ជាតិ
សេដ្ឋកិច្ច
អ្នកលក់​ដូង​រអ៊ូ​ថា ថ្ងៃនេះ​លក់​«​ដូង​»​មិនសូវ​ដាច់​ដូច​សព្វដង
09, Nov 2019 , 5:40 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកលក់​ដូង​នៅតាម​ដងផ្លូវ និង នៅមុខ​ផ្សារ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​រអ៊ូ​ថា ការលក់​ដូង​របស់​ពួកគេ​នា​ថ្ងៃទី​៩​វិច្ឆិកា​នេះ មិនសូវ​ដាច់​ដូច​សព្វដង​ទេ ។ លើសពីនេះ អ្នកលក់​ដូង​ទាំងនោះ បាន​ខកចិត្ត​ចំពោះ​ការយក​ដូង​ច្រើន​លើសពី​ការលក់​ប្រចាំថ្ងៃ ខណៈដែល​ពួកគាត់​រំពឹងថា​ថ្ងៃទី​៩​វិ​ចិ្ឆ​កា  ផ្លែ​ដូង​របស់​ពួកគេ​មាន​តម្រូវការ​ច្រើន​សម្រាប់​ទទួលទាន​ជាមួយ​អំបុក​។

 
​កំពុង​ឈរ​កាប់​ដូង​លើរ​ទះ​ជូន​អតិ​ជន លោក សុខ វន  បាន​លើកឡើងថា គិត​ត្រឹម​ម៉ោង​៩​ព្រឹក នា​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១៩  លោក​លក់​ដូង​ដាច់​មួយៗ មិនសូវ​ជា​ដាច់​ដូច​រាល់ថ្ងៃ​នោះទេ​។ អស់​រយៈពេល​ជិត​៣​មកហើយ នៃ​ការលក់​ដូង នេះ​គឺជា​លើកទីមួយ​ដែល​លោក សុខ វន លក់​ដូង​មិន​ដាច់​។ ពោល​នៅ​ពេញរ​ទះ​តែម្តង​។ 
 
​អ្នកលក់​ដូង​មុខ​ផ្សារ​កាប់​គោ ក្នុង​ខណ្ឌ​ជ្រោយចង្វា​រូបនេះ បាន​និយាយប្រាប់​សារព័ត៌​ថ្មីៗ​ថា  «​ពេលនេះ​ខ្ញុំ​លក់​ដូង​ទើប​អស់​ជាង​១​ឡូ ប៉ុណ្ណោះ បើ​ធៀប​នឹង​ពេលវេលា​ដូចគ្នា នា​ថ្ងៃ​កន្លងមក​ខ្ញុំ​លក់​អស់​២-៣​ឡូ ហើយ​។ ខ្ញុំ​ខំ​យក​ដូង​ពី​គេ​១០​ឡូ សម្រាប់​លក់​នៅថ្ងៃនេះ ព្រោះ​ខ្ញុំ​គិតថា​ដូង​នៅ​ចំ​ពិធី​អកអំបុក​ទូទាំងប្រទេស​នេះ នឹង​លក់ដាច់​រៀង​សព្វថ្ងៃ​»​។ 


លោក សុខ វន កំពុងកាប់ដូងជូនភ្ញៀវ នៅម្តុំផ្សារកាប់គោ​
 
​ចំណែកឯ​អ្នក​ដូង​នៅមុខ​ផ្សារ​បឹងត្របែក​វិញ ក៏​លក់​ដូច​មិនសូវ​ដាច់​មិន​ខុសពី​លោក សុខ វន ផងដែរ​។ បើតាម​លោក ឡាំ សេម ដែលមាន​បទពិសោធន៍​លក់​ដូង​ជិត​១០​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ រាល់​ព្រឹក​ចាប់ពី​ម៉ោង​៧ នៅពេលដែល​លោក​ដឹក​ដូង​ដោយរ​ទះ​ចេញពីផ្ទះ​នៅ​ម្តុំ​វត្ត​សន្សំ​កុសល នៅតាម​ផ្លូវ​តែងតែ មាន​អ្នក​ហៅ​ទិញ​ដូង​ជា​ហូរហែរ ហើយ​ទំរាំ​តែង​មកដល់​ទីតាំង​លក់​មុខ​បឹងត្របែក​នោះ  លោក សេម លក់​ដូង​បាន​យ៉ាងហោចណាស់ ក៏​៣​ឡូ​ដែរ​។ ប៉ុន្តែ​ព្រឹក នា​ថ្ងៃទី​៩​វិច្ចិកា​នេះ​វិញ មួយ​ព្រឹក​ហើយ លោក​ឡាំ សេម លក់​ដូង​មិនទាន់បាន​១​ឡូ​ផង​។ 
 
« កន្លងមក មុន​ដល់​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​អ៊ុំ​ទុក មួយ​-​ពីរ​ថ្ងៃ ខ្ញុំ​លក់​ដូង​ដាច់​ណាស់​។ ខ្ញុំ​ដាច់​រហូត​អស់​ដូង​ពី​១០-១២​ឡូ ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​បុណ្យអុំទូក​ឆ្នាំនេះ​វិញ ដែល​ធ្វើឡើង​នៅ​ថ្ងៃស្អែក​ហើយ​....​ជិត​មួយ​ព្រឹក​ទៅហើយ​....​ខ្ញុំ​លក់​ទើប​លក់​ដូង​បាន​៥-៦​ផ្លែ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឡាំ សេម​។​
 
​សម្រាប់​នា​ថ្ងៃទី​៩​វិ​ចិ្ឆ​កា​នេះ លោក សេម បាន​យក​ដូង​១០​ឡូ មក​លក់ ដែល​លើសពី​ថ្ងៃ​ធម្មតា​ចំនួន​៣​ឡូ ប៉ុន្តែ​បែរជា​លក់​មិនសូវ​ដាច់​ដូច​រាល់ថ្ងៃ​ទៅវិញ​។ លោក​បាន​បញ្ជាក់ថា​៖«​ថ្ងៃនេះ ខ្ញុំ​បាន​យក​ដូង​ពី​គេ​១០​ឡូ​មក​លក់ ដោយ​គិតថា​នឹង​ដាច់​ជាង​ឆ្នាំកន្លងមក ព្រោះ​ចំ​ថ្ងៃ​ដែល​សម្តេច​ប្រកាស​ឱ្យ​ពលរ​ដ​ទូទាំង​ហូប​(​អក​)​អំបុក​ប្រទេស​»​។ 


លោក ឡាំ សេម ឈរចុចទូរសព្ទ ផ្អែកលើរទះលក់ដូង  នៅក្បែរផ្សារបឹងត្របែក។
 
​ជាមួយគ្នានេះ អ្នកស្រី គី សុខ​ធា  ដែលជា​អ្នកលក់​ដូង​លើផ្លូវ​១៥៥ ក្បែរ​ផ្សារ​ទួល​ទំពូង ក៏​លក់​ដូង​មិនសូវ​ដាច់​ដូច​អ្នក​ទាំងពីរ​ខាងលើ​ផងដែរ​។  ប៉ុន្តែ​អ្នកស្រី បាន​បញ្ជាក់ថា ការលក់​ដូង​នៅ​ថ្ងៃទី​៩​វិ​ចិ្ឆ​កា របស់​អ្នកស្រី មិនសូវ​ដាច់​នេះ មិន​មានន័យថា ដូង​ទាំងនោះ​លក់​មិន​ដាច់​ដូច​រាល់ថ្ងៃ​នោះទេ​។ ព្រោះ​អ្នកស្រី​យក​ដូង​មក​លក់​មាន​ចំនួន​ច្រើនជាង​ប្រចាំថ្ងៃ​។  «​បានជា​ថ្ងៃនេះ ខ្ញុំ​យក​ដូង​មក​លក់​ច្រើន​ជា​សព្វថ្ងៃ ព្រោះ​នៅ​ថ្ងៃទី​៩​វិ​ចិ្ឆ​កា ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ន​ណា​ក៏​ដឹងថា ជា​ថ្ងៃ​ហូប​អំបុក​ទូទាំងប្រទេស​។ ដូច្នេះ​បានជា​ខ្ញុំ​ក​ម្ម៉​ង់​ដូង​ច្រើន​មក​លក់ ព្រោះ​ក្រៅពី​ចេក ដូង គឺជា​ផ្លែឈើ​ពេញនិយម​បំផុត​ក្នុងការ​ទទួលទាន​ជាមួយ​អំបុក ប៉ុន្តែ​បែរជា​លក់​មិនសូវ​ដាច់ ដូច​អ្វីដែល​ខ្ញុំ​គិត​ទៅវិញ​»​។ 
 
​យ៉ាងណាមិញ​អ្នកស្រី សុខ​ធា  ក៏បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដូវ​បុណ្យអុំទូក​ឆ្នាំ​២០១៩ ការលក់​ដូង​របស់​អ្នកស្រី គឺ​មិនសូវ​ដាច់​ដូច​ឆ្នាំមុនៗ​ឡើយ​៕  


អ្នកស្រី គី សុខធា កំពុងរើជូនភ្ញៀវ នៅចិញ្ចើមផ្លូវ១៥៥​ក្បែរផ្សារទួលទំពូង។





Tag:
 ដូង​
  អំបុក​
  ៩​វិច្ឆិកា​
© រក្សាសិទ្ធិដោយ thmeythmey.com