ហៃណាន៖ ព្រះម៉ែគង់ស៊ីអ៊ីម ឬព្រះនៃសេចក្ដីមេត្ដាករុណា (Quan Yin) ជាកន្លែងបន់ស្រន់តាមពុទ្ធសាសនាមហាយាន និងជាតំបន់ទេសចរណ៍ចំណាត់ថ្នាក់លេខមួយ ចំណោម តំបន់ទេសចរណ៍ជាង ១០០កន្លែង ក្នុងខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន។
លោក A Hai មគ្គទេសក៍ទេសចរម្នាក់ប្រចាំខេត្តហៃណាន បានឲ្យដឹងថា រដ្ឋាភិបាលចិន និងក្រុមហ៊ុនឯកជន រួមទាំងសប្បុរសជន បានសហការគ្នាសង់រូបសំណាក់ព្រះម៉ែគង់ស៊ីអ៊ីម (Quan Yin)ឡើង ក្នុងគោលបំណងបួងសួងព្រះម៉ែតាមជួយថែរក្សាពលរដ្ឋចិនឲ្យសុខចម្រើន។
បុរសវ័យជាង ៣០ឆ្នាំ ដែលធ្វើការងារនាំភ្ញៀវទេសចរលើកោះហៃណានជាង ៨ឆ្នាំរូបនេះ បន្តរៀបរាប់ប្រាប់ថា ក្រោយការសាងសង់រូបសំណាកតាមជំនឿជនជាតិចិន ពលរដ្ឋរស់នៅលើកោះហៃណានជាប់សមុទ្រចិនខាងត្បូង លែងរងគ្រោះដោយសារខ្យល់ព្យុះ ដូចមុនឡើយ។
«ពលរដ្ឋចិនជឿថា ព្រះម៉ែគង់ស៊ីអ៊ីមតែងតាមថែរក្សាពួកគេជានិច្ច»។ លោកប្រាប់អ្នកសារព័ត៌មាន និងភ្នាក់ងារទេសចរណ៍កម្ពុជា ពេលទស្សនកិច្ចរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមកម្ពស់ជាង ១០០ម៉ែត្រ ជាលើកដំបូង។
រូបសំណាកសង់ពីលោហធាតុសេរ៉ាមិចដែលស្ថិតក្បែរព្រះវិហារណានសាន (Nanshan) នៃទីក្រុងសាន់យ៉ា ភាគខាងត្បូងខេត្តហៃណាននេះ មិនត្រឹមជាកន្លែងបួងសួងសាសនាឡើយ។ វាជាកន្លែងទេសចរណ៍សាសនាដ៏ពេញនិយម បំផុតក្នុងទីក្រុងជាប់មាត់សមុទ្រចិនដែលមានចម្ងាយជាង ២០០គីឡូម៉ែត្រពីរួមខេត្តហៃណាន។
ភ្ញៀវទេសចអាចទស្សនាទេសភាពមាត់សមុទ្រ ទិញវត្ថុអនុស្សាវរីយ និងញ៉ាំអាហារបួសនៅទីនេះ ក្រៅពីទស្សនារូបសំណាកជំហរពណ៌សក្បុសដែលមានព្រះភក្ត្រចំនួន ៣ ដែលម្ខាងទ្រង់ទតព្រះនេត្រទន្លេទឹកសាប និងពីរទៀត ទ្រង់ទតព្រះនេត្រសមុទ្រចិនខាងត្បូងដែលតំណាងឱ្យ Guanyin ការពារប្រទេសចិន និងពិភពលោកទាំងមូល។
ភ្ញៀវទេសចរម្នាក់ត្រូវចំណាយថវិកាចំនួន ១៥០យ័ន ស្មើនឹងជាង ២០ដុល្លារអាមេរិក ទិញសំបុត្រចូលទស្សនាស្វែងយល់ពីពុទ្ធសាសនា និងបន់ស្រន់ព្រះម៉ែគង់ស៊ីអ៊ីម។ ចិនបានរៀបចំរថយន្តអគ្គិសនីដឹកជញ្ជូនទេសចរ (ទិញសំបុត្ររថយន្ត ឬថ្មើរជើង) សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរពីកន្លែងលក់សំបុត្រ ទៅដល់រូបសំណាក។
ភ្ញៀវទេសចរត្រូវចំណាយពេលជិះរថយន្តអគ្គិសនី ឬថ្មើរជើងរយៈពេលពីជាង១០ ទៅ២០នាទីលើផ្លូវក្រាលថ្មភ្នំ អមដោយសួនច្បារធម្មជាតិរៀងដូចបន្ទាត់ មុនគេចូលទស្សនាក្នុងរូបសំណាក។ ភ្ញៀវទេសចរភាគច្រើន តែងជិះជណ្តើរយន្តប្រអប់ឡើងដល់ជាន់ទី៥ដើម្បីអោបព្រះបាតព្រះម៉ែគង់ស៊ីអ៊ីម ព្រោះពួកគេមានជំនឿថា ព្រះម៉ែនឹងតាមថែរក្សាពួកគេវិញ។
បើតាម A Hai ព្រះសង្ឃជាង ១រយអង្គ និងពលរដ្ឋចិនរាប់ពាន់នាក់ បានរៀបចំពិធីអភិសេករូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមដែលចិនចំណាយពេលសាងសង់ជាង ១០ឆ្នាំ និងចំណាយថវិកាជាង ២០លានដុល្លារអាមេរិក កាលពីឆ្នាំ ២០០៥ រហូតមក។
សព្វថ្ងៃនេះ ពលរដ្ឋរស់នៅទីតាំងនេះ អាចទទួលអត្ថប្រយោជន៍ពីវិស័យទេសចរណ៍បែប សាសនា ដោយពួកគេលក់ដូរម្ហូបអាហារបួស និងគ្រឿងសក្ការបូជានានា ជូនភ្ញៀវទេសចរ។
តាម A Hai ភ្ញៀវទេសចរចិនចន្លោះពីជាង ៥ពាន់នាក់ រហូតដល់ ២ម៉ឺននាក់ ចូលទស្សនា និងបួងសួងរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមដែលស្ថិតក្បែរជើងភ្នំ និងជាប់មាត់សមុទ្រក្នុងមួយថ្ងៃៗ ៕