កសិដ្ឋាន​ធំៗ​កាប់​ដើម​កៅស៊ូ​ដាំ​ដើម​ចេក និង​ដំណាំ​ផ្សេង​តម្រង់​ទៅ​ទីផ្សារ​ចិន​
ជាតិ
សេដ្ឋកិច្ច
កសិដ្ឋាន​ធំៗ​កាប់​ដើម​កៅស៊ូ​ដាំ​ដើម​ចេក និង​ដំណាំ​ផ្សេង​តម្រង់​ទៅ​ទីផ្សារ​ចិន​
30, Jul 2020 , 7:59 pm        
រូបភាព
កម្មករ​ធ្វើការ​ក្នុង​ចម្ការ​ចេក​​ ប្រមូល​ និងដឹក​ទិន្នផល​ចេក​ ទៅ​រោងចក្រ​វេច​ខ្ចប់​ផលិតផល​ចេក​ នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុង​​ស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)
កម្មករ​ធ្វើការ​ក្នុង​ចម្ការ​ចេក​​ ប្រមូល​ និងដឹក​ទិន្នផល​ចេក​ ទៅ​រោងចក្រ​វេច​ខ្ចប់​ផលិតផល​ចេក​ នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុង​​ស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)
ដោយ: VOA
​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ៖ ជិះ​ម៉ូតូ​តាមផ្លូវ​ដែល​ក្រាល​គ្រប​ដោយ​ដីក្រហម ចន្លោះ​ចម្ការចេក​មួយកន្លែង​ដែល​ផុស​ត្រដែត​ឡើង​នៅ​ចំ​កណ្ដាល​ចម្ការកៅស៊ូ​ដ៏​ធំ​ល្វឹងល្វើយ​ព័ទ្ធជុំវិញ លោក ឈិន ជឺ​ឆែង (Chen Zhiqang) ជា​អ្នកវិនិយោគ​ចិន​កំពុង​មមាញឹក​ជិះ​ម៉ូតូ​ត្រួតពិនិត្យ​ការងារ​របស់​ក្រុមកម្មករ​ជនជាតិខ្មែរ​ប្រមាណ ៣៤០ នាក់​។​

 
​ក្នុង​ចម្ការចេក​មួយកន្លែង​នេះ ដែល​ស្ថិត​ក្នុងស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ លោក Chen Zhiqang កំពុង​បណ្ដាក់ទុន​ដាំ​ដើម​ចេក​លើ​ផ្ទៃដី ២០០ ហិកតា​ជាមួយ​លោក​ឧកញ៉ា អាន ម៉ា​ឌី អ្នកវិនិយោគ​ដ៏​ធំ​ខាង​វិស័យ​កសិកម្ម​។​
 
​ដើម​ចេក​ដែល​ដាំ​នេះ​ជា​ប្រភេទ​ចេកអំបូង​លឿង និង​ត្រូវបាន​នាំ​ពូជ​ពី​ប្រទេស​ចិន​មក​ដាំ​នៅទីនេះ​។ នេះ​បើតាម​លោក Chen Zhiqang​។ លោក​ថ្លែងប្រាប់ VOA នៅ​ចម្ការចេក​របស់លោក​កាលពីពេល​ថ្មីៗ​ថា​៖ «​ចិន​បច្ចុប្បន្ន ដំណាំ​ចេក​ខ្វះខាត​ច្រើន ហើយ​ប្រជាជន​ចិន​ចូលចិត្ត​ហូប​ផ្លែ​ចេក​។ ដល់​អ៊ីចឹងទៅ ខ្ញុំ​ត្រូវការ​មក​ស្រុក​ក្រៅ​ដូចជា​កម្ពុជា ឬ​ប្រទេស​ផ្សេង​ដើម្បី​រក​ចម្ការ​មក​ផលិត​ចេក​នាំទៅ​ប្រទេស​ចិន​ដើម្បី​ផ្គត់ផ្គង់​ប្រជាជន​របស់ខ្ញុំ​»​។​
 
 
​ចេកអំបូង​ជា​ប្រភេទ​ទំនិញ​ដែល​ត្រូវបាន​ចុះ​ពិធីសារ​ទទួលបាន​ការ​អនុញ្ញាតឱ្យ​នាំ​ពី​កម្ពុជា​ចូលទៅ​កាន់​ប្រទេស​ចិន​ដែលជា​ទីផ្សារ​ធំ​មាន​ប្រជាជន​១.៣០០​លាន​នាក់​។ ចាប់តាំងពី​ការចុះ​ពិធីសារ​កាលពី​ឆ្នាំ​២០១៩​មក​វិនិយោគិន​ធំៗ​មកពី​ចិនដីគោក​ដូចជា​លោក Chen Zhiqang កំពុង​សហការ​ជាមួយ​ដៃគូ​កម្ពុជា​ដើម្បី​ដាំ​ដំណាំ​ចេក​ក្នុង​ទ្រង់ទ្រាយ​ធំ​នាំ​ចេញទៅ​ប្រទេស​ចិន​។​
 
​លោក Chen Zhiqang បាន​ប្រាប់ VOA ក្នុង​បទសម្ភាសន៍​មួយ​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ទំនាក់ទំនង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចិន​គឺ​ល្អ តាំងពី​ជំនាន់​ស្តេច​សីហនុ​មក ក្រោយមក យើង​ក៏បាន​ចុះហត្ថលេខា​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​ដល់​អ៊ីចឹងទៅ​រឹតបន្តឹង​មិត្តភាព​បន្ថែម​។ ដល់​អ៊ីចឹងទៅ ខ្ញុំ​ជ្រើសរើស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​»​។​
 
​ដី​ដាំចេក​នេះ​ស្ថិតក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជិត ៤ ពាន់​ហិកតា ដែល​រដ្ឋាភិបាល​បានផ្ដល់​ឲ្យ​ក្រុមហ៊ុន​លោក អាន ម៉ា​ឌី ដើម្បី​ដាំ​កៅស៊ូ​។ ក្រុមហ៊ុន​បាន​ឆ្វៀល​ដី​កៅស៊ូ​ប្រមាណ ២០០ ហិកតា​រហូតមកដល់​ពេលនេះ​ដើម្បី​យក​ដី​ដាំ​ដើម​ចេក​។​
 
​នៅលើ​ផ្ទៃដី​ដាំ​ដុះ​សព្វថ្ងៃនេះ លោក Chen Zhiqang បានឱ្យដឹងថា លោក​អាច​នាំចេញ​ចេក​ប្រមាណ ១២.០០០​តោន​ក្នុង​មួយឆ្នាំៗ​។​


លោក Chen Zhiqang ជា​អ្នក​វិនិយោគ​ជនជាតិ​ចិន​ នៅ​ក្នុង​ចម្ការ​ចេក​មួយ​ក្នុង​ ​ស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ កាលពីថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន​/វីអូអេ)
 
​វិនិយោគិន​ចិន​នេះ ដែល​មក​រស់នៅ​កម្ពុ​ជាជាង​៣​ឆ្នាំ​មកហើយ និង​មកពី​ទីក្រុង​ប៉េកាំង បានឱ្យដឹងថា​៖ «​បើសិន​គម្រោង​ដំបូង​បាន​ជោគជ័យ ខ្ញុំ​នឹង​ពង្រីក​ដល់​២​ពាន់​ហិកតា ហើយ​អាច​ជួល​កម្មករ​ប្រមាណ​៤​ពាន់​នាក់​»​។​
 
​នោះ​មាន​អត្ថន័យ​ថា កៅស៊ូ​ដែល​នៅក្បែរនោះ​នឹងត្រូវ​បានកា​ប់រាន​ដើម្បី​យក​ដី​ដាំចេក​បន្ថែមទៀត​។​
 
​លោក អាន ម៉ា​ឌី បដិសេធ​មិន​អត្ថាធិប្បាយ​ភ្លាមៗ​ទេ ពេល​ទាក់ទង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ​។​
 
​ការផ្ទេរ​ដី​ដាំ​ដុះ​កៅស៊ូ​មក​បម្រើឱ្យ​ការដាំដុះ​ដំណាំ​ចេក​នេះ​វិញ​ជា​និន្នាការ​ថ្មី​មួយ​សម្រាប់​ចម្ការ​កសិដ្ឋាន​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម នា​តំបន់​ខ្ពង់រាប​ប្រទេស​កម្ពុជា​ជាប់​ដង​ទន្លេមេគង្គ​។ នេះ​បើ​យោងតាម​លោក ប៉ុល សុ​ផា អ្នកនាំពាក្យ​ក្រសួងកសិកម្ម និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ​។​
 
«​យើង​មិនអាច​រឹងត្អឹង​ថា ត្រូវតែ​ដាំ​កៅស៊ូ​នោះទេ​។ យើង​ត្រូវ​មើល​ពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ទីផ្សារ​ផងដែរ​ព្រោះ​អ្វីមួយ​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង វា​ត្រូវតែ​រត់​ទៅតាម​ហ្នឹងហើយ​»​។​
 
​កសិផល​ដែល​ដាំ​នៅ​ប្រទេស​កម្ពុជា​នឹង​នាំចេញ​កាន់តែច្រើន​ទៅ​ប្រទេស​ចិន​។ នេះ​ជាការ​រំពឹង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្រោយ​កម្ពុជា​និង​ចិន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នា​ខែសីហា​ខាងមុខ ដែល​ក្រុមមន្ត្រី​លើកឡើងថា  ជាការ​បើកផ្លូវ​ឲ្យ​កម្ពុជា​នាំ​ផលិតផល​កសិកម្ម​ចេញទៅ​ប្រទេស​ចិន ដែល​ចិន​បានស្នើ​កម្ពុជា​បង្កើត​សួន​កសិឧស្សាហកម្ម ដើម្បី​កែច្នៃ​កសិផល​។ ក្រុមហ៊ុន​ដាំ​ដុះ​ចេក​របស់លោក Chen Zhiqang ស្ថិតក្នុង​ចំណោម ក្រុមហ៊ុន​ចំនួន​១៥​នៅ​កម្ពុជា​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​នាំ​ចេក​ទៅ​លក់​នៅ​ទីផ្សារ​ចិន​។ ក្រុមហ៊ុន​ទាំងនេះ​ប្រើប្រាស់​ផ្ទៃដី​ដាំ​ដុះ​ចេក​សរុប​៨​ពាន់​ហិកតា និង​រោងចក្រ​កែច្នៃ​វេច​ខ្ចប់​ចំនួន​២៣​។ នេះ​បើ​យោងតាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ​។​
 
​ក្រសួងកសិកម្ម​កម្ពុជា​ឱ្យដឹងថា ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​នេះ កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​បាន​១៤​ម៉ឺន​តោន​ទៅកាន់​ប្រទេស​ចិន គិត​ជា​ទឹកប្រាក់​ប្រមាណ​៦៨​លាន​ដុល្លារ​។​


កម្មករ​ធ្វើការ​ក្នុង​ចម្ការ​ចេក ប្រមូល​ និងដឹក​ទិន្នផល​ចេក​ ទៅ​រោងចក្រ​វេច​ខ្ចប់​ផលិតផល​ចេក​ នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុងស្រុក​អូររាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)


កម្មករ​វេច​ខ្ចប់​ផលិតផល​ចេក​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុង​រោងចក្រមួយ​ ក្នុងស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)
 
​បង្កើត​ការងារ​និង​ចំណូល​នៅ​តំបន់​ខ្ពង់រាប​
 
​អ្នកស្រី ឈិន អែម កម្មករ​នៅ​ក្រុមហ៊ុន​ចម្ការចេក​អាន ម៉ា​ឌី មានប្រសាសន៍ថា អ្នកស្រី​ស្វាមី និង​ប្អូនជីដូនមួយ​ចំនួន​ពីរ​នាក់ ទើបតែ​មក​ធ្វើការ​នៅ​ចម្ការចេក​នេះ បាន​ប្រហែល​ជាង​កន្លះ​ខែ ធ្វើជា​អ្នក​កាត់​ស្មៅ មើលថែ​ចេក ច្រក​ផ្លែ​ចេក ដោយ​ទទួលបាន​ប្រាក់ខែ​២១០​ដុល្លារ​ក្នុង​មួយខែ​។​
 
​ស្ត្រី​វ័យ​៤៨​ឆ្នាំ​រូបនេះ​បន្តថា កសិដ្ឋាន​ចេក​នៅទីនេះ នាំ​ឲ្យ​អ្នកស្រី​និង​ស្វាមី មានការ​ងារ​ធ្វើ និង​អាច​រកចំណូលបាន​។ បើ​មិន​ដូច្នេះ​ទេ អ្នកស្រី​ត្រូវធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង និង​អាច​ធ្វើជា​កម្មករសំណង់​។​
 
​អ្នកស្រី​ដែលមាន​កូន​២​នាក់​មានប្រសាសន៍ថា​៖ «​កូន​ខ្មែរ​រឹតតែ​មានការ​ងារ​ធ្វើ​»​។​
 
​អ្នកស្រី​បន្ថែមថា​៖ «​វា​[​ប្រាក់ខែ​]​សមរម្យ​ដែរ​។ មិន​ថោក​មិន​ថ្លៃ​… សមល្មម​»​។​
 
​ប្រសិនបើ​ផ្លែ​ចេក​មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​បន្ថែមទៀត អ្នកស្រី​មានប្រសាសន៍ថា ប្រជាជន​ខ្មែរ​នឹងមាន​ការងារ​ធ្វើ​ច្រើន ដូចជា​ការងារ​ធ្វើ​នៅ​ចម្ការចេក​នេះ​។ 
 
«​រីកចម្រើន​ខ្មែរ​ដែរ ព្រោះ​យើង​មានការ​ងារ​ធ្វើ​»​។​
 
​យ៉ាងណាក៏ដោយ​កម្មករ​លើកឡើងថា ការងារ​នៅ​ចម្ការចេក​ធំៗ​បែបនេះ​ជា​ប្រភេទ​ការងារ​ដែល​ធ្វើការ​ដោយ​មិនមាន​កិច្ចសន្យា និង​ងាយ​រង​ការបណ្ដេញចេញ បើសិនជា​ថៅកែ​មិន​ពេញចិត្ត​។​
 
​លោក ម៉េ​ត ម៉ាលី​គី អាយុ​៣៣​ឆ្នាំ​ជា​កម្មករ​មួយរូប​ក្នុង​កសិដ្ឋាន​របស់លោក Chen Zhiqang បាន​និយាយថា ការធ្វើការ​ក្នុង​កសិដ្ឋាន​ចេក​ដែល​ផុស​កណ្ដាល​ចម្ការកៅស៊ូ​នេះ​មិនមាន​ការចុះ​កិច្ចសន្យាការងា​រ​អ្វី​ឡើយ ហើយ​ក្រុមកម្មករ​ត្រូវគោរព​ការបញ្ជា​បង្គាប់​របស់​មេ​ការ និង​ម្ចាស់​កសិដ្ឋាន​ជាដាច់ខាត ជាពិសេស​ពេល​តម្រូវឱ្យ​ធ្វើការ​ថែម​ម៉ោង មិនអាច​ប្រកែក​ឡើយ​។​
 
«​ជួនកាល​គេ​បង្ខំ​យើង​។ អ្នក​ដែល​មិន​ថែម គេ​ដកចេញ​។ គេ​អត់ឱ្យ​ធ្វើការ​ទេ​។ គេ​ដក​យើង អត់ឱ្យ​យើង​ធ្វើការ​តែម្ដង …​ឈប់​លែង​បានធ្វើ​នៅ​ចម្ការ​ហ្នឹង​តែម្ដង​។ បើសិនជា​យើង​ថា មិន​ធ្វើតាម​គេ​កំណត់ឱ្យ​យើង​ធ្វើ យើង​មិន​ធ្វើ គេ​បិទ​។ ហើយ​បើ​យើង​ប្រឆាំង​ជាមួយ​គេ គេ​ដក​យើង​ចេញ​»​។​


អ្នកស្រី ឈិន អែម​ អាយុ​៤៨ឆ្នាំ កម្មករ​នៅ​ក្រុមហ៊ុន​ចម្ការ​ចេក​អានម៉ាឌី ​ក្នុង​ស្រុក​អូររាំង​ឪ​ ខេត្ត​ត្បូង​ឃ្មុំ កាលពីថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)


លោក​ មេ៉ត ម៉ាលីគី​ វ័យ​៣៣ឆ្នាំ​ ជា​កម្មករ​ចម្ការ​ចេក​ ក្នុង​ស្រុកអូរ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ កាលពីថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ហ៊ាន សុជាតា​/វីអូអេ)
 
​ចុះ​កសិដ្ឋាន​គ្រួសារ​ខ្នាតតូច​?
 
​នៅឯ​ម្ខាង​ទៀត​នៃ​ទន្លេមេគង្គ ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ជា​ចម្ការ​របស់​ក្រុមហ៊ុន ឡុង ស្រេង​។ ដូចគ្នា​នឹង​ក្រុមហ៊ុន អាន ម៉ា​ឌី ដែរ ក្រុមហ៊ុន ឡុង ស្រេង បាន​កាប់​ដើម​កៅស៊ូ​មួយចំនួន​ដែល​ដាំ​ដុះ​អាស្រ័យ​ផល​រាប់សិប​ឆ្នាំ​មកហើយ មក​ដាំ​ដើម​ចេក​វិញ​។​
 
​ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ​ខូ​អិ​ល​ធី​ឌី បាន​បោះទុន​លើដី​ដាំ​កៅស៊ូ​ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​៧.៣០០​ហិកតា​ក្នុង​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​
 
​លោក ហេង ឡុង ម្ចាស់​ក្រុមហ៊ុន ឡុង ស្រេង បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ភ្លាមៗ ពេល​ទាក់ទង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ​។​
 
​កម្មការិនី​ចម្ការចេក​ម្នាក់ កញ្ញា លី​ណា អាយុ​២០​ឆ្នាំ និយាយថា កញ្ញា​មក​ធ្វើការ​នៅ​ក្រុមហ៊ុន ឡុង ស្រេង នេះ​តាំងពី​អាយុ​១៥​ឆ្នាំ ដែល​ដំបូង​ឡើយ​ជា​កម្មករ​ចម្ការកៅស៊ូ រកប្រាក់​កម្រៃ​បាន​ប្រមាណ​៦៦​ម៉ឺន​រៀល​ក្នុង​មួយខែ​។  ប៉ុន្តែ​៣​ឆ្នាំ​ចុង​ក្រោយនេះ  កញ្ញា​បាន​ផ្លាស់​មក​ធ្វើការ​នៅ​ចម្ការចេក​វិញ ដោយ​រក​កម្រៃ​បាន​ប្រមាណ​៩០​ម៉ឺន​រៀល​ក្នុង​មួយខែ​។​
 
​យុវតី​ដែលមាន​បងប្អូន​៦​នាក់​រូបនេះ បាន​ថ្លែងប្រាប់​VOA​ថា​៖ «​ធ្វើការ​នៅ​ហ្នឹង​យូរហើយ  ហើយ​ទៅ​ប្រាក់ខែ​វា​គ្រាន់បើ​ដែរ​។ ណាមួយ​វា​ជិត​ផ្ទះ​...​សំខាន់​ត្រង់​ថា ប្រាក់ខែ​ប៉ុណ្ណឹង អាច​ផ្គត់ផ្គង់​ម៉ាក់​ប៉ា​បាន​»​។​
 
​ការងារ​របស់​កញ្ញា​គឺ​បេះ​ផ្កាចេក ស្រោប​ថង់ ផ្លែ​ចេក និង​ចង​ថង់​ស្រោប​ស្ទង​ចេក​ជាដើម​។  កញ្ញា​ចូលធ្វើការ​ចាប់ពី​ម៉ោង​៧​ព្រឹក និង​ចេញពី​ចម្ការចេក​វិញ​នៅ​ម៉ោង​៥​ល្ងាច ត្រឡប់ទៅផ្ទះ​។​
 
​កញ្ញា​រំឭកថា​កញ្ញា​បានចាប់ផ្តើម​ការងារ​ជា​កម្មករ​នេះ តាំងពី​អាយុ​១៥​ឆ្នាំ  ក្រោយ​មានការ​ណែនាំ​ពី​មិត្តភក្តិ​របស់​កញ្ញា ដែល​ធ្វើការ​នៅ​ទីនោះ​។ កញ្ញា​ដឹងថា ពេលនោះ​ខ្លួន​មិនទាន់​គ្រប់​អាយុ​ធ្វើការ​ពេញ​ម៉ោង​បាន ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត​និង​ចង់​ជួយ​ឪពុកម្តាយ​ទើប​កញ្ញា​ចូលធ្វើការ​នៅ​ក្រុមហ៊ុនចម្ការកៅស៊ូ​។​
 
​កញ្ញា​និយាយថា​៖ «​ព្រោះ​អី​គ្រួសារ​អត់​ធូរធារ​អ៊ីចឹង​»​។​
 
​កម្មការិនី​ចម្ការកៅស៊ូ​របស់​ក្រុមហ៊ុន​ឡុង​ស្រេង​ម្នាក់ទៀត​ដែល​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​ខ្លាច​ប៉ះពាល់​ក្រុមហ៊ុន បាន​លើកឡើងថា អ្នកនាង​បានធ្វើ​នៅ​ក្រុមហ៊ុន​នេះ តាំងពី​ឆ្នាំ​២០១៧​មក​។ អ្នកនាង​បន្តថា ក្រុមហ៊ុន​បាន​កាប់​កៅស៊ូ​មួយចំនួន​ចោល ដោយ​ដាំចេក​វិញ​ដើម្បី​នាំទៅ​ប្រទេស​ចិន​។​
 
​កម្មការិនី​វ័យ​២៥​ឆ្នាំ​រូបនេះ​និយាយថា​៖ «​មាន​ការងារ​ច្រើន​… បង្កើត​ចម្ការ​តា​ង៉ែ​ន​ផង ចម្ការចេក​ផង​។ គេ​កាប់​កៅស៊ូ​ហ្នឹង គេ​ក៏​ដាំចេក​បន្តៗ មាន​ការងារ​ច្រើន មាន​រោងចក្រ​»​។​


កម្មករ​វេច​ខ្ចប់​ផលិតផល​ចេក​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុង​រោងចក្រមួយ​ ក្នុងស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)
 
​អ្នកនាង​ក៏មាន​ចម្ការ​ស្វាយចន្ទី​ខ្លួនឯង​ប្រមាណ​៤​ហិកតា​ផងដែរ​។ ប៉ុន្តែ​អ្នកនាង​យល់ថា មិនអាច​ដាំចេក​បាន​នោះទេ ដោយសារ​ការដាំ​ចេក​នេះ​ត្រូវការ​ដើមទុន​ច្រើន​។ ដូច្នេះ​មានតែ​ធ្វើ​កម្មករ​នៅ​ក្រុមហ៊ុន​កៅស៊ូ ឬ​ចម្ការចេក​តែប៉ុណ្ណោះ​។​
 
​អ្នកនាង​ដែលមាន​កូន​ក្នុងបន្ទុក​ចំនួន​២​នាក់​មានប្រសាសន៍ថា​៖ «​អត់​អាច​ទេ ព្រោះ​ទុន​គេ​ថ្លៃ ទុន​ច្រើន ព្រោះ​យក​កូន​(​ចេក​)​ពី​ប្រទេស​គេ​មក​»​។​
 
​លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការដាំដុះ​ដើម្បី​នាំ​ចេញទៅ​ប្រទេស​ចិន​ត្រូវ​ផ្ដោតទៅលើ​កសិដ្ឋាន​ធំៗ​ជាមុន ដែល​ងាយ​អនុលោម​តាម​ស្ដង់ដារ​គុណភាព និង​អនាម័យ​មុននឹង​រដ្ឋាភិបាល​ពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​ស្ដង់ដារ​នេះ​ជាមួយ​កសិដ្ឋាន​គ្រួសារ​ខ្នាតតូច និង​ប្រមូល​ទិញ​ពី​ប្រជាកសិករ​ទូទៅ​។​
 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ សុភ័ក្ត្រ​ថ្លែងថា​ទំនិញ​ដែល​ចុះ​ពន្ធ​ទៅដល់​សូន្យ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចុះហត្ថលេខា មានដូចជា ម្រេច​ម្ទេស​ក្រៀម ផ្លែឈើ បន្លែ  ត្រី​សាច់ ស្លឹក​ខ្ទឹម គុជ​ខ្យង សត្វ​រស់ ផលិតផល​ធ្វើ​ពី​ត្រី​សាច់  រុក្ខជាតិ ជា​គ្រាប់​ធញ្ញជាតិ កែច្នៃ  គ្រឿង​កំប៉ុង​ជាដើម​។​
 
​លោក ម៉េង សុខុម អាយុ​៥៧​ឆ្នាំ ជា​អ្នក​ដាំ​ទុរេន​ម្នាក់ ក្នុងភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ជាង​២០​ឆ្នាំ​មកហើយ​។ នៅលើ​ដី​ជាង​៤០​ហិកតា  លោក​ដាំ​កៅស៊ូ​ប្រមាណ​៣០​ហិកតា​។ ម្ចាស់​កសិដ្ឋាន​រូបនេះ​ក៏​នឹង​ពិចារណា​ដូចគ្នា​ផងដែរ​ពី​ការកាប់​ដើម​កៅស៊ូ ដើម្បី​ដាំ​ដើម​ចេក​ទៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​មាន​ទីផ្សារ​។​
 
​លោក​ម៉េង សុខុម ថ្លែងប្រាប់​VOA​នៅផ្ទះ​របស់លោក​ថា​៖ «​ធ្វើតាម​ទីផ្សារ​ដែល​គេ​ត្រូវ ការ​....​ត្រូវ​អី​ច្រើន យើង​ធ្វើ​អាហ្នឹង​ទៅ​! បើ​យើង​មិន​អភិវឌ្ឍ​ខ្លួន​តាម​ហ្នឹង​ទេ ងាប់​ហើយ​»​។​
 
​ក្រុមហ៊ុន​ចិន​និង​កូរ៉េខាងត្បូង​បានមក​សួរ​លោក​ជា​បន្តបន្ទាប់​ក្នុង​ការបញ្ជាទិញ​ទុរេន​ច្រើន​តោន​តែ​លោ​កថា ផ្លែ​ទុរេន​របស់លោក​មិន​គ្រប់​នោះទេ  ហើយ​ប្រជាពលរដ្ឋ​ចង់​លក់​ផ្លែ​ទុរេន ដោយ​ខ្លួនឯង​ពីព្រោះ​ពួកគេ​មាន​ទីផ្សារ​រៀងៗ​ខ្លួន​។ នេះ​បើ​យោងតាម​លោក​ម៉េង សុខុម​។​
 
«​អាហ្នឹង​និយាយ​ទៅ​ឲ្យ​តែមាន​ទីផ្សារ​ពិតប្រាកដ  អ្នកចម្ការ​គេ​ទុកចិត្ត​ហើយ​…​ខ្លាច​តែ​ថា ពេល​បាន​មកហើយ ….​ឲ្យ​តែ​អ្នក​កុងត្រា​មាន​លុយ បង់​អី​ឲ្យ​គ្នា​ទៅ​គ្នា​ចេះតែ​ទុកចិត្ត​ប្រឹង​ធ្វើ​ហើយ​។ ខ្លាច​តែ​ថា​លេង​ចេះតែ​ថា​… ថា​តែ​មាត់ ដល់ពេល​ផ្លែ បាត់អស់​។ អាហ្នឹង​ចប់​ហើយ​»​។​
 
​លោក ម៉េង សុខុម ឲ្យ​ដឹងថា តម្រូវការ​ទុរេន មិនទាន់​គ្រប់​នៅឡើយ​ទេ​ក្នុងស្រុក​ហើយ​សព្វថ្ងៃ​មានការ​នាំចូល​ពី​ប្រទេស​ថៃ​និង​វៀតណាម​។  លោក​បន្តថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការដាំ​ចម្ការ​ធំៗ នឹង​អាចបង្កើត​ការងារ​ដល់​ប្រជាជន​នៅទីនេះ  ប៉ុន្តែ​លោក​ក៏​បារម្ភ​អំពី​ផលប៉ះពាល់​ទីផ្សារ​របស់​កសិករ​តូចតាច​ផងដែរ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​វិនិយោគៗ​ចុះ ! គ្រាន់តែ​ឲ្យ​អា​ទីផ្សារ​គ្នា​តូចតាច​នេះ ឲ្យ​រស់​ផង​! ចង់​និយាយថា ធ្វើ​ម៉េច​ឲ្យ​វា​មក​យក​របស់​យើង​ផង អី​ផង​ទៅ​!​កុំ​ឲ្យ​តែ​គេ​យក​របស់គេ ថា របស់​យើង​ខូច​… ខុស​នេះ​ខុស​នោះ ក៏​មិនកើត​ដែរ​»​។​


លោក ម៉េង សុខុម អាយុ​៥៧​ឆ្នាំ ជា​អ្នក​ដាំ​ទុរេន​ម្នាក់ ​ក្នុងភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម កាលពីថ្ងៃ​ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន​/វីអូអេ)
 
​លោក​បណ្ឌិត យ៉ង សាំង​កុមារ អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជំរុញ​ឲ្យ​មានការ​គិតគូរ​ដល់ក​សិ​ករ​តូចៗ​ដែល​ចង់​ដាំចេក​ដែរ  តាមរយៈ​ការបណ្ដុះបណ្ដាល​ដំឡើង​ស្ដង់ដារ​ផលិតកម្ម និង​ការធានា​ទីផ្សារ​សម្រាប់​ពួកគេ​។​
 
​លោក យ៉ង សាំង​កុមារ បន្តថា​ចម្ការចេក​ស្ថិតនៅ​តំបន់​ខ្ពង់រាប ហើយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​នឹង​សារ​ធាតុគីមី​ដែល​អាច​ប៉ះពាល់​ប្រជាជន និង​បរិស្ថាន​។​
 
«​អ៊ីចឹង​វា​ត្រូវ​ហូរ​ចូល​តំបន់​ណាមួយ​ហើយ អ៊ីចឹង​ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ប៉ះពាល់​ដល់​ត្រី​ប៉ះពាល់​ដល់​សត្វ ប៉ះពាល់​ដល់​មនុ​ស្សទាំង​មូល​»​។​
 
​អ្នកនយោបាយ​ដែលមាន​ជំនាញ​ខាង​សេដ្ឋកិច្ច​កសិកម្ម​រូបនេះ បាន​លើកឡើងថា កម្ពុជា​ត្រូវ​មើល​សក្តានុពល​នៃ​ផលិតផល​អ្វីដែល​នាំ​ចេញទៅ​ប្រទេស​ចិន​បាន​នៅពេល​នេះហើយ​ផលិតផល​ទាំងនោះ​មាន​ច្រើន ដូចជា​អង្ករ ស្វាយចន្ទី និង​ដំឡូង​មី​ជាដើម​។​
 
«​តែ​សំខាន់​លើ​យើង​ទេ ថា​យើង​ខ្លួន​យើង​មាន​ស្អី ដែល​យើង​គិតថា ទាមទារ​ឲ្យ​យើង​នាំចូល​ស្រុក​គេ​ដោយ​សេរី​។ អាហ្នឹង​មាន​ឬ​នៅ​ឬ​គ្រាន់តែ​ជា​ផែនការ​ទេ​?»
 
​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ  មន្ត្រី​កម្ពុជា​បាន​លើកឡើងថា​ខ្លួន​រំពឹងថា នឹង​អាច​ស្វះ​ស្វែងរក​ការវិនិយោគ​បន្ថែម​មកលើ​វិស័យ​កសិកម្ម និង​ជំរុញ​ការផលិត​ក្នុង​វិស័យនេះ​ឆ្ពោះ​តម្រង់​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​។​
 
​លោក Chen Zhiqang ជា​អ្នកវិនិយោគ​ម្នាក់​ធ្វើ​ចម្ការចេក​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាន ម៉ា​ឌី លើកឡើងថា កម្ពុជា​អាច​នាំ​ចេក ស្វាយ ទុរេន និង​ផ្លែឈើ​ផ្សេងទៀត​ចេញ ទៅ​ប្រទេស​ចិន​បន្ថែម នៅពេល​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ហើយ​។​
 
​អ្នកវិនិយោគ​ជនជាតិ​ចិន​រូបនោះ​មានប្រសាសន៍ថា​៖ «​ថ្ងៃក្រោយ​បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចុះហត្ថលេខា​ហើយ​គឺ​ច្បាស់​ជាមាន​របស់​ជាច្រើន​នាំចូល​ពី​ប្រទេស​កម្ពុជា  ព្រោះ​អី​ទំនាក់ទំនង​ចិន​ជាមួយ​កម្ពុជា​ល្អ​។ អ៊ីចឹង​ចិន​ក៏​ចង់​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន អភិវឌ្ឍ​ទៅមុខ​»​។​
 
​ខណៈដែល​លោក​និយាយ​បណ្ដើរ និង​បង្ហាញ​ដំណាក់កាល​នៃ​ការកែច្នៃ​វេច​ខ្ចប់​ចេក​ក្នុង​រោងចក្រ​បណ្ដើរ កម្មករ​របស់លោក​កំពុង​មមាញឹក​លាង​ចេក​ទាំង​ស្ទងៗ​ក្នុង​ទឹក និង​រើសយក​ផ្លែ​ចេក​ដែល​ល្អ​បំផុត រៀប​ដាក់​ក្នុង​កេស​ក្រដាស ត្រៀម​សម្រាប់​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​ចិន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com