ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ចាប់ពី​ខែកុម្ភៈ​
04, Jan 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សម្រាប់​អាណត្តិ​មួយឆ្នាំ គឺ​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០១៧ ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៨​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សាទរ​ចំពោះ​ព័ត៌មាន​ល្អ​នេះ  ហើយ​លោក​ជឿជាក់ថា កម្ពុជា​នឹង​ទាញ​បាន​ប្រយោជន៍​ច្រើន​ពី​តួនាទី​ជា​អន្តរជាតិ​មួយ​នេះ​។



​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចាប់ពី​ខែកុម្ភៈ​ខាងមុខនេះ ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៨​។ ដំណឹង​នេះ​ត្រូវបាន​បញ្ជាក់​ឲ្យ​ដឹង​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានធ្វើ​សារលិខិត​ជា​សាធារណៈ​ប្រាប់​ប្រជាពលរដ្ឋ​នា​ថ្ងៃទី​៣​ខែមករា​។ ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​សន្និសីតកាសែត​មួយ​នៅ​ថ្ងៃទី​៦​មករា ក្នុង​សប្តាហ៍​នេះ ដើម្បី​បង្ហាញ​ព័ត៌មាន​លំអិត​ស្តីអំពី​លទ្ធផល​នេះ​។​

​នៅក្នុង​សារលិខិត​ជូនដំណឹង​ដល់​សាធារណជន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានបង្ហាញ​ក្តីរំភើប និង​មោទនៈ​ខ្លាំង ចំពោះ​តួនាទី​ជា​អន្តរជាតិ​របស់​កម្ពុជា​មួយ​នេះ​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី កម្ពុជា​នឹង​ទាញ​ប្រយោជន៍​បាន​ច្រើន​ពី​តួនាទី​នេះ​។​

​សម្តេច ហ៊ុន សែន បាន​សរសេរ​នៅក្នុង​សារលិខិត​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនជា​កម្ពុជា​បាន​សម្របសម្រួល​ឲ្យ​ការចរចា​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទទួលបាន​ជោគជ័យ ដែល​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​មាន​ស្ថេរភាព ការទទួលយក​តួនាទី​ស្នូល​នេះ នឹង​ជួយ​លើកតម្កើង​កិត្តិ​ស័ព្ទ និង​កិត្យានុភាព​របស់​កម្ពុជា​ថែមទៀត​លើ​ឆាក​អន្តរជាតិ​»​។ សម្តេច ហ៊ុន សែន បន្តថា​៖« ក្នុងអំឡុងពេល​បំពេញ​តួនាទី​នេះ កម្ពុជា​អាច​សហការ​ជាម​យ​យ​ប្រទេស​អភិវឌ្ឍ​តិចតួច​ដទៃទៀត ដើម្បី​ទាញយក​ប្រយោជន៍​ពី​ការចរចា​លើ​គោលនយោបាយ​ពាណិជ្ជកម្ម អន្តរជាតិ សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​កម្ពុជា ក្នុង​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ទំនិញ​នាំចេញ សេវាកម្ម កម្មសិទ្ធិបញ្ញា និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែលជា​បច្ច័យ​ល្អ​សម្រាប់​ការបង្កើត​ការងារ​ថ្មីៗ​បន្ថែមទៀត​ដល់​ប្រជាជន​កម្ពុជា​»​។​

​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុងតួនាទី​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច កម្ពុជា​នឹងធ្វើ​ការ ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC)​ដែលជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​ទាំង ៣៦ និង​ប្រទេស​សមាជិក​សង្កេតការណ៍​ចំនួន ៨ ផ្សេងទៀត ក្នុងចំណោម​ប្រទេស​LDC ទាំងអស់ ៤៨​ដើម្បី​ជំរុញ​ឲ្យ​ការចរចា​ផ្នែក​ពាណិជ្ជកម្ម អាច​សម្រេចបាន​ជោគជ័យ​នៅក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤​ធ្នូ​ឆ្នាំ​២០១៧ នៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​៕


Tag:
 ហ៊ុន សែន​
  WTO
  LDC
© រក្សាសិទ្ធិដោយ thmeythmey.com