ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​មួយទៀត ត្រូវបាន​សម្ពោធ​នៅ​ចិន​
14, May 2019 , 7:59 am        
រូបភាព
រូបពីក្រសួងពាណិជ្ជកម្ម
រូបពីក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បានដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់ខ្លួន​មួយទៀត​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១០​ខែឧសភា​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បាន​កាត់​ខ្សែបូរ​សម្ពោធ​មជ្ឈមណ្ឌល​នេះ ដែល​ស្ថិតនៅ​ក្រុង​យាន​ថា​យ ខេត្ត​សាន​ទុង ។​


 
​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​៥​ហើយ បន្ទាប់ពី​មជ្ឈមណ្ឌល​ចំនួន​៤​ផ្សេងទៀត ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្វាង​ចូ​វ ស៊ី​អាន ហាយ​នី​ង និង​ហុងកុង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។​


 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការបង្ក​ភាពងាយស្រួល និង​ជំរុញ​ការបណ្ដាក់ទុន​របស់​ចិន​មក​កម្ពុជា​។ ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ដូច្នេះ​ថា​៖«​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ គឺជា​ច្រកទ្វារ​មួយ​សម្រាប់​ផ្ដល់ព័ត៌មាន​ទាក់ទង​នឹង​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌​របស់​កម្ពុជា ជូន​វិនិយោគិន​ចិន​នៅក្នុង​ខេត្ត​សាន​ទុង និង​ខេត្ត​ដទៃទៀត​របស់​ចិន ដែលមាន​បំណង​ធ្វើ​ធុរកិច្ច និង​វិនិយោគ ឬ​ដើរ​កម្សាន្ត​នៅ​កម្ពុជា​»​។ 


 
​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ដដែល​ឲ្យ​ដឹងថា វិនិយោគ​ចិន​ចេញពី​ខេត្ត​សាន​ទុង​នេះ​មាន​ចំនួន​ដល់​ទៅ ១១២​ក្រុមហ៊ុន​ហើយ​ដែល​បាន​បណ្ដាក់ទុន​នៅ​កម្ពុជា​។ នៅ​ថ្ងៃ​សម្ពោធ​នេះដែរ លោក ប៉ាន សូរ​ស័ក្ដិ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី រិ​ន អាយ​រ៉ុង អភិបាលរង​ខេត្ត​សាន​ទុង​។ ក្នុងជំនួប​នេះដែរ  លោក ប៉ាន សូរ​ស័ក្ដិ បានប្រកាស​គាំទ្រ​គម្រោង​វិនិយោគ​របស់​ខេត្ត​សាន​ទុង​ក្នុង​ការបង្កើត​សួន​ឧស្សាហកម្ម និង​គ្រឿង​ម៉ាស៊ីន​នៅ​កម្ពុជា  ដែល​លើកឡើង​ដោយ​លោកស្រី រិ​ន អាយ​រ៉ុង ៕

Tag:
 មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com