កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន បកស្រាយ​រឿង​ជ្រើសរើស​កីឡាករ​ដែល​ត្រូវ​រត់​ភ្លើង​គប់​កីឡា​ជាតិ​លើក​ទី​១
23, Oct 2016 , 3:30 pm        
រូបភាព
ដោយ:
លោក វ៉ា​ត់ ចំរើន បានចេញមក​បកស្រាយ ​ជុំវិញការរិះ​ការ​រិះគន់ ចំពោះការ​ជ្រើសរើស​កីឡាករ​ ដើម្បី​រត់​ភ្លើង​គប់ ​បើក​កម្មវិធី​កីឡា​ជាតិ​លើក​ទី​១​ ។ ការបកស្រាយ ធ្វើឡើងក្នុង​សន្និសីទ​សារព័ត៌​មាន នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពីដើម​សប្តាហ៍​កន្លងទៅ។



​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពីពេល​ថ្មីៗ បាន​ឯកភាពគ្នា​សម្រេច​ជ្រើសរើស​កីឡាករ​ឆ្នើម​បច្ចុប្បន្ន​ចំនួន​៤​រូប ​រួមមាន​កីឡាករ ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម កែ ឡេង និង​កីឡាការិនី ស៊ន សៀវ​ម៉ី ដើម្បី​រត់​ភ្លើង​គប់​បើក​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នា​ថ្ងៃទី​២៨ ខែតុលា ខាងមុខនេះ​។ ការជ្រើសរើស​នេះ​ក៏​មានមតិ​មួយចំនួន​រិះគន់​ផងដែរ​ថា ហេតុអ្វី​មិន​ជ្រើសរើស​កីឡាករ​ម្ចាស់​មេដាយមាស​ពិភពលោក​រត់​ភ្លើង​គប់​នេះ​?  

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បកស្រាយ​ថា ការជ្រើសរើស​កីឡាករ ចាន់ វឌ្ឍនាកា ប្រាក់ មុន្នី​ឧ​ត្ត​ម កែ ឡេង និង​កីឡាការិនី ស៊ន សៀវ​ម៉ី សម្រាប់​រត់​ភ្លើង​គប់​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ ដោយសារ​កីឡាករ​ទាំងនេះ​ជា​កីឡាករ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន ជាពិសេស​មាន​ប្រជាប្រិយ​ខ្ពស់​នាពេល​បច្ចុប្បន្ន​។

​លើសពីនេះ លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ បានចាត់ទុក​ការរិះគន់​របស់​មហាជន​ទាំងនោះ​ថា វា​ជាការ​យល់ច្រឡំ ព្រោះ​នៅ​ថ្ងៃ​បើក​នៃ​កម្មវិធី​ប្រកួត លោក​បាន​អញ្ជើញ​គ្រប់​កីឡាករ​កីឡាការិនី​ដែល​ដណ្តើមបាន​មេដាយ មាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​អន្តរជាតិ​នានា​ទាំងអស់​ដើម្បី​ចូលរួម​។

​ទោះបីជា​កីឡាករ​កីឡាការិនី​ទាំងនេះ​មិន​ទទួលបាន​តួនាទី​ជា​អ្នករត់​ភ្លើង​គប់​បើក​ការប្រកួត​ក៏ដោយ ប៉ុន្តែ​អត្ត​ព​លិ​ក​ទាំងនេះ​អាច​ទទួលបាន​តួនាទី​ផ្សេងៗ​គ្នា​ជាច្រើន​ទៀត ដូចជា​កាន់​ទង់ជាតិ​ប្រទេស​កម្ពុជា ទង់ជាតិ​កីឡា​ជាតិ និង​ទង់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។



​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​មិញ លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​វា​ជាការ​យល់ច្រឡំ​នោះទេ ការពិត​គឺ​យើង​ហៅ​ទាំងអស់​អ្នក​ដែល​ទទួលបាន​មេដាយមាស​ពិភពលោក មិនមាន​អ្នកណា​មួយ​អត់​នោះទេ​។ ប៉ុន្តែ​របៀប​នៃ​ការធ្វើ​របស់​យើង​មាន​ចំនួន​កំណត់​យើង​មិនអាច​ប្រមូល​គ្រប់​ប្រភេទ​កីឡា​ដែល​ទើបនឹង​បាន​មេដាយប្រាក់ និង​សំរឹទ្ធ​អី​នោះទេ​»​។

​លោក​បាន​បន្តទៀតថា​៖«​អ៊ីចឹង​យើង​មាន​កម្រិត​នៃ​ការប្រមូល ប៉ុន្តែ​នៅក្នុង​នោះ​យើង​ធ្វើការ​បែងចែក​ដោយ​អ្នកខ្លះ​រត់​ភ្លើង​គប់ អ្នកខ្លះ​ទៀត​គាត់​ហែរ​ទង់ជាតិ​ប្រទេស ទង់ជាតិ​កីឡា​ជាតិ និង​ទង់ជាតិ​អូឡាំពិក​។ អ៊ីចឹង​នៅក្នុង​នោះ​យើង​បែងចែក​ឲ្យ​គាត់​មាន​កិត្តិយស ប៉ុន្តែ​គ្រាន់តែ​យើង​ចាត់​ចំណាត់ថ្នាក់​ឲ្យ​អ្នកណា​មាន​កិត្តិយស​ធំជាងគេ​ជា​បន្តបន្ទាប់​»​។

​ក្រៅពី​ការចូលរួម​របស់​កីឡាករ​ឆ្នើមៗ​នាពេល​បច្ចុប្បន្ន ក៏មាន​ការចូល​ពី​សំណាក់​កីឡាករ​កីឡាការិនី​ជើងចាស់​ល្បីៗ​ប្រចាំ​ទស្សវត្សរ៍ ៦០, ៧០ និង​៨០  ចូលរួម​ក្នុង​កម្មវិធី​បើក​ការប្រកួត​នោះ​ផងដែរ​។ ក្នុងនោះ​មាន​លោក កែវ ថុ​ន អតីត​អ្នករត់​ប្រណាំង​ដ៏​ឆ្នើម​ប្រចាំ​ទស្សវត្សរ៍​១៩៦០, លោក លោក អៀ​ត គឹម​ហេង អ្នក​ហែល​ទឹក​ដ៏​ល្បីល្បាញ​នា​ទសវត្សរ៍​៦០, លោក ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​នៅមុន​សង្គ្រាម លោក សោម សារ៉ន (​ហៅ​ម៉ាំង​) ដែលជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​លោក តូ រិ​ទ្ធិ​យ៉ា អ្នករត់​ចម្ងាយ​ដ៏​ល្បី​នៅ​ទសវត្ស​រ៍ឆ្នា​៨០ និង​៩០​។

​ក្នុងចំណោម​កីឡាករ​ជើងចាស់​ទាំងនេះ​ក៏មាន​ការបែងចែក​អ្នករត់​ភ្លើង​គប់ និង​អ្នក​កាន់​ទង់ជាតិ​ផងដែរ​។ លើសពីនេះ លោក វ៉ា​ត់ ចំរើន នៅតែ​បន្ត​ប្រកាស​ស្វែងរក​កីឡា​កី​ឡករ​កីឡាការិនី​ជើងចាស់​ល្បីៗ​ឲ្យ​ចូលរួម​បន្ថែម​ទៀតផង ហើយ​លោក​បាន​បញ្ជាក់ថា ប្រសិនបើ​មាន​កីឡាករ​ជើងចាស់​ល្បីៗ​ចង់​ចូលរួម​សូម​មក​ទំនាក់ទំនង​នៅ​ទីស្នាក់ការ NOCC ដើម្បី​លោក​សម្រួល​ក្នុងការ​ចូលរួម​។

​ថ្នាក់ដឹកនាំ​កីឡា​រូបនេះ ស្នើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​សិស្ស និស្សិត​ទាំងអស់​ចូលរួម​ក្នុង​កម្មវិធី​បើក និង​បិទ​នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ជាពិសេស​ចូលរួម​ទស្សនាការ​ប្រកួត​តែម្តង​។ គួរ​បញ្ជាក់ថា កម្មវិធី​បើក​ការប្រកួត​នឹង​ប្រ​ព្រឹទ្ធ​ទៅ​ថ្ងៃទី​២៨ ខែតុលា ចំណែក​កម្មវិធី​បិទ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​៕


Tag:
 ​កីឡា​ជាតិ​លើក​ទី​១
  វ៉ា​ត់ ចំរើន​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  ចាន់ វឌ្ឍនាកា​
  ស៊ន សៀវ​ម៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com