ជាតិ
នយោបាយជាតិ
គ.ជ.ប បើកសវនាការលើបណ្ដឹង CNRP ពាក់ព័ន្ធនឹងឈ្មោះជនជាតិវៀតណាមក្នុងបញ្ជីបោះឆ្នោត
×
ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងបន្តបើកសវនាការលើពាក្យបណ្ដឹងចំនួន១៦ បន្ថែមទៀត នៅព្រឹកថ្ងៃទី១៧ មករានេះ។ លោក ស៊ិក ប៊ុនហុក ប្រធាននិងអនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជំនុំជម្រះនេះ។
មុនចូលបន្ទប់បើកសវនាការលើពាក្យបណ្ដឹងទាំងនេះ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានឲ្យដឹងថា សំណុំរឿងទាំង១៦ ដែលក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប លើកយកមកពិភាក្សាដោះស្រាយនោះ ភាគច្រើនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការចុះឈ្មោះជនបរទេស និងការទាមទារឲ្យលុបឈ្មោះជនជាតិវៀតណាមចេញពីបញ្ជីឈ្មោះបោះឆ្នោត ដែលប្ដឹងដោយគណបក្សសង្គ្រោះជាតិ។ ក្រោយកិច្ចជំនុំជម្រះរួចរាល់ គ.ជ.ប នឹងប្រកាសសេចក្ដីសម្រេចថា គួរលុបឬមិនលុបឈ្មោះជនបរទេសទាំងនេះ។
កន្លងមកលោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ បាននិយាយថា គណបក្សសង្គ្រោះជាតិ បានរកឃើញជនជាតិវៀតណាមប្រមាណ ៥ពាន់នាក់ បានចុះឈ្មោះក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ ពីខែកញ្ញា ដល់ចុងខែតុលា កន្លងទៅ ។ ក្នុងចំណោមអ្នកទាំង ៥ ពាន់នាក់នោះ មានឈ្មោះជាង ៣ពាន់នាក់ នៅរាជធានីភ្នំពេញ និងជិត ៩ រយនាក់នៅក្នុងខេត្តស្វាយរៀង ព្រមទាំងប្រមាណ ១ ពាន់នាក់ទៀត រកឃើញនៅក្នុងខេត្តចំនួន ២៣ ផ្សេងទៀត ។ លោកស្រីបញ្ជាក់ថា ជនជាតិវៀតណាម ដែលគណបក្សខ្លួនរកឃើញនោះ សុទ្ធតែមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
មន្ត្រីជាន់ខ្ពស់ប្រឆាំងរូបនេះ បានប្រាប់ភស្តុតាងដែលបក្សខ្លួនចោទថា អ្នកទាំង ៥ ពាន់នាក់នោះ ជាជនជាតិវៀតណាម ដោយសារការនិយាយសំនៀងភាសាខ្មែរមិនច្បាស់ និងផ្អែកលើការរាយការណ៍របស់សកម្មជនបក្សនៅតាមមូលដ្ឋានទូទាំងប្រទេស។ គណបក្សប្រឆាំង ដាក់ការសង្ស័យថា តើជនជាតិ វៀតណាមទាំងនោះ មានអត្តសញ្ញាណបណ្ណខ្មែរ ដោយការប្រកាសសញ្ជាតូបនីយកម្ម តាមរយៈព្រះរាជក្រឹត្យស្របច្បាប់ឬទេ?
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចុះឈ្មោះបោះឆ្នោតថ្មី មានប្រជាពលរដ្ឋខ្មែរ ចំនួន ៧,៨៧៣,១៩៤ ស្មើនឹង៨១ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោតចំនួន ៩,៦៦៤,២១៦ លាននាក់។ ចំនួនដែលចុះឈ្មោះបានក្នុងបញ្ជីថ្មីនេះ ថយចុះជិត ២លាននាក់ ធៀបទៅនឹង ៩លាន ២ សែននាក់ដែល គ.ជ.ប បានចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីឆ្នាំ២០១២ ៕
© រក្សាសិទ្ធិដោយ thmeythmey.com