សភាអាមេរិកបានបោះឆ្នោតអនុម័តវិធានការមួយដែលថ្កោលទោសអង្គការសហប្រជាជាតិដែលហ៊ានអនុម័តដំណោះស្រាយប្រឆាំងសកម្មភាពអ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីនកន្លងមក។ ហើយសមាជិកសភាបក្សសាធារណរដ្ឋក៏ត្រៀមខ្លួនរួចរាល់ដែរដើម្បីជំរុញឲ្យសភាផ្តាច់ជំនួយផ្តល់ឲ្យអង្គការសហប្រជាតិ ដែលវាជាសកម្មភាពធ្វើឡើងដើម្បីបំពេញចិត្តអ៊ីស្រាអែល។
វិធានការពិសេសមួយត្រូវបានសមាជិកសភាជាន់ទាបរបស់អាមេរិកបោះឆ្នោតអនុម័តនៅថ្ងៃព្រហស្បតិ៍ទី ៥មករា ដើម្បីឆ្លើយការបោះឆ្នោតអនុម័តដំណោះស្រាយដែលថ្កោលទោសអ៊ីស្រាអែលរបស់អង្គការសហប្រជាជាតិនោះ។
វិធានការនេះត្រូវបានអនុម័តឡើងក្រោមសំឡេង ៣៤២ ទល់នឹង ៨០ តែវាមិនមានអនុភាពគតិយុត្តិអ្វីឡើយ។ ក្រោយការបោះឆ្នោតនៅរដ្ឋសភា សមាជិកព្រឹទ្ធសភាអាមេរិកក៏នឹងបោះឆ្នោតអនុម័តវិធានការនេះដូចគ្នាដើម្បីបង្ហាញឲ្យឃើញពីការរួបរួមគ្នារវាងសមាជិកភាទាំងពីរបក្សក្នុងការគាំទ្រអ៊ីស្រាអែលប្រឆាំងសហគមន៍អន្តរជាតិ។
បើតាមសារព័ត៌មាន Politico វិធានការដែលត្រូវបានសភាអនុម័តនោះបានបញ្ជាក់ថា៖« រដ្ឋបាលអាមេរិកគួរតែប្រើសិទ្ធិជំទាស់ទាត់ចោលរាល់ដំណោះស្រាយរបស់អង្គការសហប្រជាជាតិនាពេលអនាគតបើដំណោះស្រាយនោះមានដាក់លក្ខខណ្ឌ ឬតំណាងឲ្យភាគម្ខាង ឬប្រឆាំងអ៊ីស្រាអែល»។
បន្ថែមពីនេះ ដើម្បីបំពេញចិត្តអ៊ីស្រាអែល វិធានការដែលសភាអាមេរិកបានអនុម័តខាងលើក៏ទាមទារឲ្យបញ្ឈប់ឬព្យួររាល់ការអនុវត្តដំណោះស្រាយប្រឆាំងអ៊ីស្រាអែលដែលខ្លួនបានអនុម័តកន្លងមកដែរ។
ក្រៅពីថ្កោលទោសអង្គការសហប្រជាជាតិដែលហ៊ានអនុម័តដំណោះស្រាយប្រឆាំងអ៊ីស្រាអែល ការអនុម័តវិធានការនេះក៏បង្ហាញពីការបន្ទោសរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលមិនព្រមបោះឆ្នោតប្រឆាំងដំណោះស្រាយនេះ។សមាជិកបក្សសាធារណរដ្ឋជាច្រើននាក់បានចេញមុខបន្ទោសលោក បារ៉ាក់ អូបាម៉ា ដែលធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែលដោយមិនផ្តល់ការការពារផ្នែកការទូត។
ពាក់ព័ន្ធនេះ ប្រធានសភាមកពីបក្សសាធារណរដ្ឋលោក Paul Ryan បានប្រកាសថា លោកភ្ងាក់ផ្អើកខ្លាំងដែលរដ្ឋបាលលោក អូបាម៉ា អនុញ្ញាតឲ្យអង្គការសហប្រជាជាតិអនុម័តដំណោះស្រាយបានស្រួលៗបែបនេះ ហើយលោករិះគន់លោក អូបាម៉ា មិនសំចៃមាត់សោះ។ លោកសង្កត់ធ្ងន់ថា៖ «កុំល្ងង់ពេក។ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខមិនទាក់ទងអ្វីនឹងការសង់លំនៅដ្ឋានឡើយ ហើយក៏មិនមែនពាក់ព័ន្ធការបង្កើតសន្តិភាពអ្វីដែរ។ វាទាក់ទងនឹងរឿងមួយគឺប្រឆាំងសិទ្ធិកកើតជារដ្ឋជ្វីហ្វរបស់អ៊ីស្រាអែល»។
យ៉ាងណាក៏ដោយរឿងដែលសំខាន់បំផុតនោះ បណ្តាក្រុមសមាជិកសភាបក្សសាធារណរដ្ឋកំពុងរៀបចំច្បាប់មួយដែលអាចកាត់បន្ថយជំនួយឬកាត់ផ្តាច់ជំនួយដែលផ្តល់ឲ្យអង្គការសហប្រជាជាតិ ដើម្បីជាការព្រមាន។ សំណើរធំៗពីរដែលរៀបចំឡើងដោយសមាជិកសភាបក្សសាធារណរដ្ឋនឹងត្រូវដាក់ឲ្យសភាត្រួតពិនិត្យនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ សំណើរទីមួយគឺជំរុញឲ្យអាមេរិកកាត់បន្ថយជំនួយដែលផ្តល់ឲ្យអង្គការសហប្រជាជាតិកន្លងមក ខណៈដែលសំណើរមួយទៀតមានគោលដៅជំរុញឲ្យសភាអាមេរិកទាំងពីរថ្នាក់សម្រេចថាតើគួរបន្តផ្តល់ឬគួរផ្តាច់ជំនួយដែលទ្រទ្រង់អង្គការសហប្រជាតិនោះ។ សភាអាមេរិកមានពេលវេលាពីរឆ្នាំដើម្បីសម្រេច។
ដោយឡែក ការអនុម័តវិធានការនៅសភាអាមេរិក និងគោលបំណងផ្តាច់លុយជំនួយសម្រាប់អង្គការសហប្រជាជាតិនេះបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីផ្លូវដើរដ៏លំបាកមួយក្នុងទំនាក់ទំនងរវាងអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកដែលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី ដូណាល់ ត្រាំ ។ ដូណាល់ ត្រាំ ប្រឆាំងដាច់ខាតការអនុម័តដំណោះស្រាយប្រឆាំងអ៊ីស្រាអែលក្រុមប្រឹក្សាសន្តិសុខ ហើយលោកបានស្នើឲ្យរដ្ឋបាលអូបាម៉ា ជំទាស់ដំណោះស្រាយនេះដែរ។
លើសពីនេះ អនាគតប្រធានាធិបតីរូបនេះបានសន្យាផ្លាស់ប្តូរអង្គការសហប្រជាជាតិបន្ទាប់ពីលោកស្បថចូលកាន់តំណែង។ ហើយលោកនឹងទទួលស្គាល់ការកាន់កាប់ភាគខាងកើតនៃទឹកដីទីក្រុងហ្ស៊េរ៉ុយសាឡិមជារបស់អ៊ីស្រាអែលស្របច្បាប់ថែមទៀត៕