កីឡាជាតិ
ជាតិ
កីឡាករ​ប៉េតង់ សុខ ចាន់​មាន ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ម៉ា​ដា​ហ្កា​ស្កា​
04, Dec 2016 , 8:20 am        
រូបភាព
ដោយ: រួបរួម
កីឡាករ​ប៉េតង់ សុខ ចាន់​មាន បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពិភពលោក​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ពិភពលោក​នៅ​ទីក្រុង Antananarivo ប្រទេស​ម៉ា​ដា​ហ្កា​ស្កា បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​បារាំង Le Boursicaud Bruno នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​




ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ប៉េតង់​ពិភពលោក​ (Championnat du Monde de Petanque) លើក​ទី​៤៧ ត្រូវបាន​រៀបចំឡើង​នៅ​ទីលាន Palais des Sports Mahamasina ក្រុង Antananarivo ប្រទេស​ម៉ា​ដា​ហ្កា​ស្កា ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៤ ខែធ្នូ​។ កីឡាករ សុខ ចាន់​មាន បាន​ចូលរួម​ប្រកួតប្រជែង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ជាមួយ​កីឡាករ​៤៧​នាក់​ផ្សេងទៀត មកពី​ប្រទេស​នានា​លើ​ពិភពលោក​។​

​នា​ការប្រកួត​ជម្រុះ​បឋម ចាន់​មាន រកបាន​៣៨​ពិន្ទុ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១១​។ ក្នុងការ​ប្រកួត​វគ្គ Repechage ចាន់​មាន​រកបាន​៥២​ពិន្ទុ បន្ថែមទៀត ដោយ​សរុប​ទាំង​វគ្គ​ជម្រុះ​មាន​៩០​ពិន្ទុ​។ កីឡាករ​កម្ពុជា​រូបនេះ បាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុងចំណោម​កីឡាករ​១៧​នាក់​។​

​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ សុខ ចាន់​មាន បាន​យកឈ្នះ​ពិន្ទុ​កីឡាករ Khodabaccus Parvez នៃ​កោះ Ile Maurice ក្នុង​លទ្ធផល ៣៣-២៦ ។ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចាន់​មាន បាន​បន្ត​យកឈ្នះ​កីឡាករ​ថៃ Sangkaev Thanaborn ៣៣-២៥ ។​

​នៅ​ជំនួប​ដណ្តើម​មេដាយមាស ចាន់​មាន បាន​បំបាក់​កីឡាករ​ជើង​ខ្លាំង​បារាំង Le Boursicaud Bruno ក្នុង​លទ្ធផល ៣៦-២៩​។ ចាន់​មានបាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​ពិន្ទុ កីឡាករ​បារាំង Le Boursicaud Bruno បាន​មេដាយប្រាក់ ខណៈ​កីឡាករ​ថៃ Sangkaew Thanoborn និង​កីឡាករ​អ៊ីតាលី Rizzi Diego បាន​មេដាយ​សំរឹទ្ធ​៕


Tag:
 សុខ ចាន់មាន
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com