អន្តរជាតិ
អូ​បា​ម៉ា ប្រាប់​ឲ្យ​សន្តិសុខ​ប្រុង​ជើងការ​ខ្ពស់​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់ ដូ​ណា​ល់ ត្រាំ
18, Jan 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅសល់​២​ថ្ងៃ ទៀត​ប៉ុណ្ណោះ ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​ទី ៤៥ លោក ដូ​ណា​ល់ ត្រាំ មកដល់​។ គេ​ឃើញ​មានការ​រៀបចំ​តុបតែង​យ៉ាង​មមាញឹក​បំផុត​នៅ​វិមាន Capitol ដើម្បី​ត្រៀម​ស្វាគមន៍​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រាប់​ឲ្យ​បណ្តា​ក្រុម​សន្តិសុខ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង របស់លោក ដូ​ណា​ល់ ត្រាំ​នេះ​។​



​ប្រធានាធិបតី​ទី ៤៥ អាមេរិក​នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ទី ២០​មករា​នេះ​។ គេ​ឃើញ​មានការ​រៀបចំ​តុបតែង​លម្អ​វិមាន Capitol និង​មានការ​រៀបចំ​រឹតបន្តឹង​សន្តិសុខ​ត្រៀម​ស្វាគមន៍​ពិធី​ស្បថ​ចូលកាន់​តំណែង​នេះដែរ​។​

​ក្នុងពេល​ជួប​ជាមួយ​ក្រុមមន្ត្រី​ប្រឆាំង​ភេរវកម្ម​និង​មន្ត្រី​ការពារ​សន្តិសុខ​ផ្ទៃក្នុង​នា​ថ្ងៃ​អង្គារ​ទី ១៧​មករា ប្រធានាធិបតី​ចប់​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជា​និង​ផ្តាំផ្ញើ​ដល់​ក្រុម​សន្តិសុខ ទាំងនោះ​ប្រុង​ជើងការ​ឲ្យ​បាន​ខ្ពស់​ដើម្បី​ការពារ​សុវត្ថិភាព​និង​សន្តិសុខ​នៅ​ថ្ងៃ​២០​មករា​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​អាមេរិក មន្ត្រី​សន្តិសុខ​បារម្ភ​ថា ក្រុម​ភេរវជន​ជ្រុលនិយម​នឹង​ឆ្លៀតឱកាស​វាយប្រហារ​និង​បង្កបញ្ហា​នានា​នៅ​ថ្ងៃ ២០​មករា នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua កងកម្លាំង​សន្តិសុខ​ប្រហែល ២៨០០០ នាក់​នឹងត្រូវ​ពង្រាយ​នៅ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​នេះ​។

​ដោយឡែក បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លៀតឱកាស​ក្នុងជំនួប​ជាមួយ​មន្ត្រី​សន្តិសុខ​រៀបរាប់​ដោយ​សង្ខេប​ពី​ស្ថានភាព​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដែរ​។ លោក​បាន​សង្កត់ធ្ងន់ថា ការដឹកនាំ​សម្ព័ន្ធ​អន្តរជាតិ​របស់​អាមេរិក​ប្រឆាំង​ភេរវកម្ម​កំពុង​ស្ថិតនៅលើ​ផ្លូវត្រូវ និង​ឈានទៅរក​ជ័យជម្នះ​លើ​ក្រុម​ភេរវជន​នេះ​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​

​ខាងក្រោម​នេះ​ជា​រូបភាព​នៃ​ការរៀបចំ​តុបតែង​លម្អ​នៅ វិមាន Capitol មុន​ការមកដល់​នៃ​ពិធី​ស្បថ​ចូលកាន់​តំណែង​៖













Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com