ជាតិ
សេដ្ឋកិច្ច
កម្ពុជា​គ្រោង​នាំ​អង្ករ​ទៅ​អាហ្វ្រិក​ខាងត្បូង ដែលជា​ទីផ្សារ​ថ្មី​
05, Dec 2019 , 8:29 am        
រូបភាព
រូបពីក្រសួងកសិកម្ម
រូបពីក្រសួងកសិកម្ម
ដោយ:
​ភ្នំពេញ​៖ តាមរយៈ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​(MOU) ដែល​ត្រូវបាន​ចុះហត្ថលេខា​ម្សិលមិញ​នេះ អង្ករ​កម្ពុជា​គ្រោង​នាំ​អង្ករ​ទៅកាន់​ទីផ្សារ​ថ្មី​មួយទៀត គឺ អាហ្វ្រិក​ខាងត្បូង​។


 
MOU នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រុមហ៊ុន Mekong Oryza Trade ជាមួយ​ក្រុមហ៊ុន Hong Kong-based Hong Kong Zhoghui Taifu International និង​ក្រុមហ៊ុន Gree Shield Africa Group នៅ​ថ្ងៃទី​៣​ខែធ្នូ ក្រោម​អធិបតី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។ តាមរយៈ​MOU នេះ ក្រុមហ៊ុន​ទាំងនេះ​នឹង​សហការ​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប ចិន និង​អាហ្វ្រិក​ខាងត្បូង​។ 
 
​លោក វេ​ង សាខុន មានប្រសាសន៍ថា ការចុះ​MOU​នេះ គឺជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ក្រសួង​ក្នុង​ការជំរុញ​ការនាំចេញ​អង្គរ​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន សហភាព​អឺរ៉ុប និង​ជាពិសេស​នោះ​គឺ​ទីផ្សារ​អាហ្វ្រិក​ខាងត្បូង​ដែលជា​ទីផ្សារ​អង្ករ​ថ្មី​មួយទៀត​របស់​កម្ពុជា​។​
 
​លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមហ៊ុននាំចេញ​អង្ករ ក្រុមហ៊ុន Mekong Oryza Trade បាន​ឲ្យ​ដឹងថា MOU​នេះ មាន​រយៈពេល​៣​ឆ្នាំ ដែល​ក្រុមហ៊ុន​គ្រោង​នាំចេញ​អង្ករ​ប្រមាណ​១០​ម៉ឺន​តោន​ទៅ​ទីផ្សារ​អឺរ៉ុប ចិន និង​អាហ្វ្រិក ដែល​រំពឹងថា​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២០ ដែល​ក្នុង​មួយឆ្នាំ​គ្រោង​៣​ទៅ​៥​ម៉ឺន​តោន​។​


រូបពីក្រសួងកសិកម្ម
 
​ចំពោះ​ទីផ្សារ​អាហ្វ្រិក​ខាងត្បូង ការចុះ​MOU​នេះ​គឺ​ដើម្បី​ឈានដល់​ការនាំ​ចេញទៅ​ទីផ្សារ​ថ្មី​មួយ​នេះ​។ លោក ហ៊ុន ឡាក់ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​យើង​ចុះ​MOU គឺ​ដើម្បី​ឈានដល់​ការរួម​គ្នា​ជជែក​ពិភាក្សា​លម្អិត​ទៅលើ ចំនួន ស្ដង់ដា​រទិញ និង​តម្លៃ​។ ចំពោះ​ចំនួន នៅពេលដែល​យើង​ចុះកិច្ចសន្យា​ចុងក្រោយ នឹង​បញ្ជាក់​លម្អិត​»​។​
 
​សព្វថ្ងៃ អាហ្វ្រិក​ខាងត្បូង​នាំចូល​អង្ករ​ភាគច្រើន ពី​វៀតណាម និង​ឥណ្ឌា​។ បើតាម​លោក ហ៊ុន ឡាក់ ទីផ្សារ​នេះ​ប្រើប្រាស់​អង្ក​រស​ធម្មតា​ច្រើន និង​អង្ករ​ប្រណីត​មួយចំនួន​។​
 
​បើ​អង្ករ​កម្ពុជា​ត្រូវបាន​នាំទៅ​អាហ្វ្រិក​នៅពេល​ខាងមុខ តាមរយៈ​ក្រុមហ៊ុន​ខាងលើនេះ​មែន នោះ​គឺជា​ទីផ្សារ​ថ្មី​របស់​កម្ពុជា ប៉ុន្តែ​ក៏​ស្ថិតក្នុង​បរិមាណ​តិចតួច​នៅឡើយ​។ ត្រង់ចំណុច​នេះ លោក ហ៊ុន ឡាក់ មានប្រសាសន៍ថា កម្ពុជា​ត្រូវធ្វើ​យ៉ាង​ឲ្យ​អង្ករ​របស់ខ្លួន​អាច​ប្រកួតប្រជែង​តម្លៃ ដើម្បី​អាច​នាំចេញ​បាន​ច្រើន​ទៅ​អាហ្វ្រិក​។ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​បើសិន​យើង​លៃលក​យ៉ាងណា​ឲ្យ​បាន​ប្រកួតប្រជែង​បាន ដឹង​តែមាន​បរិមាណ​គេ​ត្រូវការ​ច្រើន​ហើយ តែបើ​ថ្លៃ​ពេក វា​ក៏​បញ្ហា​ប្រឈម​លើ​បរិមាណ​នេះដែរ​។ ប​ច្ច​ប្បន្ន​អង្ករ​យើង​នៅ​ថ្លៃ​ជាង​ថៃ និង​វៀតណាម​ទៅទៀត​»​។ 
 
​លោក ហ៊ុន ឡាក់ ប្រាប់ទៀតថា​ក្រុមហ៊ុន​លោក​ផ្ទាល់​ព្យាយាម​ប្រកួតប្រជែង​ដើម្បី​អាច​នាំ​អង្ករ​ទៅ​អាហ្វ្រិក​បាន​។ លោក​និយាយ​បែបនេះ​ថា​៖«​ខ្ញុំ​បាន​ជជែក​ជាមួយ​ដៃគូ​ហើយ យើង​ត្រូវ​រក​មធ្យោបាយ​ទម្លាក់​ឲ្យ​អស់ ឲ្យ​មានការ​ប្រកួតប្រជែង​។ យើង​មាន​ទីផ្សារ​អ៊ីចឹង គឺ​យើង​ត្រូវតែ​ខិតខំ​ធ្វើការ​ឲ្យ​មានការ​ប្រកួតប្រជែង​នេះ​ឲ្យ​បាន​»​។ ជាមួយគ្នានេះ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​រូបនេះ លើកឡើងថា កម្ពុជា​ត្រូវតែ​ស្វះ​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែម ខណៈ​ទីផ្សារ​សព្វថ្ងៃ​កំពុងតែ​ចង្អៀត ដោយសារតែ​បញ្ហា​តម្លៃ​ជាដើម​។​
 
​គួរបញ្ជាក់​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​អង្ករ​ជាង ៤៥​ម៉ឺន​តោន ដែល​កើន​ជាង​៥​ភាគរយ ទៅកាន់ ៥៥​ប្រទេស ដោយ​ក្រុមហ៊ុន​ចំនួន​៨២ ៕

Tag:
 អង្ករ​
  ហ៊ុន ឡាក់​
© រក្សាសិទ្ធិដោយ thmeythmey.com