ជាតិ
សិល្បះ
កម្ពុជា​-​កូរ៉េ​ផ្សារភ្ជាប់​សិល្បៈ​បុរាណ និង​សម័យ​តាម​ការអប់រំ​
11, Nov 2016 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និស្សិត​កម្ពុជា និង​កូរ៉េ​ជាង ២០​នាក់ បាន​ផ្លាស់ប្តូរ​ពិសោធន៍​សិល្បៈ​បុរាណ និង​សម័យ រវាង​កម្ពុជា -​កូរ៉េ រយៈពេល​ជាង ៣​សប្តាហ៍ ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ ការផ្លាស់ប្តូរ​កម្មវិធី​ផ្នែក​សិល្បៈ​នេះ ជា​កិច្ចសហការ​រួមគ្នា​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាកលវិទ្យាល័យ​ជាតិ​សិល្បៈ​កូរ៉េ​។​



​លោក Shin Chang Ho ផ្នែក​សិល្បៈ​រាំ និង​ត​ន្រី្ត នៃ​សាកលវិទ្យាល័យ​ជាតិ​សិល្បៈ​កូរ៉េ​មាន​អារម្មណ៍​រីករាយ​ជាខ្លាំង នៅពេល​សិល្បៈ​កម្ពុជា និង​កូរ៉េ​ត្រូវបាន​ផ្សារភ្ជាប់​គ្នា​រវាង យុវជន​ប្រទេស​ទាំងពីរ​។ កិច្ចសហប្រតិបត្តិការ​ក្រោម​គម្រោង Dream Project មាន​រយៈពេល ជាង ៣​ឆ្នាំ​ហើយ នៅ​កម្ពុជា​។​

​លោក Shin Chang Ho ដែលមាន​វត្ត​មាននៅ​កម្ពុជា​ជា​លើក​ទី​ពីរ ជឿជាក់ថា ការផ្លាស់ប្តូរ​គ្នា រវាង​សិល្បៈ​បុរាណ និង​ទំនើប​រវាង​ប្រទេស​ទាំងពីរ នឹង​ជួយ​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា និង​កូរ៉េ​ថែមទៀត​។



​លោក​សាស្ត្រាចារ្យ បាន​ថ្លែង​ក្នុង​ពិធី​សម្តែង​សិល្បៈ​រវាង​កម្ពុជា និង​កូរ៉េ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា កាយវិការ​សិល្បៈ​នេះ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ពាក្យសម្តី ព្រោះ​វា​បង្ហាញ​ពី​ការគាំទ្រ និង​ចែករំលែក​វប្បធម៌​ប្រទេស​ទាំងពីរ​ផ្ទាល់​»​។​

​មិន​ខុសគ្នា​ដែរ លោក ជីន នោម​មុន្នី សាកលវិទ្យាល័យ​រង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ជឿជាក់ថា ចំណងមិត្តភាព​ផ្នែក​សិល្បៈ​រវាង​កម្ពុជា និង​កូរ៉េ នឹង​កាន់តែ​ទទួលបាន ការចាប់អារម្មណ៍​រវាង​ប្រជាជន​ទាំងពីរ​ទៀត​។​

​សាកលវិទ្យាល័យ​រង​រូបនេះ មើលឃើញថា សិល្បៈ​បុរាណ​កូរ៉េ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​សិល្បៈ​បុរាណ​ខ្មែរ​ដែល​អាច​ទាញ​ចំណាប់អារម្មណ៍​ប្រជាជន​ទាំងពីរ ផ្ទុយ​ពី​សិល្បៈ​បស្ចិមប្រទេស និង​នៅ​អឺរ៉ុប​។​

​លោក​បាន​សង្កេត​ផ្អែក​តាម​ការ​ទស្សនា​ភាពយន្ត​កូរ៉េ​កន្លងទៅ ប្រាប់​និស្សិត និង​សាស្ត្រាចារ្យ​ចូលរួម​ជាង ១០០​នាក់ ក្នុង​សាលសន្និសីទ ដូច្នេះ​ថា​៖«​វប្បធម៌ និង​សិល្បៈ​កូ​រ៉​មាន​កាយវិការ ចិត្ត អត្តសញ្ញាណ​បុរាណ​មិន​ខុសពី​ខ្មែរ​យើង​ប៉ុន្មាន​ទេ ពិសេស​គឺ ការប្រើប្រាស់​ពណ៌​សំលៀក បំពាក់​តែម្តង​»​។​

​លោក​ជឿជាក់ថា ទាំង​សិល្បៈ​បែប​បុរាណ និង​ទំនើប​ប្រទេស​ទាំងពីរ នឹង​ទទួលបាន​ការចាប់ អារម្មណ៍​រវាង​ប្រជាជន​ទាំងពីរ​៕










Tag:
 កូរ៉េ​
  កម្ពុជា​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com