លុយ​និង​ពលរដ្ឋ​ចិន កំពុង​ផ្លាស់ប្ដូរ​ក្រុង​កំពង់ផែ​របស់​កម្ពុជា​
ជាតិ
សេដ្ឋកិច្ច
លុយ​និង​ពលរដ្ឋ​ចិន កំពុង​ផ្លាស់ប្ដូរ​ក្រុង​កំពង់ផែ​របស់​កម្ពុជា​
04, Dec 2019 , 7:59 pm        
រូបភាព
កាស៊ីណូ Oriental Pearl ដែលគ្រប់គ្រងដោយជនជាតិចិន នៅក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពីខែសីហា ឆ្នាំ២០១៩។ Photo: VOA Video (VOA)
កាស៊ីណូ Oriental Pearl ដែលគ្រប់គ្រងដោយជនជាតិចិន នៅក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពីខែសីហា ឆ្នាំ២០១៩។ Photo: VOA Video (VOA)
ដោយ: VOA
​ខេត្ត​ព្រះសីហនុ ៖ គ្មាន​ទីកន្លែង​ណា​ដែល​បង្ហាញ​ពី​ឥទ្ធិពល​ចិន​ទៅលើ​កម្ពុជា ល្អ​ជាង​ក្រុងព្រះសីហនុ ដែលជា​ទីក្រុង​កំពង់ផែ​ឆ្នេរសមុទ្រ​នៅជាប់​ឈូង​សមុទ្រ​នោះទេ​។ ទីក្រុង​នេះ​មាន​ចម្ងាយ​ប្រមាណ​២៣០​គីឡូម៉ែត្រ ប៉ែក​និរតី​នៃ​រាជធានី​ភ្នំពេញ​។​

 
​នៅ​ថ្ងៃ​ពុធ ម៉ោង​៩​យប់ ខែតុលា​កន្លងទៅ អ្នកយកព័ត៌មាន VOA ផ្សាយ​ក្នុង​ភាសា​ចិន បាន​ចូលទៅក្នុង​អគារ​ជាន់​ទី​១​នៃ​កាស៊ីណូ Oriental Pearl ដែល​តុបតែង​យ៉ាង​ល្អ​ប្រណិត ហើយ​បានឃើញ​ជនជាតិ​ចិន​ជា​ក្រុមៗ រវល់​ជជែក​គ្នា​និង​លេងល្បែង​នៅ​ទីនោះ​។​
 
​ភ្ញៀវ​ជាច្រើន​កំពុង​អង្គុយ និង​ខ្លះទៀត​ឈរ​ពីក្រោយ អើតមើល​គេ​លេង និង​ជួល​កាល​ចូល​ទៅលេង​នឹង​គេ​ដែរ​។ ភ្ញៀវ​ខ្លះទៀត ដើរ​ក្រវែល​ចុះឡើង​។​
 
​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ ដែល​ស្លៀកពាក់​ធម្មតា ស្ពាយ​កាបូប​ពី​ចំហៀង បាន​ដើរ​ចូលទៅ​តុ​ល្បែង​មួយ​ដែល​មិនសូវមាន​អ្នកលេង​កកកុញ​ប៉ុន្មាន ហើយ​បាន​ចាក់​ភ្នាល់​១០០​ដុល្លារ​។ តែមួយ​ប៉ប្រិចភ្នែក លុយ​១០០​ដុល្លារ​នោះ ត្រូវ​មេ​ស៊ី​អស់​។ ដោយ​មិនបាន​បង្ហាញ​ការសោកស្ដាយ​អ្វី​បន្តិច ស្ត្រី​រូបនោះ ក៏បាន​ដើរចេញ ហើយ​ទៅ​ចាក់​នៅ​តុ​មួយទៀត​។​
 
​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​កម្ចី​និង​វិនិយោគទុន​ចិន ដោយ​ចំហ​។​


ទិដ្ឋភាព​កំពង់ផែនៅជាប់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដែល​បច្ចុប្បន្នកំពុងទទួលបាន​ការវិនិយោគទុនយ៉ាងគំហុកពីអ្នកវិនិយោគជនជាតិចិន។
 
​ផ្នែក​ស្នូល​មួយ​នៃ​គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​ចិន​
 
​កម្ពុជា​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​ដ៏​មាន​មហិច្ឆតា​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​។ ក្រុងព្រះសីហនុ ដែលជា​ទីតាំង​នៃ​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​របស់​កម្ពុជា បាន​ក្លាយជា​ចំណុចប្រសព្វ​សម្រាប់​វិនិយោគទុន​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​
 
​ការហូរចូល​យ៉ាងគំហុក​នូវ​វិនិយោគិន​ចិន បានប្រែក្លាយ​ទីក្រុង​នេះ ដែល​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​ដោយសារតែ​ឆ្នេរ​ខ្សាច់​សក្បុស ហើយ​បរិយាកាស​រំភើយ​និង​ម្ហូប​សមុទ្រ​ដែលមាន​តម្លៃថោក ទៅជា​ការដ្ឋាន​សំណង់​ដ៏​ធំ​ដែល​ពិបាក​គ្រប់គ្រង​។​
 
​សំណង់​អគារ​ខ្ពស់ៗ និង​អគារ​ខុន​ដូរ​ធំៗ ព្រមទាំង​កាស៊ីណូ​ដ៏​មហិមា​ដែលមាន​លើក​ផ្លាក​លម្អ​ដោយ​ភ្លើង​ភ្លឹបភ្លែត​ចម្រុះ​ពណ៌ បានបង្ហាញ​រូបរាង​នៅ​ស្ទើរ​គ្រប់​ច្រកល្ហក​នៃ​ទីក្រុង ដែល​កំពុង​តែមាន​សក​ម្ម​ភាព​សាងសង់​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​។​
 
​ផ្លូវ​នានា​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង ត្រូវបាន​អម​សងខាង​ដោយ​ហាង​និង​ភោជនីយដ្ឋាន​ចិន​។ ផ្លាក​ផ្សាយពាណិជ្ជកម្ម​លក់​ផ្ទះ​ឬ​បន្ទប់​ជួល​ជា​ភាសា​ចិន និង​សេវាកម្ម​គ្រប់​ប្រភេទ​ជា​ភាសា​ចិន មាន​គ្រប់ទិសទី រួមទាំង​នៅលើ​រ៉ឺម៉ក​កង់​បី​ឬ​ទុក​ទុក​ផងដែរ​។​
 
​ពេល​លុយ​ចិន​ហូរ​ចូល​កម្ពុជា ជនជាតិ​ចិនដីគោក ក៏​មកជា​មួយ​ដែរ​។ ចំនួន​ជនជាតិ​ចិន​សរុប​ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​បាន​កើនឡើង​នៅ​ឆ្នាំ​២០១៩ រហូត​ស្មើ​ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ដែរ គឺ​ប្រមាណ​៨​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​អភិបាលក្រុង​ព្រះសីហនុ​គឺ​លោក អ៊ី សុខ​ឡេង​។ អ្នកខ្លះ ប៉ាន់ប្រមាណ​ថា ចំនួន​ជនជាតិ​ចិន​នៅ​ក្រុង​នេះ មាន​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់ គឺ​ប្រមាណ​២​សែន​នាក់​។​
 
​លោក អ៊ូ វីរៈ នាយក​អង្គការ​វេទិកា​អនាគត បាន​និយាយថា ចំនួន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុងព្រះសីហនុ គឺមាន​ប្រមាណ​៣​សែន​នាក់ ហើយ​លោក​ថា ជន​ជាតិចិន​ភាគច្រើន​រស់នៅ​ផ្ដុំគ្នា​នៅ​ចំ​កណ្ដាល​ទីក្រុង​តែម្ដង​។​
 
«​‍​នេះ​មានន័យថា ពេល​អ្នក​ទៅ​ក្រុងព្រះសីហនុ នោះ​អ្នក​ប្រហែលជា​ឃើញ​ជនជាតិ​ចិន​»​។​


រូបឯកសារ៖ ផ្លូវ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ជិត​ឆ្នេរ​អូ​ឈឺទាល ដែល​ជា​កន្លែង​សំបូរ​ទៅ​ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់នៅ (ស៊ុន ណារិន/VOA)


ទិដ្ឋភាពអគារខ្ពស់ៗនៅចំកណ្តាលក្រុងព្រះសីហនុពី​លើអគារ​រង្គសាល Sky របស់លោក Zhang អ្នកវិនិយោគចិនមកពីខេត្ត Fujian ប្រទេសចិន។
 
​លោក ជួន ណារិន ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ខែកក្កដា​ថា អាជីវកម្ម​ប្រមាណ​៩០​ភាគរយ​ដែល​កំពុងដំណើរការ​រក​ស៊ី​នៅ​ក្រុងព្រះសីហនុ រាប់​ចាប់តាំងពី​សណ្ឋាគារ កាស៊ីណូ និង​ភោជនីយដ្ឋាន​រហូតដល់​ហាង​ម៉ាស្សា គឺ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។​
 
​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម​
 
​ថ្វីត្បិតតែ​បាន​បង្កើត​ការងារ​និង​ទ្រព្យសម្បត្តិ​ដល់​មនុស្ស​ខ្លះ​ក៏ពិតមែន ក៏​វិសាលភាព​ទាំងស្រុង​និង​ល្បឿន​នៃ​វិនិយោគទុន​ចិន​ក្នុង​ក្រុងព្រះសីហនុ ក៏បាន​បង្កបញ្ហា​នានា​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​រស់នៅ​ទីនេះ​ផងដែរ​។​
 
​លោក ថុ​ន រដ្ឋា សកម្មជន​បរិស្ថាន​ម្នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ បាន​រៀបរាប់​ពី​បញ្ហា​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​នេះ​។​
 
«​‍​‍​បញ្ហា​ដែល​យើង​មើលឃើញ គឺ​ការបង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​ដោយ​មិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ​។ បញ្ហា​ទី​២ គឺ​ការកើនឡើង​នូវ​សំរាម​ស្ទើរតែ​គ្រប់​ទីកន្លែង​។ ទី​៣​គឺ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ត្រូវបាន​ខ្ទេចខ្ទី​ស្ទើរតែ​ទាំងស្រុង ផ្លូវថ្នល់​អី​ជាដើម​»​។​
 
​កាលពី​ខែសីហា ក្រុងព្រះសីហនុ បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ដ៏​ធំ​ខុស​ប្រក្រតី​មួយ​ដោយ​ផ្ទះ​រាប់សិប​ខ្នង​បាន​រង​ការខូចខាត​និង​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​លិច​ផ្លូវ​នានា​ដោយ​មានទឹក​ហូរ​ខ្លាំង និង​ប្រកបដោយ​គ្រោះថ្នាក់​។​
 
​អ្នកស្រី Maggie Eno ស្ថាបនិក​និង​សហ​នាយិកា​អង្គការ​ម្លប់​តាប៉ាង ដែលជា​អង្គ​ការមិន​រកប្រាក់​កម្រៃ​ធ្វើ​ការងារ​ជាមួយ​កុមារ​ងាយ​រងគ្រោះ​ជាង​៥០០០​នាក់​និង​គ្រួសារ​ចំនួន​២០០០ ក្នុង​ខេត្ត​ព្រះសីហនុ បាន​និយាយថា អ្នកស្រី មិនដែល​ឃើញ​ស្ថានភាព​បែបនេះ​ទេ​ក្នុង​រយៈពេល​១៧​ឆ្នាំ ចាប់តាំងពី​អ្នកស្រី​មក​រស់នៅក្នុង​ក្រុងព្រះសីហនុ​នេះ​។​
 
«​‍​យើង​មក​ធ្វើការ​នៅទីនេះ ក្នុង​មជ្ឈមណ្ឌល​នេះ​អស់​១១​ឆ្នាំ​មកហើយ​។ មណ្ឌល​អប់រំ គ្លីនិក និង​អ្វីៗ​ផ្សេងៗ​ទៀត​ក្នុង​ទីស្នាក់ការ​របស់​យើង យើង​មិន​ដែលមាន​សូម្បីតែ​ទឹក​មួយ​ដំណក់ ជ្រាបចូល​អគារ​នេះ​ទេ​»​។​
 
​អ្នកស្រី Eno បាន​ពន្យល់ថា​៖ «​‍​យើង​ធ្លាប់មាន​ទឹក​បន្តិច​ដែរ​នៅខាងមុខ​អគារ ហើយ​កម្រិត​ទឹក​ឡើងដល់​កន្លះ​ម៉ែត្រ ប៉ុន្តែ​មិនយូរប៉ុន្មាន​ទឹក​នោះ​ក៏​ស្រក​ហូរ​ចូល​សមុទ្រ​»​។​
 
​យោងតាម​អ្នកស្រី Eno មូល​ហេតុដែល​បង្កឱ្យមាន​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ឆ្នាំនេះ គឺ​ដោយសារតែ​អ្នក​អភិវឌ្ឍ​ជនជាតិ​ចិន បាន​ចាក់ដី​លុប​ទីវាល​នានា​ដែល​ធ្លាប់ជា​អាង​ស្តុក​ទឹកលូ​ធម្មជាតិ​។ ទីក្រុង​ព្រះសីហនុ មិនទាន់មាន​ប្រព័ន្ធ​បង្ហូរទឹក​ផ្សេងទៀត​មក​ជំនួស​ប្រព័ន្ធ​បង្ហូរទឹក​ចាស់ៗ​នៅឡើយ​ទេ​។​
 
​ក្រុមហ៊ុន​អភិវឌ្ឍ​របស់​ចិន ក៏បាន​ចាក់ដី​លុប​ផ្នែក​ខ្លះ​នៃ​បឹង​ក្នុង​ក្រុង ដើម្បី​សាងសង់​អគារ​ខ្ពស់ៗ​ដែរ​។ នេះ​បើ​យោងតាម​លោក ថុ​ន រដ្ឋា​។​
 
«​‍​បឹង​នេះ ពីមុន​ធំ​ជាង​នេះ ហើយ​មាន​ទឹកថ្លា​មែនទែន ប៉ុន្តែ ចាប់តាំងពី​ពលរដ្ឋ​ខ្មែរ​លក់​ដី​ឱ្យ​ចិន ពួក​ចិន​បាន​ព្យាយាម​លុប​បឹង​នេះ​។ ពីមុន អ្នកស្រុក​អាច​ប្រើប្រាស់​ទឹក​បឹង​នេះ​បាន តែ​ឥឡូវ​ពួកគេ​មិនអាច​ប្រើ​បានទេ​»​។​
 
​ចំនួន​ពលរដ្ឋ​ដែល​កើនឡើង​ក្នុង​ក្រុងព្រះសីហនុ​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បានធ្វើឱ្យ​បរិមាណ​សំរាម​កើនឡើង​យ៉ាងគំហុក​។ ទោះបីជា​អាជ្ញាធរ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​កំណើន​នេះ​ក៏ដោយ ក៏​សំរាម ត្រូវបាន​គេ​បោះចោល​ពាសវាល​ពាសកាល​តាម​ដងផ្លូវ​នានា​។​
 
​អ្នកស្រី Eno និយាយថា​៖ «​បញ្ហា​សំរាម​នេះ គ្រប់គ្រង​លែង​បាន​ហើយ​។ ពេល​ទឹក​លិច​ផ្លូវ​នានា វា​នាំ​សំរាម​នៅតាម​ផ្លូវ​ទាំងនេះ ហូរ​ចូល​ផ្លូវទឹក​ដែល​ហូរ​ចូល​សមុទ្រ​ហើយ​នៅ​កក​ជាប់មាត់​លូ​នោះ​។ ដូច្នេះ ពេល​ដែលមាន​សំរាម​ថង់​ប្លា​ស្ទិ​ក​និង​ប្រអប់​ខ្មៅៗ រាប់ពាន់​កញ្ចប់​នៅ​កកស្ទះ​លំហូរ​ទឹក ទឹក​នោះ​មិនអាច​ហូរ​ចូល​សមុទ្រ​បានទេ​។ អ៊ីចឹង កម្រិត​ទឹក​ចេះតែ​កើនឡើងៗ រហូត​ទាល់តែ​ក្លាយជា​ទឹកជំនន់​»​។​
 
​លោក ហ្សា​ង (Zhang) ដែល​មកពី​ខេត្ត Fujian ប្រទេស​ចិន បានមក​ក្រុងព្រះសីហនុ កាលពី​ពីរ​បី​ឆ្នាំមុន ហើយ​ឥឡូវ​លោក​ក្លាយជា​ម្ចាស់​រង្គសាល Sky និង​ភោជនីយដ្ឋាន​ចិន​មួយ និង​ហាង​លក់​គ្រឿងសំណង់​មួយ​ដែរ​។​
 
​លោក​និយាយថា ចំនួន​ពលរដ្ឋ​ដែល​កើនឡើង​យ៉ាងគំហុក​ក្នុង​ទីក្រុង​នេះ តម្រូវឱ្យមាន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន​។​
 
​លោក Zhang បាន​ប្រាប់​អ្នកយកព័ត៌មាន VOA ផ្សាយ​ជា​ភាសា​ចិន​ថា​៖ «​‍​ក្រុងព្រះសីហនុ គឺជា​ទីក្រុង​ដែលមាន​ពលរដ្ឋ​រស់នៅ​រាប់ម៉ឺន​នាក់​។ បរិក្ខារ​ទ្រទ្រង់​ទីក្រុង ដូចជា​ប្រព័ន្ធ​លូ ទឹក ភ្លើង គឺ​សម្រាប់តែ​ចំនួន​មនុស្ស​ប៉ុណ្ណឹង តែ​ក្រោយមក ស្រាប់តែ​ទីក្រុង​នេះ​មាន​មនុស្ស​រាប់សែន​នាក់​សម្រុក​ចូលមក​ភ្លាមៗ​។ ជាធម្មតា​ទេ ទីក្រុង​នេះ​ពិតជា​មិនអាច​ទ្រទ្រង់ និង​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង​នេះ​បានទេ​»​។​


រូបឯកសារ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅក្នុង​ផ្សារទំនើប​មួយ​នៅក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពី​ប្រទេសចិន និង​មាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន និង​បំពេញ​តម្រូវការ​អតិថិជន ដែល​ភាគច្រើន​ជា​ជនជាតិចិន នៅខេត្តព្រះសីហនុ។
 
​ចំណាយ​ខ្ពស់​លើ​ការរស់នៅ​ប្រចាំថ្ងៃ​
 
​បន្ថែម​លើ​ផលប៉ះពាល់​បរិស្ថាន ការហូរចូល​យ៉ាងគំហុក​នៃ​អ្នកវិនិយោគ​ចិន​ដែលមាន​ប្រាក់ ក៏បាន​បង្ក​ឱ្យ​ថ្លៃ​ចំណាយ​លើ​ការរស់នៅ​ជាទូទៅ ឡើង​ខ្ពស់កប់ពពក​។ ថ្លៃទំនិញ​សព្វសារពើ​រាប់​ចាប់តាំងពី​ម្ហូបអាហារ​រហូតដល់​កន្លែង​ស្នាក់នៅ បាន​កើនឡើង​យ៉ាងខ្លាំង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ក្រុមគ្រួសារ​និង​សហគមន៍​ក្នុងស្រុក​។​
 
​អ្នកស្រី Eno បាន​ឲ្យ​ដឹងថា​៖ «​‍​ពេលដែល​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ក្រុង​នេះ ពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​បាត់បង់​ផ្ទះ​របស់ខ្លួន​ដែល​ពួកគេ​កំពុង​ជួល ដោយសារ​ម្ចាស់ផ្ទះ បាន​ជួល​ទៅឱ្យ​ជនជាតិ​ចិន ដោយសារតែ​ថ្លៃ​ជួល​បាន​ខ្ពស់ជាង​១០០០​ភាគរយ ឬក៏​ម្ចាស់ផ្ទះ សម្រេច​លក់​ផ្ទះ​នោះ​ឱ្យ​ជនជាតិ​ចិន​តែម្ដង​»​។​
 
«​‍​អគារ​ទាំងនេះ កំពុង​ត្រូវបាន​សាងសង់ឡើង ស្រប​ពេលដែល​គ្មាន​សំណង់​អគារ​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​ឱ្យ​អ្នក​ដែល​គេ​បណ្ដេញ​ចេញពី​ផ្ទះជួល​ទាំងនោះ​នៅបាន​នោះទេ​»​។​
 
​អ្នកស្រី រ​ត្ន័ ចន្ទ​ផល្គុណ សហ​នាយិកា​នៃ​អង្គការ​ម្លប់​តាប៉ាង ដែល​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ក្រុមគ្រួសារ​ដែល​ខ្វះខាត បាន​លើកឡើងថា​៖ «​‍​អ្នកខ្លះ​រកបាន​ដី​តូច​មួយ​ដែល​ពួកគេ​អាច​ជួល​បាន​។ អ្នកខ្លះ ត្រូវ​រើចេញ ប៉ុន្តែ​មិនដឹង​ទៅ​ជួល​នៅឯណា​បាន​»​។​
 
​អ្នកស្រី​បាន​បន្ថែមថា​៖ «​‍​ពួកគេ​មិនអាច​ធ្វើការ​ងារ​ដូច​ពីមុន​បានទេ​។ បញ្ហា​ទាំងនេះ ធ្វើឱ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​ពិបាក​»​។​
 
​អ្នកស្រី Eno ដែលមាន​សញ្ជាតិ​អង់គ្លេស ហើយ​បានមក​កម្ពុ​ជាដំបូង​ឡើយ​ជា​អ្នក​ទេសចរណ៍​កាលពី​ឆ្នាំ​២០០៣ ជឿថា មូលហេតុ​នៃ​បញ្ហា​ទាំងនេះ បណ្ដាលមកពី​ការអភិវឌ្ឍ​ដែល​កំពុង​កើតឡើង​ក្នុង​ទីក្រុង​នេះ ដែល​ផ្ដោត​តែ​លើ​អគារ លុយ និង​កាស៊ីណូ ជាជាង​លើ​ពលរដ្ឋ​ក្នុង​ក្រុង​នេះ​។​
 
«​‍​តាំងពី​ជនជាតិ​ចិន បាន​ចូល​មកដល់ ប្រហែល​មួយឆ្នាំ​កន្លះ​មុន​ឬ​ពីរ​ឆ្នាំមុន ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាច្រើន ត្រូវបាន​វាយចោល ហើយ​កំពុង​ជំនួស​ដោយ​កាស៊ីណូ​វិញ​»​។​
 
​អ្នកស្រី Eno បាន​បន្ថែមទៀតថា​៖ ​«​អ្នកលក់ដូរ​នៅតាម​ឆ្នេរ​ខ្សាច់​ស្ទើរ​គ្រប់រូប និង​អ្នករត់​រ៉ឺម៉ក​កង់​បី និង​ហាង​ចល័ត ដែល​លក់ដូរ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មិនមែនជា​ជនជាតិ​ចិន ឬ​អ្នក​ទេសចរណ៍​ខ្មែរ សុទ្ធតែ​បាត់បង់​ការងារ​អស់ហើយ​។ ពួកគេ ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ទីក្រុង​នេះ​»​។​
 

រូបឯកសារ៖ ផ្សារទំនើប​មួយ​នៅក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពី​ប្រទេសចិន និង​មាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន និង​បំពេញ​តម្រូវការ​អតិថិជន ដែល​ភាគច្រើន​ជា​ជនជាតិចិន នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)


 រូបឯកសារ​៖ ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
 
​ថ្លៃ​ជួល​ខ្ពស់​ខ្លាំង​
 
​ពលរដ្ឋ​ខ្មែរ​វ័យ​២៨​ឆ្នាំ​ម្នាក់ ដែល​ប្រាប់ថា​មានឈ្មោះ ជេ គឺជា​មនុស្ស​ម្នាក់​ដែល​បាន​បាត់បង់​ទីកន្លែង​រកស៊ី​។​
 
«​‍​ខ្ញុំ​លក់ដូរ​នៅ​ហាង​មួយ​នៅ​ទីក្រុង​នេះ ដោយ​ជួល​កន្លែង​គេ​ក្នុងតម្លៃ​៥០០​ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ក្រោយមក​ម្ចាស់​ហាង​ក៏បាន​ជួល​កន្លែង​ហ្នឹង​ទៅឱ្យ​ជនជាតិ​ចិន​ក្នុងតម្លៃ​១៥០០​ដុល្លារ​ក្នុង​មួយខែ​។ ខ្ញុំ​មិនអាច​បង់ថ្លៃ​ជួល​រួច ហើយក៏​បាត់បង់​កន្លែង​លក់ដូរ​របស់ខ្ញុំ​ទៅ​»​។​
 
​លោក ជេ ក៏បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់លោក​វិញ​។ បន្ទាប់ពី​សន្សំ​ប្រា​ក់បាន​ខ្លះ ឥឡូវនេះ​លោក​ក៏បាន​វិល​ត្រឡប់មក​ក្រុងព្រះសីហនុ​វិញ ដោយ​ព្យាយាម​រកស៊ី​លក់ដូរ​ចល័ត​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ជនជាតិ​ចិន​រស់នៅ (Chinatown) ក្នុង​ទីក្រុង​លំហែកាយ​កំពង់ផែ​មួយ​នេះ​។​
 
​នៅលើ​ឆ្នេរ​មួយ​នៅក្បែរ​ក្រុងព្រះសីហនុ​នេះ ក្រុម​អ្នកយកព័ត៌មាន VOA ផ្សាយ​ជា​ភាសា​ចិន ស្ទើរតែ​មិនឃើញ​ភ្ញៀវ​ទេសចរណ៍​ខ្មែរ ឬ​ភ្ញៀវ​អន្តរជាតិ​ដែល​មិនមែនជា​ជនជាតិ​ចិន​។ ស្ទើរតែ​គ្រប់​ភោជនីយដ្ឋាន​និង​រង្គសាល​នៅលើ​ឆ្នេរ​នេះ សុទ្ធតែ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន និង​មាន​សុទ្ធតែ​ភ្ញៀវ​ចិន​។​
 
​លោក បូ នៅ និង​ភរិយា បង់ថ្លៃ​ជួល​ទ្វេដង ដើម្បី​អាចដាក់​តូប​លក់ដូរ​មួយ​នៅខាងមុខ​ភោជនីយដ្ឋាន​ចិន​មួយកន្លែង​។ បុរស​វ័យ​៥៦​ឆ្នាំ​រូបនេះ ដែល​បាន​រកស៊ី​នៅលើ​ឆ្នេរ​នេះ​តាំងពី​យូរយារ​ណាស់​មកហើយ កំពុងតែ​ត្រដររស់​។​
 
«​‍​ខ្ញុំ​អត់​សប្បាយចិត្ត​សោះ បើ​វា​អស់​ភ្ញៀវ​ខ្មែរ​មកលេង​កន្លែង ហ្នឹងហើយ មានតែ​ជនជាតិ​ចិន​។ ជនជាតិ​ចិន វា​អត់​មក​ទិញ​អី​យើង​ហូប​ពិសា​អី​ទេ​»​។​
 
​ភោជនីយដ្ឋាន​និង​ហាង​ស្រា​អង្គរ គឺជា​ហាង​ខ្មែរ​មួយ​ក្នុងចំណោម​ហាង​តែ​ពីរ​បី​ដែល​នៅសល់​លើ​ឆ្នេរ​នេះ ហើយ​ដែល​មិន​ព្រម​លក់​ឬ​ជួល​ដី​ទៅឱ្យ​ជនជាតិ​ចិន​។​
 
​លោក ខៀវ ពេជ្រ អាយុ​២៧​ឆ្នាំ គឺជា​អ្នកគ្រប់គ្រង​ហាង​របស់​គ្រួសារ​លោក ដែល​បើក​រកស៊ី​នៅទីនេះ​អស់​១០​ឆ្នាំ​មកហើយ​។​
 
«​‍​ក្រោយពី​ជនជាតិ​ចិន បាន​ចូលមក អ្វីៗ​ប្រែប្រួល​អស់រលីង​។ ហាង​ខ្មែរ​បាត់អស់​។ ជនជាតិ​ចិន គ្រប់គ្រង​ហាង​ទាំងអស់​នៅទីនេះ​»​។​
 
​ហាង​របស់លោក ខៀវ ពេជ្រ នៅ​ចំណេញ​គួរសម ដូច្នេះ លោក​អាច​បដិសេធ​វិនិយោគិន​ចិន​ដែល​ចង់​មករក​ស៊ី​នៅទីនេះ​។ ប៉ុន្តែ ហាង​ជាច្រើន​ទៀត មិនអាច​រកស៊ី​បាន​។​
 
​អ្នកស្រី Eno នៃ​អង្គការ​ម្លប់​តាប៉ាង និយាយថា​៖ «​‍​ក្នុង​ក្រុង អ្នកនឹង​ឃើញ​ហាង​ភាគច្រើន​ឥឡូវ​គឺជា​របស់​ជនជាតិ​ចិន​។ ការណ៍​នេះ មិនមែនជា​ចំណុច​វិជ្ជមាន​សម្រាប់​សហគមន៍​ខ្មែរ ឬ​ប្រជាជន​ខ្មែរ​ទេ សូម្បីតែ​ខ្ញុំ​ក៏ដោយ ដោយសារ​ប្រជាជន​ខ្មែរ គ្មាន​កន្លែង​ណា​ទៅទៀត​ទេ ហើយ​ពួកគេ​ហូប​គុយទាវ​ព្រលឹម​ឡើង មុនពេល​ទៅធ្វើ​ការ​»​។​
 
​អ្នកស្រី Eno បាន​បន្ថែមទៀតថា​៖ «​‍​ពួកគេ លែងមាន​ហាង​កាហ្វេ​ខ្មែរ ហើយ​បើ​គេ​ចង់យក​កង់​របស់គេ​ទៅធ្វើ ក៏​គ្មាន​កន្លែង​ធ្វើ​ដែរ​»​។​
 
​អ្នកស្រី​បាន​ឲ្យ​ដឹងថា ក្នុង​តំបន់​ដែល​អ្នកស្រី​រស់នៅ កាលពី​ពីរ​បី​ឆ្នាំមុន មាន​ខ្មែរ​១០០​ភាគរយ ប៉ុន្តែ​ឥឡូវ អ្នករស់នៅ​ទីនេះ​ដែលជា​ខ្មែរ គឺមាន​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។​
 
​ក៏ប៉ុន្តែ ជនជាតិខ្មែរ​ខ្លះ ក៏បាន​ផលប្រយោជន៍​ពី​វិនិយោគទុន​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ជាពិសេស​អ្នក​ដែលមាន​ដី​ឬ​មាន​អចលនទ្រព្យ​សម្រាប់​ជួល​។ អ្នកខ្លះ បាន​ក្លាយជា​អ្នកមាន​តែមួយ​ប៉ប្រិចភ្នែក​។​
 
​ប៉ុន្តែ លោក ថុ​ន រដ្ឋា នៃ​អង្គការ​មាតា​ធម្មជាតិ និយាយថា អ្នក​ដែល​បាន​ក្លាយជា​អ្នកមាន​នេះ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ជាពិសេស​បើ​ប្រៀបធៀប​នឹង​ពលរដ្ឋ​ទូទៅ និង​កម្មករ កសិករ​និង​អ្នកនេសាទ​ដែល​រស់នៅ​ក្បែរ​គ្នា​នោះ​។​
 
«​‍​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ អាច​លក់​អចលនទ្រព្យ​របស់​ពួកគេ​បាន​? មិនមាន​មនុស្ស​ច្រើន​ទេ​ដែលមាន​ដី​និង​អាច​លក់​ដី​បាន​នោះ​។ មនុស្ស​ភាគច្រើន​ដែលមាន​អចលនទ្រព្យ​សម្រាប់​លក់​នោះ គឺ​សុទ្ធតែជា​មន្ត្រី​មានអំណាច​។ យើង​ឃើញ​អ្នកមាន​ភាគច្រើន​លក់​អចលនទ្រព្យ​របស់​ពួកគេ​ក្នុងតម្លៃ​ខ្ពស់​»​។​
 
​អ្នកស្រី Eno ក៏មាន​មិត្ត​ភ័ក្ដិ​ដែល​រកលុយ​បាន​យ៉ាងច្រើន​ដោយ​ការលក់​ឬ​ជួល​ដី​ទៅឱ្យ​ជនជាតិ​ចិន ប៉ុន្តែ អ្នកស្រី និយាយថា សូម្បីតែ​អ្នក​ទាំងនេះ ក៏​មិន​សប្បាយ​ចិត្តនឹង​ការប្រែប្រួល​ក្នុង​ក្រុងព្រះសីហនុ​ដែរ ដោយសារ​ពួកគេ​នឹក​សហគមន៍​ខ្មែរ​។​
 
​ពេល​សហគមន៍​ខ្មែរ​ភាគច្រើន​បាន​ចាក​ចេញទៅ អ្នក​អភិវឌ្ឍ​ចិន កំពុងតែ​បំពេញ​ចន្លោះប្រហោង​ទាំងនេះ ដោយ​កាស៊ីណូ និង​សណ្ឋាគារ​ភ្លឺ​ព្រឹមៗ​។​
 
​យោងតាម​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​គឺ​លោក ជួន ណារិន ក្នុងចំណោម​កាស៊ីណូ​ទាំង​៧១​ក្នុង​ក្រុងព្រះសីហនុ ៤៨​កំពុង​ប្រតិបត្តិការ​ដោយ​ជនជាតិ​ចិន​។​
 

រូបឯកសារ៖ ក្រុម​កម្មករ​សម្រាក​ពី​ការងារ​ពេល​រសៀល ក្រោយ​បញ្ចេញ​ពលកម្ម​ពេញ​មួយថ្ងៃ សាងសង់​អគារ​មួយ​នៃ​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ក្លាយជា​តំបន់​ដែល​កំពុង​រីក​លូតលាស់​ដោយ​អគារ​ធំតូច​ស្កឹមស្កៃ ស្រប​ពេល​ដែល​មាន​ការ​ហូរ​ចូល​នៃ​ទំហំ​វិនិយោគ​យ៉ាង​គំហុក​របស់ក្រុមហ៊ុនចិន។
 
​អន្តរកាល​មួយ​ប៉ុណ្ណោះ​?
 
​ទោះបីជា​ការលេង​ល្បែងស៊ីសង គឺជា​សកម្មភាព​ខុសច្បាប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក៏ដោយ ក៏​វត្តមាន​កាស៊ីណូ​ដ៏​ច្រើន​កុះករ​ទាំងនេះ បានចាប់ផ្ដើម​មាន​ឥទ្ធិពល​លើ​សង្គម​រួចទៅហើយ​។ នេះ​បើ​ផ្អែក​តាម​អ្នកស្រី អ្នកស្រី Eno នៃ​អង្គការ​ម្លប់​តាប៉ាង​។​
 
«​‍​អ្នកដឹង​ហើយ​ថា ពេល​មាន​កាស៊ីណូ មាន​អ្នក​ជាប់បំណុល​។ មនុស្ស​នាំគ្នា​លេងល្បែង ហើយ​ចាញ់​លុយ​អស់​។ ការ​មាន​កាស៊ីណូ គឺមាន​ពិភព​ងងឹត​។ ថ្នាំញៀន ការកេងប្រវ័ញ្ច​ផ្លូវភេទ និង​ពិភព​បិទបាំង​ដែល​យើង​ពិបាក​នឹង​ចូល​ទៅដល់​»​។​
 
​អ្នកស្រី​បន្ថែមថា ដោយសារ​កាស៊ីណូ​ទាំងនេះ មាន​គោលដៅ​ទាក់ទាញ​ជនជាតិ​ចិន និន្នាការ​អភិវឌ្ឍន៍​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​សោភណភាព​ទីក្រុង​នេះ​។​
 
​លោក Zhang ដែលជា​ម្ចាស់​រង្គសាល Sky នៅតែមាន​សុទិដ្ឋិនិយម​អំពី​អនាគត​ក្រុងព្រះសីហនុ​។ សម្រាប់​រូបលោក ក្រុងព្រះសីហនុ គឺ​ដូចជា​ខេត្ត Guangdong របស់​ចិន នៅពេល​ដើមដំបូង​នៃ​កំណែទម្រង់​របស់​ចិន ហើយ​សន្សឹមៗ ក៏​បើកចំហ​ទៅកាន់​ពិភពលោក​។​
 
​លោក Zhang និយាយថា​៖ «​‍​ពេល​ខ្ញុំ​បាន​ទៅរក​ស៊ី​នៅ​ខេត្ត​នោះ​ក្នុង​ទសវត្ស​១៩៩០ ខ្ញុំ​មើលឃើញថា​ខេត្ត Guangdong រាង​រញ៉េរញ៉ៃ​បន្តិច​។ ប៉ុន្តែ ដោយសារ​កំណែទម្រង់​និង​ការបើកចំហ ពលរដ្ឋ​មកពី​គ្រប់ទិសទី​នៃ​ប្រទេស បាន​ទៅរក​ស៊ី​នៅ​ទីនោះ ដោយ​បង្កឱ្យមាន​កង្វះ​ធនធាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​»​។​
 
​អ្នកជំនួញ​ចិន​រូបនេះ​បាន​បន្ថែមថា​៖ «​‍​ខ្ញុំ​គិតថា នេះ​គឺ​គ្រាន់តែ​ជា​ដំណាក់កាល​មួយ​ប៉ុណ្ណោះ​។ វា​ត្រូវតែ​ឆ្លងកាត់​ដំណាក់កាល​នេះ ដោយសារ​អ្នកគ្រប់គ្រង​ទីក្រុង គ្មាន​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​ក្រុង​ដែលមាន​មនុស្ស​ច្រើន​បែបនេះ​។ ពេល​មាន​មនុស្សម្នា​យ៉ាងច្រើន​មក​ភ្លាមៗ​ក្នុងពេល​តែមួយ​បែបនេះ ប្រាកដ​ជាមាន​អន្តរកាល​មួយ​ហើយ​»​។​
 
​គ្មាន​នរណាម្នាក់​ដឹង​ទេ​ថា​តើ​អន្តរកាល​នេះ នឹងមាន​រយៈពេល​យូរ​ប៉ុណ្ណា​។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ជាច្រើន អ្វីដែល​ពួកគេ​ត្រូវ​ដោះស្រាយ​នៅពេលនេះ គឺ​ធ្វើ​យ៉ាងម៉េច​អាច​រស់​នៅបាន​។​
 
​លោក ជេ ដែល​បាន​បាត់បង់​ហាង​ដោយសារតែ​ថ្លៃ​ជួល​ឡើងថ្លៃ និង​ត្រូវ​បង្ខំចិត្ត​ធ្វើជា​អ្នកលក់ដូរ​ចល័ត​នៅ​តំបន់​ដែលមាន​ជនជាតិ​ចិន​រស់នៅ​ច្រើន​កុះករ​ក្នុង​ក្រុងព្រះសីហនុ​នេះ កំពុង​ខំប្រឹងប្រែង​សម្រេច​បំណង​របស់លោក​។​
 
«​‍​ខ្ញុំ​មិន​ចង់​ធ្វើការ​នៅកាស៊ី​ណូ​ទេ ដោយសារ​ខ្ញុំ​ចង់​មាន​ហាង​ខ្លួនឯង​»​។​
 
​លោក​សង្ឃឹមថា នៅពេល​ណាមួយ លោក​នឹងមាន​ប្រាក់​គ្រប់គ្រាន់ បើកហាង​ដោយ​ខ្លួនឯង ដើម្បីឱ្យ​ភរិយា​និង​កូនស្រី​របស់លោក អាចមាន​ជីវភាព​ដ៏​ល្អ​មួយ​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com