ប្រទេស​និយាយ​ភាសា​បារាំង ជំ​រុញឱ្យ​កម្ពុជា លើកស្ទួយ​ភាសា​បារាំង និង​ពាណិជ្ជកម្ម​
ជាតិ
សេដ្ឋកិច្ច
ប្រទេស​និយាយ​ភាសា​បារាំង ជំ​រុញឱ្យ​កម្ពុជា លើកស្ទួយ​ភាសា​បារាំង និង​ពាណិជ្ជកម្ម​
03, Dec 2019 , 8:39 pm        
រូបភាព
លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី ៣ ធ្នូ ឆ្នាំ២០១៩
លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី ៣ ធ្នូ ឆ្នាំ២០១៩
​ភ្នំពេញ​៖ ប្រទេស​និយាយ​ភាសា ជំ​រុញឱ្យ​កម្ពុជា លើកស្ទួយ​ភាសា​បារាំង និង​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ​។ លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ (Louise Mushikiwabo) អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង លើកឡើង​បែបនេះ នៅក្នុង​ជំនួប​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី ៣ ធ្នូ ឆ្នាំ​២០១៩​។​



​លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ បាន​សង្កត់ធ្ងន់ថា បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ដែល​មក​ប្រជុំ​នៅ​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​ឡើង​ថែមទៀត​។ ជាពិសេស​អនុវត្ត​គម្រោង​ទាំងឡាយ​ឱ្យមាន​ភាពជាក់លាក់​។ គម្រោង​ដែល​លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ ស្នើឱ្យ​កម្ពុជា​ចូលរួម​អនុវត្ត​រួមគ្នា​នោះ រួមមាន  ការលើកស្ទួយ​ការបង្រៀន​ភាសា​បារាំង​, ការលើកស្ទួយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​និយាយ​ភាសា​បារាំង និង​ការរៀបចំ​ខួប​ទី​៥០​ឆ្នាំ នៃ​ការបង្កើត​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង នៅ​ឆ្នាំ​២០២០​ខាងមុខ​។​

«​កម្ពុជា​ពិត​ជាមាន​សកម្មភាព​យ៉ាងសកម្ម​ជាទីបំផុត​ក្នុងនាម​ជា​បិតា​ស្ថាបនិក​នៃ​អង្គ​ការនិយាយ​ភាសា​បារាំង​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​លេខាធិការ​នៃ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង ដែល​ស្នើឱ្យ​កម្ពុជា មាន​សកម្មភាព​កាន់តែខ្លាំង​ថែមទៀត នៅក្នុង​កិច្ចការងារ​នេះ​។​

​ឆ្លើយតប​នឹង​ការ​សំណើរ​របស់​លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ ខាងលើ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា កម្ពុជា​ក៏​ចង់​ធ្វើយ៉ាងណា លើកស្ទួយ​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច ,​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ដែរ ព្រោះថា​ទំនាក់ទំនង​នយោបាយ គឺ​ចាប់​ផ្ដើមឡើង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ដូច្នេះ​ថា​៖«​ចំពោះ​កិច្ចសហការ​រវាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​នេះ យើង​គប្បី​ណា​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​លើ​គម្រោង​មួយចំនួន​ដែល​អាចធ្វើ​ទៅបាន​»​។
​ក្រៅពីនេះ​កម្ពុជា​ក៏​នឹងចូលរួម​រៀបចំ​ខួប​៥០ ឆ្នាំ របស់​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​។ ជាពិសេស​ជំរុញ​ឱ្យ​និស្សិត​កម្ពុជា ដែល​រៀន​នៅ​ប្រទេស​បារាំង រៀបចំ​សកម្មភាព​ផ្សេងៗ ដើម្បី​អបអរ​ខួប ៥០​ឆ្នាំនេះ​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​

​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​ហ្វូ​កូ​នី បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧០ ។ អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ គឺជា​ស្ថាបនិក​មួយអង្គ ក្នុងចំណោម​ស្ថាបនិក​ដទៃទៀត​។ បច្ចុប្បន្ន​អង្គការ​នេះ មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៨០ ដែល​ប្រើប្រាស់​ភាសា​បារាំង​(​សមាជិក​ពេញសិទ្ធិ​ចំនួន​៥៧ និង​សមាជិក​សង្កេតការណ៍​ចំនួន​២៣) ស្មើនឹង​ប្រជាជន​ប្រមាណ ៨៩០​លាន​នាក់ ដែល​តំណាង​ឲ្យ​មួយ​ភាគបី នៃ​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន​អ្នក​និយាយ​ភាសា​បារាំង ក្នុង​ពិភពលោក​មាន​ជាង ២៧៨​លាន​នាក់​។ នៅក្នុង​អាស៊ាន ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ គឺជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​៕


Tag:
 ហ៊ុន សែន​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com