អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន បំពេញទស្សនកិច្ចប្រទេសអាស៊ានបី ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម
× លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) នឹងបំពេញទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃដែលនឹងចាប់ផ្តើមពីថ្ងៃទី១២ មករា ទៅកាន់ប្រទេសបីនៃអាស៊ីអាគ្នេយ៍រួមមាន ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម និងអូស្ត្រាលីផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលជប៉ុន។
នាយខុទ្ទកាល័យនៃរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ មករានេះថា «ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ជប៉ុនជាមួយនឹងប្រទេសនីមួយៗ ក៏ដូចជាបញ្ជាក់ពីសារសំខាន់ក្នុងការកសាងកិច្ចសហការជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងគោលដៅសម្រេចឲ្យបានសណ្តាប់ពិភពលោក មួយដែលមានការបើកចំហ និងសេរី ដោយផ្អែកតាមនីតិរដ្ឋ»។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានជប៉ុន Kyodo។
តាមរយៈដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ នឹងជួបជជែកពិភាក្សាជាមួយនឹងលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ, ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង ស៊ុនហ្វ៊ុក៕
© រក្សាសិទ្ធិដោយ thmeythmey.com