អាមេរិក​នឹង​ផ្តល់​ថវិកា​ជាង​៥០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ជួយ​វិស័យ​ចំនួន​៤
ជាតិ
សេដ្ឋកិច្ច
អាមេរិក​នឹង​ផ្តល់​ថវិកា​ជាង​៥០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ជួយ​វិស័យ​ចំនួន​៤
26, Jun 2020 , 10:59 pm        
រូបភាព
លោក W. Patrik Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (រូបកណ្តាល)
លោក W. Patrik Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (រូបកណ្តាល)
ភ្នំពេញ​៖ សហរដ្ឋអាមេរិក នឹង​ផ្តល់​ហិរញ្ញប្បទាន​៥៦​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​វិស័យ​ចំនួន​៤ នៅ​កម្ពុជា​។ ហិរញ្ញប្បទាន​នេះ គឺជា​ជំនួយឥតសំណង​ដែល​រដ្ឋាភិបាល​អាមេរិក បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៥​មិថុនា ឆ្នាំ​២០២០ លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម ស្តីពី​ហិរញ្ញប្បទាន​សហ​ប្រតិកម្ម​ការអភិវឌ្ឍ​សម្រាប់​ឆ្នាំសារពើពន្ធ​២០១៩​កន្លងមក​។

 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​ស្តីពី​កិច្ចព្រមព្រៀង​ខាងលើ ថវិកា​ដែល​អាមេរិក​ផ្តល់​កម្ពុ​ជាជាង​៥០​លាន​ដុ​លា្ល​រ​នោះ មាន​៣៨​លាន​ដុល្លារ​គឺ​សម្រាប់​អភិវឌ្ឍ​វិស័យ​សុខាភិបាល និង​១៨​លាន​ដុល្លារ​សម្រាប់​គាំទ្រ​លើ​វិស័យ​អប់រំ កសិកម្ម និង​បរិស្ថាន ដែល​អនុវត្ត​ទៅតាម​គម្រោង​នានា នៅ​កម្ពុជា​។  សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​បញ្ជាក់ថា ថវិកា​ទាំងនេះ​នឹង​ផ្តល់ឱ្យ​កម្ពុជា​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID)​។​
 
​លោក ជិន ប៊ុនស៊ាន អនុប្រធាន​ក្រុម​ប​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) មានប្រសាសន៍ថា  ការបន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ទ្វេភាគី​នេះ គឺជា​សសរស្តម្ភ​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់ និង​ព​ង្រឹ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា និង​អាមេរិក​។ 
​ជាមួយគ្នានេះ​លោក W. Patrik Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏​បញ្ជាក់ថា សហរដ្ឋអាមេរិក ប្តេជ្ញា​បន្ត​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា ក្នុងការ​សម្រេចចិត្ត​ឱ្យបាន​នូវ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​មួយ​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​សមធម៌​។ 


 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​សរសេរ​រៀបរាប់​បន្តថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងសុខាភិបាល ការគាំទ្រ​របស់​សហរ​ដ្ឋ​អាមេរិក​នេះ នឹង​បន្ត​រួមចំណែក​កាត់បន្ថយ​អត្រា​មរណៈភាព​មាតា និង​ទារក​ក្រោម​អាយុ​៥​ឆ្នាំ ក៏ដូចជា​ការផ្តល់​ការគាំទ្រ​លើ​កម្មវិធី​នានា​ក្នុងការ​កាត់បន្ថយ​ជំងឺ​ក្រិន និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​របស់​កុមារ និង​ស្ត្រី​។ ក្រៅពី​ជួយ​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់ នៅ​កម្ពុជា​ផងដែរ​។ 
 
​ចំពោះ​វិស័យ​អប់រំ​វិញ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទីភ្នាក់ងារ​USAID នឹង​បន្ត​គាំទ្រ​កិច្ចខិតខំ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ការអាន​របស់​កុមារ​។ ការកាត់បន្ថយ​អត្រា​បោះបង់ចោល​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​បំពាក់​បំប៉នបន្ថែម​ដល់​ប្រជាជន​កម្ពុជា ក្នុងការ​ឈានចូល​ទៅក្នុង​ទីផ្សារពលកម្ម​។ 
 
​សម្រាប់​ភាពជា​ដៃគូ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ វិញ  ទីភ្នាក់ងារ​USAID​នឹង​ផ្តល់​ការគាំទ្រ​លើ​កម្មវិធី​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ការផលិត​គ្រប់​ពូជ​សំខាន់ៗ និង​អាហា​រូប​ត្ត​ម្ភ​ក្នុង​សហគមន៍​ជនបទ​។​
 
​ទន្ទឹមនឹង​គ្នា​នេះ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងបរិស្ថាន កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​នេះ នឹង​គាំទ្រ​កម្មវិធី​បរិស្ថាន​ក្នុងការ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាជន ក៏​ដូ​ជា​តំបន់​ទេសភាព​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ និង​បាន​ជួយ​កម្ពុជា សម្រេចបាន​តាម​ការប្តេជ្ញា​ក្នុង​ក្រម​ខណ្ឌ​អន្តរជាតិ​របស់ខ្លួន ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជាពិសេស​ដែល​បណ្តាលមកពី​ការបាត់បង់ និង​រេច​រិល​ព្រៃឈើ​។ 


 លោក ជិន ប៊ុនស៊ាន អនុប្រធានក្រុមបប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)

​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៦ មកដល់​ថ្ងៃទី​២៥​មិថុនា ឆ្នាំ​២០២០ អាមេរិក​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វិស័យ​អទិភាព​ទាំង​៤​ខាងលើនេះ មាន​ចំនួន​សរុប​២៥៣​លាន​ដុល្លារ​។ បន្ថែម​លើសពីនេះ រដ្ឋាភិបាល​អាមេរិក ក៏បានផ្តល់​ការគាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​បានធ្វើការ​ផ្តោតលើ​សិទ្ធមនុស្ស​, ការប្រឆាំង​ការជួញដូរ​មនុស្ស និង​គណនេយ្យភាព និង​តម្លាភាព​សង្គម​ផងដែរ​។ 
 
​ដោយឡែក គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០២០​មក អាមេរិក បានផ្តល់​ថវិកា​ឥត​សំណង​ប្រមាណ​១១​លាន​ដុល្លារ ដែល​គាំទ្រ​ដល់​ផែនការ​ឆ្លើយតប​បន្ទាន់​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​កម្ពុ​ជា​។ សរុបមក គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៤ មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​អាមេរិក​បានផ្តល់​ការគាំទ្រ​ដល់​កម្ពុ​ជាជាង ១,០០០​លាន​ដុល្លារ​៕ 
 

Tag:
 ហិរញ្ញប្បទាន​
  កសិកម្ម​
  សុខាភិបាល​
  អប់រំ​
  បរិស្ថាន​
  W. Patrik Murphy
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម