកិច្ច ត្រូវបាន​គ្រោង​ចំនួន ៤.៨៣៦.៤៩៨​លាន​រៀល (១២០៩,១២​លាន​ដុល្លារ​) មាន​សមាមាត្រ​ស្មើនឹង​៣៧,១ ភាគរយ នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់ជាតិ ត្រូវជា ៥,៤៣ ភាគរយ នៃ​ផ​.​ផ​.​ស មាន​កំណើន ១២,៧ ភាគរយ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦ ៕


© រក្សាសិទ្ធិដោយ thmeythmey.com