បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម បារម្ភ​ពី​ចំណូល​របស់​កសិករ មិន​ឆ្លើយតប​នឹង​កំណើន​សេដ្ឋកិច្ចជាតិ​បច្ចុប្បន្ន
04, Dec 2016 , 11:04 am        
រូបភាព
ដោយ:
 ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ព្រួយបារម្ភ​ពី​ចំណូល​របស់​កសិករ ដែល​មិនទាន់​ឆ្លើយតប​នឹង​ការលូតលាស់​ម៉ាក្រូសេដ្ឋកិច្ច​សព្វថ្ងៃ​។ លោក​លើកឡើងថា ក្នុង​រយៈពេល​១០​ឆ្នាំមុន កសិករ​រកចំណូលបាន​ពីរ​បី​រយ​ដុល្លា​ពី​ដីស្រែ​១​ហិកតា ត្រូវ​ចាត់ទុកថា  អ្នកមាន ប៉ុន្តែ​បច្ចុប្បន្ន​កសិករ​នៅតែ​ទទួល​ទិន្នផល និង​ចំណូល​ដដែល គឺ​ត្រូវ​ចាត់ទុកថា​អ្នកក្រ ខណៈដែល​សេដ្ឋកិច្ចកម្ពុជា មាន​កំណើន ៧ ភាគរយ និង​ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ឡើងដល់ ១៣០០​ដុល្លារ​ក្នុង​មួយឆ្នាំ (GDP Per Capita)​។  



​ថ្លែង​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា លោក វេ​ង សាខុន មានប្រសាសន៍ថា ក្នុងពេល​បច្ចុប្បន្ន ទិន្នផល​ស្រូវ​របស់​កសិករ​ត្រូវតែ​បង្កើន​ឲ្យ​ដល់ ៥ ទៅ ៦​តោន​ក្នុង​១​ហិកតា ហើយ​ចំនួន​នេះ​ត្រូវ​បង្កើន​ឲ្យ​ដល់ ៨ តោន បើ GDP Per Capita កើនឡើង​ដល់ ២០០០​ដុល្លារ​នៅពេល​អនាគត​។​
​សូម​ស្ដាប់​ប្រសាសន៍ លោក វេ​ង សាខុន ខាងក្រោម​នេះ​៖


 
 
 
​ចំពោះ​ដំណោះស្រាយ​លើ​បញ្ហា​កសិកម្ម លោក វេ​ង សាខុន បាន​ផ្ដោត​សំខាន់​លើ​ការធ្វើ​កិច្ចសន្យា​កសិកម្ម (Farming Contract) ដែលមាន​បី​ភាគី​ចូលរួម រួមមាន ភាគី​រដ្ឋ វិស័យ​ឯកជន (​ក្រុមហ៊ុន​ប្រមូល​ទិញ​កសិផល​) និង​សហគមន៍​កសិកម្ម ដើម្បី​ធានា​តម្លៃ​កសិផល និង​ទទួល​កិច្ចសហការ​ផ្សេងៗ ដូចជា​លើ​ផ្នែក​ពូជ បច្ចេកទេស​ជាដើម​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​កសិកម្ម​នេះ​មិន​អាចធ្វើ​តែឯង​បានទេ ព្រោះ​ត្រូវការ​ទីផ្សារ ដូច្នេះ​ត្រូវ​ប្រទាញប្រទង់​គ្នា​។ បើ​ដៃគូ​សហការ​ចូលមក បើ​មើលឃើញថា​សហគមន៍​មួយ​ណឹ​ង​នៅ​ខ្វះ​អ្វី ត្រូវ​ជួយ​គ្នា ទើប​យើង​អាច​ជោគជ័យ​បាន​»​។ 
 
​ក្រៅពីនេះ លោក​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​មាន​វិធានការ​ជាក់លាក់ ដើម្បី​បញ្ចុះ​ថ្លៃដើម​ទាក់ទង​នឹង​កសិកម្ម​។  ដោយឡែក​សម្រាប់​បញ្ហា​ទឹក លោក សាខុន ឲ្យ​ដឹងថា ក្រសួង​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​លើ​ការលើកកម្ពស់​ប្រព័ន្ធ​ធានា​សាស្ត្រ ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​អ្នកមាន​សមត្ថកិច្ច​។  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ បាន​ផ្ដួច​ផ្ដើមគំនិត​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ ដើម្បី​ផ្ដល់​ទឹក​គ្រប់គ្រាន់ និង​បង្ករ​ភាពងាយស្រួល​ដល់​កសិក​រ ដោយ​លោក​លើកឡើង​ដូច្នេះ​ថា​៖«​យើង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព ធ្វើ​ម៉េច​ឲ្យ​ទឹក​ហូរ​ចូល​ស្រែ​តែម្ដង ដើម្បី​កាត់បន្ថយ​ការចំណាយ​ដើមទុន​របស់​កសិករ​»៕
 
​បើតាម​របាយការណ៍​ស្រាវជ្រាវ​រួមគ្នា​មួយ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​នៅ​ខែកញ្ញា​ឆ្នាំ​២០១៦​នេះ លទ្ធភាព​បង្កបង្កើនផល​ស្រូវ​របស់​កម្ពុជា​នៅមានកម្រិត​ទាប​បើ​ធៀប​នឹង​ប្រទេសជិតខាង​។ កម្ពុជា​ទទួលផល​ស្រូវ​ក្នុង​មួយ​ហិកតា​គិត​ជា​មធ្យម ៣,៣​តោន​, ថៃ ៣,៥​តោន​, ឡាវ ៤,១​តោន​, វៀតណាម ៦,២​តោន និង​ប្រទេស​ឥណ្ឌូនេស៊ី ៥,៧​តោន​៕  

Tag:
 ស្រូវ​អង្ករ​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com