វិស័យ​ស្រូវ​អង្ករ ត្រូវការ​ថវិកា​ខ្ទង់រយ​លាន​ដុល្លារ​បន្ថែម ដើម្បី​ប្រមូល​ទិញ​ពី​កសិករ​
ជាតិ
សេដ្ឋកិច្ច
វិស័យ​ស្រូវ​អង្ករ ត្រូវការ​ថវិកា​ខ្ទង់រយ​លាន​ដុល្លារ​បន្ថែម ដើម្បី​ប្រមូល​ទិញ​ពី​កសិករ​
29, Nov 2019 , 10:39 pm        
រូបភាព
រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
​បើតាម​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) អ្នកប្រមូល​ទិញ​-​រោង​ម៉ាស៊ីនកិនស្រូវ មានលទ្ធភាព​អាច​ទិញស្រូវ​ចូល​ស្តុក​សម្រាប់​នាំចេញ គឺ​ត្រឹម​៣​ខែ ដែល​ស្មើនឹង​ប្រមាណ ៣០​ម៉ឺន​តោន​ស្រូវ​។ លោក​ប្រាប់ថា ជា​ការល្អ​សម្រាប់​វិស័យនេះ គឺ​លុះណាតែ​កម្ពុជា​អាច​ប្រមូល​ទិញ​ស្តុក​យ៉ាងតិច​៦​ខែ ដែល​គិត​ជា​ស្រូវ ៨០​ម៉ឺន ទៅ​១​លាន​តោន ដែល​ត្រូវការ​ថវិកា​បន្ថែម​មិនតិចជាង​១០០​លាន​ដុល្លារ​ទៀត​នោះទេ ទើប​អាច​បត់បែន​តាម​ស្ថានភាព​ទីផ្សារ​អន្តរជាតិ​បានល្អ​។ 



ប្រសាសន៍​របស់លោក សុង សារ៉ន អំពី​ស្ថានភាព​ទីផ្សារ​ស្រូវ​អង្ករ​សព្វថ្ងៃ និង​តម្រូវការ​ថវិកា​បន្ថែម​៖ 



 
«​ដោយហេតុថា កម្ពុជា​ដាំ​ប្រភេទ​អង្ករ​ក្រអូប និង​ផ្ការំដួល​ច្រើន ដែល​ប្រភេទ​អង្ករ​ទាំងនេះ​ភាគច្រើន​កម្ពុជា​នាំចេញ​ដោយផ្ទាល់ មិនបាច់​ឲ្យ​វៀតណាម​មក​ទិញ​ទេ​។ ហើយ​ដើម្បី​ឲ្យ​យើង​ទិញ​បាន​ឲ្យ​បាន​កំណើន​ទាំង​បរិមាណ និង​គុណភាព គឺ​យើង​ត្រូវការ​ខ្ទង់​២០០​លាន​ដុល្លារ​ដើម្បី​ទិញ​ស្តុក​ទុក​សម្រាប់​កិន​កែច្នៃ ឲ្យ​បាន​រយៈពេល​៦​ខែ​។ ហើយ​ដូច​ខ្ញុំ​ជម្រាប់​អ៊ីចឹង លុយ​យើង​មាន​ប្រហាក់ប្រហែល​១០០​លាន​ដុល្លារ ប្រើតែ​៣​ខែ​គឺ​អស់ហើយ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក សុង សារ៉ន ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា​នេះ​។ 
 
​ប្រធាន CRF និង​ជា​អគ្គនាយក​ក្រុមហ៊ុន AmruRice រូបនេះ អះអាងថា បើ​កម្ពុជា​មានលទ្ធភាព​ទិញស្រូវ​ស្តុក​ដល់​៦​ខែ​មែន នោះ​អាច​ទប់​ទល់នឹង​ការប្រែប្រួល​ទីផ្សារ​អន្តរជាតិ​បានល្អ​ប្រសើរ ពោលគឺ​បើ​មានលទ្ធភាព​ស្តុក​បានយូរ អាច​រង់ចាំ​ទីផ្សារ​ល្អ​បាន​លក់​ចេញ​។ លោក​រៀបរាប់​បែបនេះ​៖«​ជា​ការពិត​ការប្រែប្រួល​គឺមាន ប៉ុន្តែ​ទីផ្សារ​ចាប់​បើក​ឡើងវិញ​នៅ​ខែមករា​(​ឆ្នាំក្រោយ​) ឧទាហរណ៍​ថា​មាន​ការទិញ​ឡើងវិញ​តែ​យើង​អស់​ស្រូវ​រលីង នោះ​ជា​វិ​បិ​ត្ត​។ ជាការ​ពិត​យើង​ត្រូវ​ត្រៀមខ្លួន យើង​កសាង​ឃ្លាំង ឡស​ម្ងួ​ត​គ្រប់គ្រាន់​ហើយ តែ​ខ្វះខាត​ដើម្បី​ទិញ​នូវពេល​ប្រមូល​ផល និង​ទប់ស្កាត់​ពេលដែល​ប្រទេស​នាំចូល មានការ​ពន្យារ​ទិញ​»​។ 


 
​តម្រូវការ​ថវិកា​បន្ថែ​ម​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ លោក សុង សារ៉ន សង្ឃឹម​ទៅលើ​រដ្ឋាភិបាល និង​ធនាគារពាណិជ្ជ​។​
 
​ទាក់ទិន​នឹង​តម្រូវការ​ថវិកា​សម្រាប់​ប្រមូល​ទិញស្រូវ​នេះ លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​(RDB) ដែលជា​ធនាគារ​របស់​រដ្ឋ បាន​អះអាងថា រ​រដ្ឋ​បាន​បញ្ចេញ​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ​ចំនួន​ពីរ​ម្ដង​រួចមកហើយ​ក្នុងឆ្នាំនេះ ហើយ​មិនមាន​កញ្ចប់​អ្វី​បន្ថែមទៀត​ទេ​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​កញ្ចប់​ថវិកា​ពិសេស យើង​បាន​ទម្លាក់​អស់ហើយ យើង​ទម្លាក់​២​វគ្គ​ហើយ ទម្លាក់​កាល​ស្រូវ​សែន​ក្រអូប​វគ្គ​ទី​១  ហើយ​ទម្លាក់​ទី​២​គឺ​រដូវ​ស្រូវ​ផ្ការំដួល​នេះ​»​។ លោក កៅ ថាច អះអាង​បន្ថែមថា ឥណទាន​ដែល​បញ្ចេញ​ទៅនេះ ខាង​រោង​ម៉ាស៊ីនកិនស្រូវ បង្វិល​សង​មិនទាន់ សម្រាប់​ឲ្យ​RDB យកមក​បញ្ចេញ​ម្ដងទៀត​ក្នុង​រដូវ​ប្រមូល​ផល​បន្តបន្ទាប់ ក្នុង​ខែធ្នូ និង​ខែមករា​នោះឡើយ​។



ប្រសាសន៍​លោក កៅ ថាច​៖



 
​បើតាម​លោក កៅ ថាច វិស័យ​ស្រូវ​អង្ករ​ត្រូវ​ការប្រមាណ​២០០ ទៅ​២៥០​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ការប្រមូល​ផល​ផ្កាម្លិះ​ក្នុង​ខែធ្នូ និង​ស្រូវ​សែន​ក្រអូប​វគ្គ​២ ចាប់ពី​ខែមករា​។​
​ជាមួយគ្នានេះ លោក កៅ ថាច អំពាវ​ឲ្យ​ធនាគារពាណិជ្ជ​បញ្ចេញ​ឥណទាន​ដល់​វិស័យ​ស្រូវ​អង្ករ ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​បំពេញតម្រូវការ​ថវិកា​នេះ​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​សូម​ឲ្យ​ខាង​ធនាគារពាណិជ្ជ​មួយចំនួនធំ ដែល​គាត់​មាន​មូលនិធិ​ថវិកា​ដែល​អាច​ប្រើ​បាន នៅ​ច្រើន​មែនទែន តែ​គាត់​អត់​ហ៊ាន​ចូលមក​។ ខ្ញុំ​សុំ​ជម្រាប​ថា ការយក​ស្តុក​ស្រូវ​ធ្វើជា​វត្ថុ​បញ្ចាំ​នេះ គឺមាន​ហានិភ័យ​តិចតួច​ណាស់ តែ​ខាង​ធនាគារពាណិជ្ជ​អត់​ហ៊ាន​ចូលមក ខ្លាច​ថា​ហានិភ័យ​ច្រើន​។ បើ​ពួកគាត់​ចូលរួម​តែ​បួនដប់​ធនាគារ​ត្រឹម​១០០ ឬ​២០០​លាន​ដុល្លារ ដូច​អត់​មាន​អ្វី​ពិបាក​»​។ 
 
​ដោយឡែក​លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា អះអាងថា មូលនិធិ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​ដែល​បញ្ចេញ​ដោយ​ធនាគារពាណិជ្ជ គឺ​មិន​ខ្វះ​នោះទេ ពោលគឺ​អាចឆ្លើយតប​នឹង​ម្រូ​វ​ការ​បាន​។ លោក​ប្រាប់ថា គ្រាន់តែ​ធនាគារ​អេស៊ីលីដា តែមួយ បាន​បញ្ចេញ​ឥណទាន​ដែល​កំពុងដំណើរការ ដល់​វិស័យ​កសិកម្ម​(​ស្រូវ​អង្ករ​ក្នុងនោះដែរ​) ប្រមាណ ៧០០​លាន​ដុល្លារ​ដែល​ស្មើ​២០​ភាគរយ​នៃ​ឥណទាន​សរុប​របស់​ធ​នាគារ​មួយ​នេះ ឬ ៤០​ភាគរយ​នៃ​ឥណទាន​សរុប​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​បានធ្វើ​ច្រើន​មែនទែន​ជាមួយ​វិស័យ​កសិកម្ម ហើយ​ឥឡូវ​យើង​ក៏​នៅតែមាន​មូលនិធិ​បន្ត​ដែរ ឲ្យ​តែមាន​អតិថិជន​ត្រូវការ​យើង​ផ្ដល់ជូន​»​។ 
 
​លោក អ៊ិន ចាន់នី បន្តថា មូលនិធិ​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​ក្នុង​រដូវ​ប្រមូល​ផល​នេះ គឺ​មិន​ខ្វះ​ទេ ដែល​បញ្ចេញ​ដោយ​ធនាគារពាណិជ្ជ​នៅ​កម្ពុជា​។ លោក​គូសបញ្ជាក់​ដូចនេះ​ថា​៖«​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល ធនាគារ​នីមួយៗ​យកចិត្តទុកដាក់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​។ ក្នុង​វិស័យ​ធនាគារ​ទាំងមូល មិន​ខ្វះ​ទេ​មូលនិធិ​សម្រាប់​វិស័យ​កសិកម្ម ព្រោះ​យើង​ដឹង​ហើយ​ថា​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុងការ​ផ្ដល់​ឥណទាន​ដល់​វិស័យ​កសិកម្ម គឺ​ខែ​ប្រមូល​នេះហើយ អ៊ីចឹង​អ្នកណា​ទៅ​រារែក​ផ្ដល់​ឥណទាន​»៕



Tag:
 ស្រូវ​អង្ករ​
  សុង សារ៉ន​
  កៅ ថាច​
  អ៊ិន ចាន់នី​
© រក្សាសិទ្ធិដោយ thmeythmey.com