អន្តរជាតិ
​បន្ទាប់ពី​ចិន ប្រធានាធិបតី​ហ្វីលីពីន នឹង​បំពេញ​ទស្ស​កិច្ច​នៅ​ជប៉ុន​នា​សប្តាហ៍​ក្រោយ
23, Oct 2016 , 9:39 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន នាពេលបំពេញទស្សនកិច្ចទៅកាន់ចិន (រូបភាពដោយ៖ វិមានប្រធានាធិបតីហ្វីលីពីន)
លោកប្រធានាធិបតីហ្វីលីពីន នាពេលបំពេញទស្សនកិច្ចទៅកាន់ចិន (រូបភាពដោយ៖ វិមានប្រធានាធិបតីហ្វីលីពីន)
ដោយ:
​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ជប៉ុន​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧ ខែតុលា​ខាងមុខនេះ​។ ក្នុងអំឡុងពេល​បី​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក​ប្រធានាធិបតី នឹង​ចូល​សម្តែង​ការគួរសម​ជាមួយនឹង​អធិរាជ​ជប៉ុន និង​ជួបពិភាក្សា​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។



​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​នយោបាយ​ជប៉ុន Atsushi Ueno បាន​អះអាងថា លោក អា​បេ និង​លោក ឌើ​ទើ​តេ អាច​នឹង​ជជែក​លើ​បញ្ហា​ទ្វេភាគី និង​បញ្ហា​ក្នុង​តំបន់ ជាពិសេស​នោះ មេដឹកនាំ​ទាំងពីរ ក៏​អាច​នឹង​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​រវាង​ហ្វីលីពីន និង​ចិន​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Rappler​។​

​ការអះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​ជប៉ុន​នេះ ក៏​ស្រប​ជាមួយនឹង​ការបង្ហាញ​ពី​ចេតនា​របស់​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ការចង់​ឲ្យ​ជប៉ុន​ចូលរួមចំណែក​ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​ចិន​ផងដែរ​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២១ ខែតុលា បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ចិន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​អះអាងថា លោក មិន​ប្រាកដថា នឹង​ជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​នោះ ដ្បិត វា​អាស្រ័យ​លើ​ស្ថានភាព​។

​លោក បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា « វា (​ការជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​) អាចជា​តាម​លក្ខណៈ​ទ្វេភាគី ដោយ​អាស្រ័យ​លើ​ការអភិវឌ្ឍ​។ ហើយ​វា ក៏​អាចជា​លក្ខណៈ​ពហុភាគី ដែល​រួមបញ្ចូល​ទាំង​ជប៉ុន​ផងដែរ​នោះ​។ ទាំងនេះហើយ ដែលជា​អ្វីដែល​ខ្ញុំ អាច​នឹងធ្វើ​នាពេលខាងមុខ​»​។

​តាមពិតទៅ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ក៏​ធា្ល​ប់​ជួប​ជជែក​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ អា​បេ នៅក្រៅ​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន​នៅ​ឡាវ​ដែលជា​កន្លែង​លោក​អា​បេ អញ្ជើញលោក ឌើ​ទើ​តេ ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន ម្តង​រួចហើយ​។ នៅពេលនោះ ភាគី​ទាំងពីរ ក៏បាន​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​នោះ ជប៉ុន ក៏បានផ្តល់​ប្រឹក្សា​យោបល់​ដល់​ហ្វីលីពីន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ លោក អា​បេ ក៏​ឆ្លៀត​លើកឡើង​ពី​ផែនការ​របស់​ជប៉ុន​ក្នុង​ការផ្តល់​នាវាចម្បាំង​ពីរ​គ្រឿង​ដល់​ហ្វីលីពីន និង​ឲ្យ​ហ្វីលីពីន​ជួល​យន្តហោះ​ស៊ើបការណ៍​ប្រាំ​គ្រឿង​ដើម្បី​ពង្រឹងសមត្ថភាព​សន្តិសុខ​ទៀតផង​។​

​សូម​ជម្រាប​ផងដែរ​ថា ក្រៅពី​អាមេរិក ជប៉ុន ក៏​ជា​សម្ព័ន្ធមិត្ត​របស់​ហ្វីលីពីន​យ៉ាង​ជិតស្និទ្ធ​ផងដែរ​។ ក្នុង​រដ្ឋបាល​របស់​អតីត​ប្រ​ធានា​ធីប​តី​ហ្វីលីពីន លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ជប៉ុន ក៏បាន​ចូលរួម​ជ្រោមជ្រែង​ហ្វីលីពីន​យ៉ាងសកម្ម​ដើម្បី​តទល់​ជាមួយនឹង​ចិន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។ ក្នុងនោះ ជប៉ុន ក៏បាន​កៀងគោ​សហគមន៍​អន្តរជាតិ​ដើម្បី​គាំទ្រ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​តុលាការ​កាត់​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​ចិន តាម​បណ្តឹង​របស់​រដ្ឋាភិបាល​លោក លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។​

​បើទោះបីជា​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានបង្ហាញ​របត់​គោលនយោបាយ​ការបរទេស​ខ្លាំង​ទៅរក​ចិន ដែលជា​គូបដិបក្ខ​របស់​ជប៉ុន​ទាំង​ឥទ្ធិពល​នៅក្នុង​តំបន់ និង​ជម្លោះ​ក្នុង​តំបន់​នោះ ហ្វីលីពីន នៅតែ​ត្រូវ​ជាមួយ​ជប៉ុន​ដដែល​។ ជាក់ស្តែង​នោះ រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន ក៏​ធ្លាប់​និយាយ​ដោយផ្ទាល់​ថា ប្រសិនបើ​អាមេរិក ចង់​ដកខ្លួន​ពី​ហ្វីលីពីន​ដោយសារតែ​ការប្រើ​ពាក្យសម្តី​វាយប្រហារ​ខ្លាំង​របស់​ហ្វីលីពីន​នោះ ហ្វីលីពីន អាច​ពឹង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​របស់ខ្លួន ដែល​រាប់បញ្ចូល​ទាំង​ជប៉ុន​ផងដែរ​នោះ​៕


Tag:
 ហ្វីលីពីន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com