គណៈកម្មការអឺរ៉ុប ទំនងជាមិនផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងតែអាវុធ (EBA) ពីកម្ពុជានោះទេ ដោយអាចនឹងផ្តាច់ផ្នែកខ្លះ ហើយទុកឲ្យខ្លះ។ វា មានន័យថា កម្ពុជា នឹងត្រូវបង់ពន្ធខ្លះ ក្នុងការនាំទំនិញចេញទៅទីផ្សារអឺរ៉ុប តែមិនមែនបង់ទាំងស្រុងឡើយ។
ឯកសារមួយ ចុះនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាសំណើរបស់លោក Danilo Oscar Lancini សមាជិកសភាអឺរ៉ុបម្នាក់ បានសរសេរយ៉ាងដូច្នេះថា៖«...បន្ទាប់ពីពិចារណាលើលទ្ធផលដែលបានមកពីការស៊ើបអង្កេត គណៈកម្មការអឺរ៉ុប បានសម្រេចថា នឹងដកការអនុគ្រោះពន្ធលើការនាំចូលទំនិញមួយចំនួន ពីកម្ពុជា...»។
យ៉ាងណា លោក Danilo Oscar Lancini ដែលតំណាងឲ្យសមាជិកសភាអឺរ៉ុបមួយក្រុម ពុំបានបញ្ជាក់ឲ្យច្បាស់ក្នុងសំណើរបស់លោកឡើយថា គណៈកម្មការអឺរ៉ុប នឹងផ្តាច់ EBA ពីកម្ពុជា ប៉ុន្មានភាគរយ ហើយនឹងផ្តាច់ទៅលើវិស័យអ្វីខ្លះ។
នៅឆ្នាំ២០១៩ សហភាពអឺរ៉ុប បានសម្រេចឲ្យកម្ពុជា បង់ពន្ធក្នុងការនាំចូលអង្ករ តែការបង់ពន្ធនោះ មិនពាក់ព័ន្ធនឹងការផ្តាច់ EBA ទេ គឺដោយសារតែមានការស្នើសុំពីប្រទេសមួយចំនួន ជាសមាជិកសហភាពអឺរ៉ុប។
ក្រោយឆ្លងកាត់ការស៊ើបអង្កេតនិងការពិចារណាអស់១ឆ្នាំរួចមក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈកម្មការអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចុងក្រោយថា ត្រូវព្យួរ EBA ពីកម្ពុជា ឬមិនព្យួរ ហើយបើព្យួរ គឺព្យួរក្នុងកម្រិតណា។ ជានីតិវិធី បើ គណៈកម្មការអឺរ៉ុប ពិតជាព្យួរមែន រយៈពេល៦ខែក្រោយ ទើបការសម្រេចនោះ ចូលជាធរមាន ដែលមានន័យថា សហភាពអឺរ៉ុប នឹងចាប់ផ្តើមយកពន្ធលើការនាំចូលទំនិញពីកម្ពុជា នៅខែសីហា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្ត្រីមន្ត្រី ហ៊ុន សែន ប្រកាសជំហរដដែលថា មិនស្នើសុំឲ្យសហភាពអឺរ៉ុប បន្តផ្តល់ EBA ដល់កម្ពុជានោះទេ។ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ នាព្រឹកថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ព្យួរ EBA ឬមិនព្យួរ គឺជាសិទ្ធិរបស់សហភាពអឺរ៉ុប។
យ៉ាងណា ប្រមុខរដ្ឋាភិបាល ចាត់ទុកថាជារឿងងល្អសម្រាប់កម្ពុជា បើសហភាពមិនព្យួរ EBA តែបើព្យួរ កម្ពុជា នឹងប្រឹងរស់ ដោយដកដង្ហើមខ្លួនឯង។ លើសពីនេះ ប្រមុខរដ្ឋាភិបាល លើកទឹកចិត្តប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី កុំឲ្យតក់ស្លុតនឹងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប។
ទោះមិនទាន់ចេញលទ្ធផលថា សេដ្ឋកិច្ចកម្ពុជា នឹងប៉ះពាល់លើផ្អែកអ្វីខ្លាំងជាងគេ តែមជ្ឈដ្ឋានខ្លះយល់ថា វិស័យកាត់ដេរ អាចនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រកាសថា នៅចុងខែកុម្ភៈ និងនៅខែមីនា ឆ្នាំ២០២០ រោងចក្រមួយចំនួន នឹងត្រូវបិទទ្វាររយៈពេល១ខែពេញ ឬឈានដល់២ខែ។
សមាគមរោងចក្រ លើកមូលហេតុថា ការបិទទ្វារនេះ គឺដោយសារតែរោងចក្រទាំងនោះ អស់វត្ថុធាតុដើម ដែលនាំចូលពីចិន មិនមែនមកពីការផ្តាច់ EBA នោះទេ។ សមាគមរោងចក្រ បន្តថា ដោយសារការរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី ទើបរោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន សម្រេចផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ទៅបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
គេ នៅបារម្ភរឿងមួយ គឺការព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិក។ កន្លងមក សមាជិករដ្ឋសភាអាមេរិកមួយចំនួន ធ្លាប់ធ្វើច្បាប់ ដើម្បីជំរុញឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល ត្រាំ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ពីកម្ពុជា។ តែមកដល់ពេលនេះ ច្បាប់នោះ មិនទាន់ចូលជាធរមាននោះទេ៕