សេដ្ឋកិច្ច
អន្តរជាតិ
ថៃ ចង់​ស្រោចស្រង់​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប ក្រោយ​វៀតណាម​ចរចា​ជោគជ័យ​
11, Jun 2019 , 11:59 am        
រូបភាព
កំពុងផែ Laem Chabang ដែលជាស្នូលក្នុងគម្រោងច្រករបៀងភាគខាងកើតថៃ (ប្រភពរូប​៖ AFP)
កំពុងផែ Laem Chabang ដែលជាស្នូលក្នុងគម្រោងច្រករបៀងភាគខាងកើតថៃ (ប្រភពរូប​៖ AFP)
ដោយ:
​ថៃ បានប្រកាស​ជំហរ​បន្ត​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​សហភាព​អឺរ៉ុប (EU) នៅក្រោយ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។ ការត្រៀម​លក្ខណៈ​ជាថ្មី​នេះ ធ្វើឡើង​ក្រោយពី​ការពិភាក្សា​រវាង​ភាគី​ថៃ និង EU ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ បាន​ផ្អាក​ចាប់តាំងពី​ឆ្នាំ​២០១៤ ពោលគឺ​ក្រោយពី​រដ្ឋប្រហារ​យោធា​មកម្ល៉េះ ខណៈ FTA ជាមួយ​វៀតណាម ទទួលបាន​ការអនុម័ត​ពី​គណៈកម្មការ​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៨ និង​ត្រៀម​ដាក់​ឲ្យ​ចូល​ធរមាន​នាពេល​ណាមួយ​ក្នុងឆ្នាំនេះ​។

 
​នៅ​ថ្ងៃទី​១១ ខែមិថុនា លោកស្រី  Auramon Supthaweethum ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​ការចរចា​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ លើកឡើងថា មន្ត្រី​ពាណិជ្ជកម្ម​របស់​ថៃ និង​សហភាព​អឺរ៉ុប នឹង​ជួប​ពិភាក្សាគ្នា​អំពី លទ្ធភាព​នៃ​ការ​ស្រោចស្រង់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើងវិញ ស្របពេល​ដែល​ថៃ កំពុងដំណើរការ​នីតិវិធី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយ​បោះឆ្នោត​។ 
 
​បើតាម​លោកស្រី Auramon កិច្ចពិភាក្សា​នេះ នឹងធ្វើ​ឡើង​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃទី​១១ ខែមិថុនា ហើយ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​អាច​ធ្វើឡើង នឹង​ពុំ​ត្រូវបាន​លើកយក​មក​ពិភាក្សា​នោះឡើយ​ក្នុងជំនួប​ពាណិជ្ជកម្ម​ខាងមុខនេះ​។ យ៉ាងណាមិញ មន្ត្រី​ពាណិជ្ជកម្ម​ជាន់ខ្ពស់​ថៃ​រូបនេះ បន្ថែមទៀតថា រដ្ឋាភិបាល​ថៃ កំពុង​ត្រៀមខ្លួន​សម្រាប់​ការចរចា​ជា​ផ្លូវការ ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៩​ខាងមុខនេះ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation អំឡុងពេល​៤​ខែ​ដើមឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ថៃ​-EU មានតម្លៃ​ស្មើនឹង ១៣,៤​ពាន់​លាន​ដុល្លារ ដោយ​ថៃ​នាំចេញ ៧​ពាន់​លាន​ដុល្លារ និង​នាំចូល ៦​ពាន់​លាន​ដុល្លារ​។ តួលេខ​នេះ បង្ហាញ​ពី​ការធ្លាក់ចុះ​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​សហភាព​អឺរ៉ុប ដែលមាន​ទំហំ ១៥,១​ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០១៨​។ 
 
​ទាក់ទិន​នឹង​ការ​ថមថយ​នេះ លោក Aat Pisanwanich ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​ធុរៈកិច្ច​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ ព្រមាន​ថា  ទំហំ​ពាណិជ្ជកម្ម​រវាង​ថៃ និង​សហភាព​អឺរ៉ុប នឹង​បន្ត​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០១៩​នេះ​ទៀត  និង​អូសបន្លាយ​រហូត​រាប់​ទ​ស​វត្សរ៍​ខាងមុខ​ផងដែរ ប្រសិនបើ​រដ្ឋាភិបាល​ថៃ ពុំ​អាច​ទទួល​ផ្លែផ្កា​ណាមួយ​ក្នុងការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្លុក​អឺរ៉ុប​ទេនោះ​។ 
 
 
​អ្នកជំនាញ​ខាង​ពាណិជ្ជកម្ម​ថៃ​រូបនេះ ពន្យល់​បែបនេះ​៖«​នេះ​គឺ​ដោយសារតែ វៀតណាម ដែលជា​គូប្រជែង​នាំចេញ​ដ៏​ចម្បង​មួយ​របស់​ថៃ​ទៅកាន់​ទីផ្សារ​អឺរ៉ុប បាន​បង្កើត​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EU ដែល​នឹង​ចូល​ជា​ធរមាន​ក្នុង​ត្រីមាស​ទី​៣​នៃ​ឆ្នាំនេះ​»​។ លើសពីនេះ លោក Aat និយាយថា ទំនិញ​វៀតណាម ដែល​ប្រកួតប្រជែង​ជាមួយ​ទំនិញ​ថៃ រួមមាន សម្ភារ​អេឡិចត្រូនិក អង្ករ និង​ផ្លែឈើ នឹង​ក្លាយ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​បន្ថែមទៀត ដោយសារ​ការទម្លាក់​ត​ម្លៃ​ពន្ធ​នាំចូល បន្ទាប់ពី FTA ចូល​ជា​ធរមាន​។ ការណ៍​នេះ នឹង​កាត់បន្ថយ​ចំណែក​ទីផ្សារ​នៃ​ទំនិញ​របស់​ថៃ​ក្នុង​តំបន់​អឺរ៉ុប និង​បង្ក​ជា​ផលប៉ះពាល់​រយៈពេល​វែង​លើ​ការនាំចេញ​របស់​ថៃ ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ថៃ​-EU មួយ ពុំ​អាច​ចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ទេនោះ​។​
 
​សូមបញ្ជាក់ថា ការស្រាវជ្រាវ​មួយ ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​ធុរៈកិច្ច​អន្តរជាតិ​របស់​ថៃ (CITS) បង្ហាញថា ក្រោយពី​កិច្ចព្រមព្រៀង​រវាង​វៀតណាម និង​សហភាព​អឺរ៉ុប ចូល​ជា​ធរមាន​នោះ ការនាំចេញ​របស់​វៀត​ណា​ម​ទៅកាន់​អឺរ៉ុប នឹង​កើនឡើង​ពី ៥០​ពាន់​លាន​ដុល្លារ ទៅ ៧០​ពាន់​លាន​ដុល្លារ ប្រចាំឆ្នាំ​។ ការណ៍​នេះ នឹង​កាត់បន្ថយ​ការនាំចេញ​របស់​ថៃ​ទៅកាន់​ទីផ្សារ​អឺរ៉ុប មក​ត្រឹម ២០​ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០១៩​នេះ និង ៤០​ពាន់​លាន​ដុល្លារ ក្នុង​២​ឆ្នាំ​ខាងមុខ​ទៀត​៕
 

Tag:
 ថៃ​
  វៀតណាម​
  ពាណិជ្ជកម្ម​
  FTA
  EU
© រក្សាសិទ្ធិដោយ thmeythmey.com