អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៦ ប្រកាស​ក្រុម​ជើងឯក​ថ្នាក់ជាតិ នៃ​ប្រទេស​ទាំង​៥
29, Nov 2016 , 3:56 pm        
រូបភាព
​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប បានប្រកាស​ក្រុម​ជើងឯក​ថ្នាក់ជាតិ​ទាំង​៥ របស់​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៦​។ ក្រុម​ជើងឯក​ថ្នាក់ជាតិ ដែល​មកពី​ប្រទេស​ចំនួន​៥ ក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ថៃ នឹង​ជួប​ប្រកួត​គ្នា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧  ដើម្បី​ដណ្តើម​តំណែង​ជើងឯក​ថ្នាក់​តំបន់ ដែលមាន​ប្រាក់រង្វាន់​សរុប ៣៨ ០០០​ដុល្លារ​អាមេរិក​។​

​ក្រុម The Visionary មកពី​សាកលវិទ្យាល័យ AUPP ត្រូវបាន​ជ្រើសរើស​ជា​ក្រុម​ជើងឯក​ថ្នាក់ជាតិ តំណាងឱ្យ​ប្រទេស​កម្ពុជា នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ថ្នាក់ជាតិ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា កន្លងទៅនេះ​។ ក្រៅពីនេះ ជើងឯក​ថ្នាក់ជាតិ ៤​ក្រុម​ផ្សេងទៀត គឺ​រួមមាន ក្រុម Raymond Stanley Investment Fund តំណាង​ប្រទេស​ម៉ាឡេស៊ី - ក្រុម Baktiinvesta តំណាង​ប្រទេស​ឥណ្ឌូនេស៊ី - ក្រុម Fujok តំណាង​ប្រទេស​សិង្ហ​បុរី និង​ក្រុម GNL តំណាង​ប្រទេស​ថៃ​។​



​តាម​លក្ខខណ្ឌ​នៃ​ការប្រឡង ក្រុម​នីមួយៗ​នឹង​ទទួលបាន​ប្រវត្តិ​ទិន្នន័យ​នៃ​ផ្សារភាគហ៊ុន​ទាំង​៥ ដើម្បី​វិភាគ និង​ជ្រើសរើស​ភាគហ៊ុន​មួយ ដែល​គិតថា​អាច​ទទួល​បានការ​ចំណេញ​ច្រើន​បំផុត​។ បន្ទាប់មក ក្រុម​ប្រឡង​ត្រូវធ្វើ​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​របស់ខ្លួន មុនពេល​គណៈកម្មការ សម្រេច​ជ្រើសរើស​ក្រុម​ជើងឯក​។ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ជើងឯក​ថ្នាក់​តំបន់ នឹង​បាន​ធ្វើដំណើរ​កម្សាន្ត ទៅកាន់​ផ្សារភាគហ៊ុន​ហុងកុង ជាមួយ​ប្រាក់រង្វាន់ ១២ ០០០​ដុល្លារ​អាមេរិក ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន ៨ ០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ ទទួលបាន ៥ ០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ ទទួលបាន ៣ ០០០​ដុល្លារ​អាមេរិក និង​ក្រុម​លេខ​៥ ទទួលបាន ១ ៥០០​ដុល្លារ​អាមេរិក​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ថ្នាក់ជាតិ នាពេល​កន្លងទៅនេះ លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ CIMB បានឱ្យដឹងថា​៖ «​កម្មវិធី​ប្រកួត​ភាគហ៊ុន​អាស៊ាន ដែលមាន​តែមួយ​នេះ ត្រូវបាន​រៀបចំឡើង សម្រាប់​និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទាំងអស់ ក្នុង​គោលបំណង​លើកកម្ពស់​ការស្វែងយល់​ពី​ផ្សារភាគហ៊ុន ដល់​អ្នកវិនិយោគ​ជំនាន់​ក្រោយ ពី​ការបង្កើត​ឱកាសល្អៗ​ក្នុងការ​ស្វែងរក​ប្រាក់​ចំណេញ ទាំង​នៅក្នុង​ប្រទេស​របស់ខ្លួន ក៏ដូចជា​នៅក្នុង​តំបន់​ទាំងមូល​ផងដែរ​»​។ មិនតែប៉ុណ្ណោះ ក្រៅពី​អបអរសាទរ​ដល់​ក្រុម​ជ័យលាភី​កំពូល​ទាំង​៣ និង​ក្រុម​ជើងឯក​ថ្នាក់ជាតិ​របស់​កម្ពុជា លោក​ប៊ុន យីន ក៏បាន​លើកទឹកចិត្ត​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា ចូលរួម​កម្មវិធី​ប្រកួត​ថ្នាក់​តំបន់​នេះ​កាន់តែច្រើន​ថែមទៀត សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ផងដែរ​។​



​បើតាម​ប្រសាសន៍​របស់លោក​ស្រី Dato’ Hamidah Naziadin អគ្គនាយិកា​ធនធានមនុស្ស របស់​ស៊ី​អាយ​អិ​ម​ប៊ី​គ្រុប បាន​បញ្ជាក់ថា ចំនួន​ក្រុម​សរុប​ទាំង​៥​ប្រទេស ដែល​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំនេះ មានការ​កើនឡើង​គួរ​ឡើង​ចំនួន​៤៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ខណៈដែល​ចំនួន​សាកលវិទ្យាល័យ បាន​កើនឡើង ១៨% ពី​ចំនួន ១១៨​សាកលវិទ្យាល័យ ក្នុង​ឆ្នាំ​២០១៥ ដល់ ២២២​សាកលវិទ្យាល័យ ក្នុង​ឆ្នាំ​២០១៦​។ កម្រិត​សន្ទុះ​ចូលរួម​គួរឱ្យកត់សម្គាល់ គឺជា​ការជំរុញ​លើកទឹកចិត្ត​យ៉ាងខ្លាំង ដល់​ស៊ី​អាយ​អិ​ម​ប៊ី ក្នុងការ​លើកកម្ពស់ និង​អភិវឌ្ឍ​ទេពកោសល្យ ក្នុងចំណោម​និស្សិត​សាកលវិទ្យាល័យ ក្នុង​តំបន់​អាស៊ាន​។​

​មកដល់ពេលនេះ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន បាន​ឈាន​មកដល់​ឆ្នាំ​ទី​៧​។ ហើយ​ប្រទេស​កម្ពុជា​ទើបតែ​បាន​ចូលរួម​កម្មវិធី​ប្រកួត​ថ្នាក់​តំបន់​នេះ ចំនួន​២​លើក​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៤ និង​២០១៥​។ កម្មវិធី​នេះ​មានការ​គាំទ្រ​យ៉ាង​ផុសផុល​ពី​បណ្តា​សាកលវិទ្យាល័យ​នានា និង​មានការ​ចូលរួម​ប្រកួត​ពី​សំណាក់​និស្សិត​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាងនេះទៅទៀត អ្វី​គួរឱ្យកត់សម្គាល់​នោះ គឺ​ក្រុម​ជើងឯក​តំណាង​កម្ពុជា តែងតែ​បង្ហាញ​នូវ​ភាព​លេចធ្លោ​របស់ខ្លួន ដោយ​ដណ្តើមបាន​តំណែង​ជើងឯក​រង​ថ្នាក់​តំបន់ ទាំង​២​ឆ្នាំ​ជាប់​គ្នា​ផងដែរ​។​

​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​
​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​សរុប​ប្រមាណ ១៩.០០០ នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ធនាគារពាណិជ្ជ ព្រមទាំង​សេវាកម្ម​សាជីវកម្ម និង​ប្រតិបត្តិការ​ធនាគារ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​



​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១.០០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមិថុនា ឆ្នាំ​២០១៦​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩៧,៩% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៤០.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៦​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com