អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចង់​កាត់ទោស​ប្រធានាធិបតី Maduro ដែល​រារាំង​ការធ្វើប្រជាមតិ
24, Oct 2016 , 10:57 am        
រូបភាព
ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro
ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro
 
 
​សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​គ្របដណ្ដប់​ដោយ​សំឡេង​ភាគច្រើន​របស់​បក្សប្រឆាំង បានដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​លោក​ប្រធានាធិបតី Nicolas Maduro ដោយ​ចង់​កាន់​ទោស​លោក Maduro ពីបទ​បំពាន​ប្រជាធិបតេយ្យ និង​ចោទ​រដ្ឋាភិបាល​ថា បានធ្វើ​រដ្ឋប្រហារ​ទៀតផង​។ ការដាក់​សម្ពាធ​ខ្លាំង​បែបនេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​រារាំង​ការធ្វើប្រជាមតិ​មួយ ដើម្បី​ទម្លាក់​លោក Maduro ពី​តំណែង​ប្រធានាធិបតី​នោះ​។  

 
​សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ថ្ងៃទី​២៣ ខែតុលា បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី Nicolas Maduro ព្រោះ​លោក​រំលោភបំពាន​ប្រជាធិបតេយ្យ និង​ធ្វើ​ខុសច្បាប់​ប្រទេស​។ សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ដឹកនាំ​ដោយ​បក្សប្រឆាំង ក៏បាន​អនុម័ត​លើ​សេចក្ដីសម្រេច​មួយចំនួន ដែល​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​ការគាំទ្រ​កាន់តែខ្លាំង​ដល់​ក្រុម​បក្សប្រឆាំង ដែល​ចង់​ទម្លាក់​លោក Maduro ពី​តំណែង​។​
 
​ក្នុង​កិច្ចប្រជុំ​ពិសេស​ដែល​ត្រូវ​អុកឡុក​ដោយ​ក្រុម​អ្នកគាំទ្រ​លោក Maduro សមាជិកសភា​ប្រឆាំង​បានអនុម័ត​សេចក្ដីសម្រេច​ដែល​បាន​ចោទ​របប​ប្រធានាធិបតី Maduro ថា​ល្មើសច្បាប់​រដ្ឋធម្មនុញ្ញ និង​បានធ្វើ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​។ ប្រធាន​សំឡេង​ភាគច្រើន​សភា​មកពី​បក្សប្រឆាំង លោក Julio Borges និយាយ​ដែរ​ថា ប្រធានាធិបតី Maduro បានធ្វើ​ខុសច្បាប់ ព្រោះ​លោក​បិទផ្លូវ​មិន​ឲ្យ​ការបោះឆ្នោត​កើតឡើង​បាន​។ 
 
​នាពេល​កន្លងមក បក្សប្រឆាំង​បាន​ប្រមូល​មេដៃ​ជាច្រើន​លាន​ដើម្បី​ដាក់​ញត្តិ​ធ្វើ​ប្រជាមតិ​មួយ​សំដៅ​ទម្លាក់​ប្រធានាធិបតី​សង្គមនិយម Maduro ដែល​មិនអាច​ដោះស្រាយ​បញ្ហា​ក្នុងស្រុក ជាពិសេស​វិបត្តិ​សេដ្ឋកិច្ច​ដ៏​រ៉ាំ​រ៉ៃបាន​។ យ៉ាងណាក្ដី ស្ថាប័ន​ទទួលបន្ទុក​ការបោះឆ្នោត និង​តុលាការ​ធម្មនុញ្ញ​ដែល​ស្និទ្ធ​លោក Maduro បាន​រារាំង​ការប៉ុនប៉ង​ធ្វើ​ប្រជាមតិ​នេះ​រហូតមក ដែល​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​កាន់តែ​ដុនដាប​រហូតមក​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters គណបក្សកាន់អំណាច​បា​ន​ចោទប្រកាន់​ក្រុមប្រឆាំង​ថា ក្លែងបន្លំ​ស្នាម​មេដៃ​ទាំងនោះ​។ បក្ស​កាន់អំណាច​បញ្ជាក់ថា សម្ព័ន្ធមិត្ត​ប្រឆាំង​ចង់​ធ្វើ​រដ្ឋប្រហារ​ដើម្បី​គ្រប់គ្រង​ប្រេង​ឆៅ​បម្រុង​ទុក​របស់​ប្រទេស​។ ម្យ៉ាងទៀត រដ្ឋាភិបាល​លោក Maduro ក៏បាន​ចោទ​បក្សប្រឆាំង​ពាក់ព័ន្ធ​ជាមួយ​កម្លាំង​បរទេស ដែលមាន​បំណង​បំបែកបំបាក់​របប​សង្គម​និយម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។  
 
​ជាមួយនឹង​ការអនុម័ត​សេចក្ដីសម្រេច​ដែល​ចង់​កាត់ទោស​ប្រធានាធិបតី Maduro ក្រុមប្រឆាំង ក៏​អំពាវនាវ​ឲ្យ​មានការ​ធ្វើបាតុកម្ម​សន្តិ​វិធី ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​លោក Maduro បើកផ្លូវ​ឲ្យ​មាន​ការធ្វើប្រជាមតិ​វិញ​ដែរ​។ ប៉ុន្តែ​នេះ​មិនមែនជា​រឿង​ងាយ​ឡើយ ដ្បិត​លោក Maduro នៅមាន​ឥទ្ធិពល​ខ្លាំង​នៅឡើយ ហើយ​ការសម្រេច​របស់​សភា​ក៏​មិនមាន​អំណាច​បង្ខំ​អ្វី​ដល់​លោក Maduro ដែរ ព្រោះ​ទាំង​រដ្ឋាភិបាល និង​តុលាការ​កំពូល​នៅតែមាន​សិទ្ធិ​មិន​គោរព​សភា​៕
 
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  Nicolas Maduro
© រក្សាសិទ្ធិដោយ thmeythmey.com