ជាតិ
តុលាការ កោះហៅ​ប្រធាន​សមាគម​អាដហុក ទៅ​សួរ​រឿងស្រី​មុំ
24, Oct 2016 , 11:11 am        
រូបភាព
​ភ្នំពេញ​៖ តាម​ការកំណត់​នៅក្នុង​ដីកា លោក ធន សា​រ៉ា​យ ត្រូវ​ចូលទៅ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ នេះ ជុំវិញ​ដំណើររឿង​ដែល​ទាក់ទង​នឹង​ស្រីមុំ​។ ប៉ុន្តែ លោក ធន សា​រ៉ា​យ មិនបាន​ចូលទៅ​កាន់​តុលាការ​នោះទេ ដោយសារតែ​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេសក្រៅ​។



​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក ដើម្បី​ឲ្យ​បង្ហាញខ្លួន​នៅក្នុង​តុលាការ ក្នុងនាម​ជា​សាក្សី​។ ការកោះហៅ​លោក ធន សា​រ៉ា​យ គឺ​ដើម្បី​សួរដេញដោល ពី​ដំណើររឿង «​សូកប៉ាន់​សាក្សី​» ដែល​ទាក់​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ កន្លងមក​។​

​លោក សឺ​ន សែន​ករុណា មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក បាន​ប្រាប់ សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លោក ធន សា​រ៉ា​យ កំពុងតែ​បំពេញ​បេសកម្ម​នៅឯ​បរទេស ដូច្នេះ​មិនអាច​ចូលទៅ​កាន់​តុលាការ​នោះទេ​។ លោក សឺ​ន សែន​ករុណា បន្តទៀតថា មេធាវី​របស់លោក ធន សា​រ៉ា​យ ទំនងជា​ដាក់​លិខិត​សុំ​ពន្យារពេល ទៅកាន់​តុលាការ​រួចហើយ​។​

​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក​រូបនេះ មិនបាន​ដឹងថា លោក ធន សា​រ៉ា​យ នឹង​វិល​មក​កម្ពុជា​វិញ​នៅពេលណា​នោះទេ ហើយក៏​មិនបាន​បញ្ជាក់ថា លោក ធន សា​រ៉ា​យ ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ណា​ដែរ​។

​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​មេធាវី​របស់លោក ធន សា​រ៉ា​យ ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​។

​សូមបញ្ជាក់ថា ដោយសារតែ​រឿងរ៉ាវ​របស់​ស្រីមុំ មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​អាដហុក​ចំនួន ៤ រូប រួមមាន លោក នី សុខា​, លោក ណៃ វង់​ដា​, លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី បាន​ជាប់ពន្ធនាគារ​។ តុលាការ បាន​ចោទ​អ្នក​ទាំង​៤​ខាងលើ ពីបទ «​សូកប៉ាន់​សាក្សី​»​។ មិនមែន​មានតែ​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៤​រូប​នោះទេ ដែលមាន​ក្តីក្តាំ​នៅ​តុលាការ ព្រោះតែ​រឿង​របស់​ស្រីមុំ លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ក៏​ជាប់ពន្ធនាគារ ជុំវិញ​រឿងនេះ​ដែរ​។ តុលាការ ចោទ លោក នី ចរិយា ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»​។

​អ្នក​ទាំង​៥​រូបនេះ ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ៕


Tag:
 ស្រីមុំ​
  អាដហុក​
  ធន សា​រ៉ា​យ​
  តុលាការ​
 ​ កោះហៅ​
© រក្សាសិទ្ធិដោយ thmeythmey.com